ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនTELEMOBILE នឹងដំឡើងបង្គោលអង់តែនទូរគមនាគមន៍ ចំនួន២២៣ នៅ១៥រាជធានី-ខេត្ត 28, Nov 2022 , 8:59 pm
រូបតំណាង៖ បង្គោលអង់តែនរបស់ក្រុមហ៊ុនទូរសព្ទចល័តមួយកន្លែងនៅខេត្តមណ្ឌលគិរី។ រូបថត៖ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍
× ក្រុមហ៊ុនTELEMOBILE បានបោះទុនជាង២៧លានដុល្លារអាម៉េរិក ដើម្បីសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែន ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍វិស័យទូរគមនាគមន៍កម្ពុជា។ ក្រុមហ៊ុននេះ នឹងសង់បង្គោលអង់តែនចំនួន២២៣ រាជធានី-ខេត្តគោលដៅមួយចំនួន។
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគឱ្យក្រុមហ៊ុន TELEMOBILE (CAMBODIA) CORPORATION (T.C.C) សាងសង់បង្គោលអង់តែនទូរគមនាគមន៍ចំនួន១៥រាជធានី-ខេត្តគោលដៅ។ នេះបើយោងតាមការចុះផ្សារបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២៥វិច្ឆិកា។
គំរូផែនការវិនិយោគរបស់ក្រុមហ៊ុន TELEMOBILE ក្នុងការសាងសង់បង្គោលអង់តែនទូរគមនាគមន៍ចំនួន ២៣៣ នៅ១៥រាជធានី-ខេត្ត។ រូបថត៖ CDC
CDC បានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍សរុប២៣៣ បង្គោល នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងខេត្តតាកែវ ក្រោមទុនវិនិយោគសរុប ២៧,៥លានដុល្លារ។
បើតាម CDC ការវិនិយោគថ្មីរបស់ក្រុមហ៊ុន អាចបង្កើតការងារដល់ពលរដ្ឋបានជាង១០០កន្លែង ផងដែរ។
លោក សូ វិសុទ្ធី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) ថា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ គឺជាសសរស្តម្ភសំខាន់មួយ គាំទ្រសង្គមនិងសេដ្ឋកិច្ចឌីជីថលកម្ពុជា។ លោកបានបន្តរៀបរាប់ដូច្នេះ៖ « បណ្តាប្រតិបត្តិករដែលមានអាជ្ញាបណ្ណ អាចរួមចំណែកស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ក្នុងនោះរួមទាំងក្រុមហ៊ុន Telemobile (Cambodia) Corporation ដែលស្ថាបនានិងចែករំលែកការប្រើប្រាស់រួមគ្នានូវបង្គោលអង់តែនទូរគមនាគមន៍នៅរាជធានីភ្នំពេញនិងបណ្តាខេត្តក្រុង ដើម្បីពង្រីកការគ្របដណ្តប់និងពង្រឹងគុណភាពសេវាទូរគមនាគមន៍»។
យោងតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករក្នុងវិស័យទូរគមនាគមន៍ចំនួន ៦៩។ ក្នុងនោះ មាន៥ ជាប្រតិបត្តិករទូរសព្ទចល័ត, មាន៣៨ ជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត(ISP) និង៥ទៀត ជាប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុកទិកលើគោក និងក្រោមបាតសមុទ្រ។ ទិន្នន័យដដែលបានបង្ហាញថា អ្នកប្រើប្រាស់សេវាទូរសព្ទចល័តនៅកម្ពុជា មានជាង១៣លាននាក់, អ្នកប្រើសេវាអ៊ីនធឺណិតចល័តមាន ជាង១៧លាននាក់, សេវាទូរសព្ទអចល័ត មានជិត៤ម៉ឺននាក់ និងសេវាអ៊ិនធឺណិតអចល័ត មានជាង៣១ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com