ជាតិ
សង្គមជាតិ
NGO ស្នើឲ្យរដ្ឋមន្ត្រីកសិកម្ម ស៊ើបអង្កេតមន្ត្រីថ្នាក់ក្រោម ដើម្បីទប់ស្កាត់បទល្មើស ឱ្យមានប្រសិទ្ធភាព
28, Nov 2022 , 4:39 pm        
រូបភាព
លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជាCYN(ខាងឆ្វេង)និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជាCYN(ខាងឆ្វេង)និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ភ្នំពេញ៖ សង្គមស៊ីវិលជាង២០ស្ថាប័ន ស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ ពង្រឹងការអនុវត្តក្នុងដែនសមត្ថកិច្ចខ្លួនឡើងវិញ ពិសេសបញ្ហាដីសម្បទាន ព្រៃឈើ ការជួញដូរសត្វព្រៃ និងបញ្ហានេសាទជាដើម។ ជាពិសេស ត្រូវធ្វើអធិការកិច្ចលើមន្រ្តីថ្នាក់ក្រោម ដើម្បីទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាព។
 
សមាគមបណ្ដាញយុវជនកម្ពុជា (CYN) សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស(LICADHO) សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) រួមតាំងស្ថាប័ចំនួន២១ផ្សេងទៀត បានចេញលិខិតចំហទៅកាន់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពួកគេ បានពិនិត្យឃើញថា បញ្ហាក្នុងវិស័យមួយនេះ បន្តកើតមាននាពេលបច្ចុប្បន្ន រួមមាន ផលិផលកសិកម្ម ព្រៃឈើ ការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ការប្រមាញ់និងជួញដូរសត្វព្រៃខុសច្បាប់ ជាដើម។ បើតាមសង្គមស៊ីវិល បញ្ហាទាំងនេះ ត្រូវការមន្ត្រីមានសមត្ថភាព ដើម្បីដោះស្រាយ និងជំរុញប្រសិទ្ធភាព។ 
 
ដើម្បីកុំឲ្យបញ្ហាខាងលើកើតមានដដែលៗ ដូចពេលកន្លងមក សង្គមស៊ីវិលទាំង២៤ស្ថាប័ន បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម តាមលិខិតចំហ នៅថ្ងៃទី២៨វិច្ឆិកា យ៉ាងដូច្នេះ៖ «ធ្វើអធិការកិច្ចលើមន្ត្រីដែលមានភារកិច្ចនៅតាមគោលដៅដែលមានបទល្មើសកន្លងមក តំបន់បទល្មើសព្រៃឈើ បទល្មើសនេសាទ និងការទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់ ដើម្បីឲ្យពួកគេទទួលខុសត្រូវលើភាពធ្វេសប្រហែស នៃការបំពេញមុខងារសាធារណៈរបស់ខ្លួន»។ 
 
សង្គមស៊ីវិលទាំងនោះ បានសង្កត់ធ្ងន់ថា បើរកឃើញមន្ត្រីណាមានទទួលសំណូកពីជនល្មើស និងពាក់ព័ន្ធករណីខុសច្បាប់ ត្រូវចាត់វិធានតាមច្បាប់ជាធរមាន។ 
 
ជុំវិញករណីនេះ លោក ហេង គីមហុង ប្រធាន​ផ្នែក​កម្មវិធី និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) បន្ថែមតាមប្រព័ន្ធតេឡេក្រាម ថា ក្រុមលោកសង្កេតឃើញកន្លងមក មានបទល្មើសធំៗ ជាច្រើន ជាប់ពាក់ព័ន្ធនឹងមន្ត្រី។ លោក គីមហុង បានលើកពីការទន្ទ្រានដីជុំវិញបឹងទន្លេសាប និងការកាប់បំផ្លាញព្រៃឈើ នាំចេញទៅក្រៅប្រទេស ហើយត្រូវបានអាជ្ញាធរហុងកុងឃាត់បានកន្លងមក។ ប្រធានផ្នែក​កម្មវិធី និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) ក៏បានលើកពីករណីជួញដូរសត្វព្រៃ ដែលពាក់ព័ន្ធប្រធាននាយកដ្ឋានសត្វព្រៃ នៃក្រសួងកសិកម្មកម្ពុជា ហើយត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួនផងដែរ។ «ទាំងនេះសុទ្ធតែ បង្ហាញថា មន្ត្រីធំៗជាប់ពាក់ព័ន្ធ។ ដូច្នេះ ពួកយើង​សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី នឹងពង្រឹងកិច្ចមន្ត្រីរបស់ខ្លួន ហើយបើកការស៊ើបអង្កេតលើមន្ត្រីពាក់ព័ន្ធ ដើម្បីឲ្យវិស័យកសិកម្ម និងបញ្ហាដែលធ្លាប់កើតមានកន្កងមក អាចដោះស្រាយបាន»។ លោក គីមហុង លើកឡើងបែបនេះ។ 
 
ទាក់ទិននឹងការស្នើសុំខាងនេះ សារព័ត៌មានថ្មីៗមិនអាចសុំការឆ្លើយតបពីក្រសួងកសិកម្មបានឡើយ ព្រោះលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងពុំលើកទូរស័ព្ទ និងពុំឆ្លើយឆ្លងនឹងសារតាមប្រព័ន្ធតេឡេក្រាម។ 
 
ជាមួយគ្នាដែរ ក្រុមសង្គមស៊ីវិលខាងលើ បានសសើរ លោក ឌិត ទីណា ជាបញ្ញវ័នវ័យក្មេង ទទួលបានការសិក្សាកម្រិតខ្ពស់ ដែលត្រូវបានតែងតាំង។ ហេតុនេះ ពួកគេសង្ឃឹមថា បញ្ហារ៉ាំរ៉ៃ មានបញ្ហាព្រៃឈើ ជលផល ដីសម្បទានសេដ្ឋកិច្ច និងការជួញដូរសត្វជាដើម នឹងត្រូវបានរដ្ឋមន្ត្រីចាត់ទុកជាអាទិភាព ក្នុងការដោះស្រាយ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com