ជាតិ
រថយន្ត
កម្ពុជា ពិចារណាកំណត់រថយន្តផលិតក្នុងឆ្នាំណា ដែលអាចនាំចូលបាន និងមិនបាន ដើម្បីកាត់បន្ថយរថយន្តជជុះ
28, Nov 2022 , 7:59 pm        
រូបភាព
រូបពីសារព័ត៌មាន Azernews
រូបពីសារព័ត៌មាន Azernews
កម្ពុជា នឹងពិនិត្យលទ្ធភាពក្នុងការកំណត់ឆ្នាំនៃការផលិតរថយន្ត ដែលត្រូវនាំចូលកម្ពុជា។ មានន័យថា រថយន្តផលិតក្នុងឆ្នាំណា ដែលអាចនាំចូលកម្ពុជាបាន ហើយរថយន្តផលិតក្នុងឆ្នាំណា ដែលមិនត្រូវអនុញ្ញាតឲ្យនាំចូល។


នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីពីផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយគំនិតដែលចង់កំណត់ពីឆ្នាំនៃការផលិតរថយន្ត ដែលនាំចូលកម្ពុជា ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមន្រ្តីដទៃទៀត ស្ថិតក្នុងកិច្ចប្រជុំនេះជាមួយសម្តេច ស ខេង។ 
 
កិច្ចប្រជុំ បានលើកយោបល់ឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាព ក្នុងការស្នើសុំរាជរដ្ឋាភិបាលកំណត់ឆ្នាំនៃការផលិតរថយន្ត ដែលនាំចូលមកកម្ពុជា «ដើម្បីកាត់បន្ថយរថយន្តជជុះ» ដែលមានហានិភ័យ។ សម្តេច ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកភាពចំពោះយោបល់នេះ។ 
 
តើរដ្ឋាភិបាលកម្ពុជា នឹងកំណត់រថយន្តផលិតក្នុងឆ្នាំណា ដែលអាចនាំចូលកម្ពុជាបាន ហើយរថយន្តផលិតក្នុងឆាំណា ដែលមិនអាចនាំចូលមកកម្ពុជាបាន? លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងជានាយកខុទ្ទកាល័យរបស់លោក ស៊ុន ចាន់ថុល មិនទាន់អាចឆ្លើយបានឡើយ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គង់ វិមាន ផ្តល់ហេតុផលថា បញ្ហាកំណត់ឆ្នាំនៃការផលិតរថយន្ត ដែលនាំចូលកម្ពុជា ទើបនឹងត្រូវបានថ្នាក់ដឹកនាំលើកឡើងក្នុងកិច្ចប្រជុំខាងលើ ដូច្នេះ លោក មិនទាន់អាចនិយាយអ្វីឲ្យលើសពីថ្នាក់ដឹកនាំនោះទេ។ យ៉ាងណា លោក អះអាងថា ការសម្រេចកំណត់ឆ្នាំនៃការផលិតរថយន្តដែលនាំចូលកម្ពុជានេះ ត្រូវការពេលវេលា ដំណើរការនីតិវិធី បច្ចេកទេស និងការធ្វើការងារជាអន្តរក្រសួង៕ 
 
 
 
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com