ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យយុវជនបន្តវេនថែរក្សាស្មារតី២ធ្នូ
29, Nov 2022 , 9:29 am        
រូបភាព
ក្រោយពីត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាបិទមហាសន្និបាតវិសាមញ្ញនៃចលនាយុវជនដ៏ធំជាងគេកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ នាពេលនោះ លោក ហ៊ុន ម៉ាណែត បានរម្លឹកដល់ព្រឹត្តិការណ៍ថ្ងៃទី២ធ្នូឆ្នាំ១៩៧៨ ដែលជាថ្ងៃកំណើតនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឆ្ពោះទៅការផ្ដួលរំលំរបបខ្មែរក្រហម។
 
លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ៖«ស្មារតីអមតៈ ២ ធ្នូ គឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន។ គំរូពលិកម្មដ៏ឧត្តុងឧត្តមទាំងនេះ គឺជាមរតកមិនអាចកាត់ថ្លៃសម្រាប់យុវជនជំនាន់បច្ចុប្បន្នក្នុងនាមជាយុវជនបន្តវេន។ ដូច្នេះ យើងត្រូវបន្តថែរក្សានូវសមិទ្ធផលដែលយុវជនជំនាន់មុនសម្រេចបាន ហើយបង្កើនសមិទ្ធផល និងស្នាដៃវិជ្ជមានថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាបន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព និងសុភមង្គលជានិច្ចនិរន្តរ៍។»។


 
លោក ហ៊ុន ម៉ាណែត ដែលជាប្រធានយុវជនរបស់គណបក្សប្រជាជនកម្ពុជាដែរនោះ ក៏បានថ្លែងណែនាំដល់សហភាពសហព័ន្ធយុវជនកម្ពុជាបន្តការពារ និងថែរក្សាកេរតំណែលរបស់រៀមច្បងជំនាន់មុនរបស់ពួកគេ ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលរួមមានទាំងការរំដោះប្រជាជនចេញពីរបបកាប់សំលាប់ប៉ុលពត និងការបញ្ចប់សង្រ្គាមជាង៥០០ឆ្នាំ ដោយបានកសាងសន្តិភាពតាមរយៈការនាំមកនូវឯកភាពជាតិ និងឯកភាពទឹកដីពេញលេញ, ការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ល។
 
«ជាមួយគ្នានេះ ក៏សូមបន្តជំរុញស្មារតីសេ្នហាជាតិមាតុភូមិរបស់យុវជនឱ្យមានភាពប្រាកដនិយម មានទឹកចិត្តទូលំទូលាយ ស្វាហាប់ ហ្មត់ចត់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំដោយប្រកាន់យកអភិក្រម  «ការសិក្សាពេញមួយជីវិត»  ដើម្បីអាចបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចូលរួមបំផុសទឹកចិត្តស្មារតីដល់យុវជនដទៃទៀតក៏ដូចជាសាធារណជន ឱ្យស្រលាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វផ្សាយអំពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ ការលើកស្ទួយសម្រស់កម្ពុជា  និងកិត្យានុភាពជាតិ។»។ នេះជាការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com