ជាតិ
អត្ថបទពាណិជ្ជកម្ម
ជ័យលាភីនៃកម្មវិធី SmartStart Young Innovator ទទួលបានរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លាអាមេរិក
29, Nov 2022 , 10:49 am        
រូបភាព
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានផ្តល់រង្វាន់ធំចំនួន ១ ម៉ឺនដុល្លារអាមេរិក ទៅដល់ក្រុមធុរកិច្ច កវី (KAKVEI) ដែលជាជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator ដែលជាកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យផ្នែកឌីជីថល ។ ការផ្ដល់រង្វាន់នេះ ក្រោមការផ្តួចផ្តើមពីក្រុមហ៊ុន Smart Axiata និងសហការជាមួយមជ្ឍមណ្ឌល Impact Hub Phnom Penh ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
 
បង្កើតឡើងក្នុងឆ្នាំ ២០១៧ កម្មវិធី SmartStart Young Innovator ជាកម្មវិធីសម្រាប់និស្សិតនៅកម្ពុជា ដើម្បីគាំទ្រពួកគេក្នុងការចាប់ផ្តើមអាជីវកម្មឌីជីថល តាមរយៈបទពិសោធន៍សិក្សាដ៏ពិសេស ការណែនាំពីអ្នកជំនាញ ការផ្សារភ្ជាប់ទំនាក់ទំនង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី​នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានឃើញកម្មវិធី SmartStart Young Innovator មានការរីកចម្រើនយ៉ាងលឿន តាំងពីការរៀបចំកម្មវិធីដំបូងក្នុងឆ្នាំ ២០១៧»។ 
 


លោកបានបន្ថែមថា៖ «ក្រុមហ៊ុន Smart ស្រមៃថាយើងនឹងក្លាយជាជើងឯកឌីជីថលរបស់កម្ពុជា ក្នុងពេលឆាប់ៗនេះ។ យើងជឿជាក់លើគំនិតដ៏ប៉ិនប្រសប់ដែលនឹងផុសចេញពីបេក្ខជនក្នុងកម្មវិធី SmartStart Young Innovator  ព្រោះពួកគេសុទ្ធតែប្រកបដោយសក្ដានុពលដ៏អស្ចារ្យ ក្នុងការក្លាយជាសហគ្រិនឌីជីថលវ័យក្មេងរបស់កម្ពុជា ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមនាពេលបច្ចុប្បន្ន និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម។»
 
កញ្ញា Melanie Mossard នាយកប្រតិបត្តិនៃមជ្ឍមណ្ឌល Impact Hub Phnom Penh ក៏បានបង្ហាញពីទស្សនៈ ស្រដៀងគ្នាអំពីកម្មវិធី SmartStart Young Innovator ដែរ។ 
 
កញ្ញាបានលើកឡើងថា៖ «តាមរយៈបទពិសោធន៍ធ្វើការក្នុងវិស័យសហគ្រិនភាព និងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំពិតជាបានសង្កេតឃើញនូវភាពជោគជ័យរបស់កម្មវិធីនេះ។ អ្នកច្នៃប្រឌិតវ័យក្មេង ត្រូវបានលើកទឹកចិត្តឲ្យមានការបំផុសគំនិត និងមានសិទ្ធិពេញមួយកម្មវិធី ដើម្បីសម្រេចបាននូវគំនិតចាប់ផ្តើមអាជីវកម្មទាក់ទងនឹងបច្ចេកវិទ្យារបស់ពួកគេ។»
 


កម្មវិធី SmartStart Young Innovator សម្រាប់ឆ្នាំ ២០២២ បានចាប់ផ្តើមជាផ្លូវការនៅក្នុងខែមិថុនា ដោយមានវគ្គជម្រុះជាច្រើនជុំ ដើម្បីជំរុះ​ឲ្យអ្នកចូលរួមទទួលបានបទពិសោធន៍ចម្រុះពីសហគ្រិនភាព ការបំផុសគំនិត និងការបង្កើតក្រុម។ អ្នកចូលរួម បានសិក្សាអំពីការដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងជិវិតប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើណែត Internet of Things (IoT) ហើយពួកគេក៏ត្រូវធ្វើបទបង្ហាញក្នុងការប្រកួត Technopreneurship Challenge ផងដែរ។ 
 
បន្ទាប់ពីការធ្វើបទបង្ហាញ  ធុរកិច្ចចំនួន ៥ ក្រុមត្រូវបានជ្រើសរើសដើម្បីឈានទៅវគ្គ Incubation និងចូលក្នុងវគ្គហាត់ការរយៈពេល៣ខែ នៅតាមក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ពីការគ្រប់គ្រងអាជីវកម្ម។ បន្ទាប់ពីបញ្ចប់វគ្គហាត់ការរបស់ពួកគេដោយជោគជ័យ ធុរកិច្ចទាំងប្រាំបានបន្តទៅកាន់វគ្គចុងក្រោយ គឺ​ការធ្វើបទបង្ហាញ Grand Pitching ប្រកួតប្រជែងយករង្វាន់ធំចំនួន ១ ម៉ឺនដុល្លាអាមេរិក និងទទួលបានការឧបត្ថម្ភ​ក្នុងការធ្វើដំណើរទៅចូលរួមសន្និសិទ្ធិអន្តរជាតិមួយ។ 
 


ធុរកិច្ចទាំង ៥ ក្រុមបានបង្កើតផែនការអាជីវកម្ម ដើម្បីជួយដោះស្រាយបញ្ហាណាមួយរបស់អតិថិជនគោលដៅរបស់ ពួកគេ។ KAKVEI (កវី) គឺជាបច្ចេកវិទ្យាសិប្បនិម្មិតមួយ ដែលជួយកែសម្រួលវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ។ Movery មានគោលបំណងផ្តល់នូវសេវាដឹកជញ្ជូន និងផ្លាស់ប្តូរទីតាំង (Moving Service) សម្រាប់តាមផ្ទះ ក៏ដូចជាក្រុមហ៊ុននានា។ Hommatic គឺជាប្រព័ន្ធសុវត្ថិភាពផ្ទះឆ្លាតវៃដែលផ្តល់ការជូនដំណឹងដោយស្វ័យប្រវត្តិដល់អាជ្ញាធរក្នុងតំបន់ ខណៈដែល Dolfinn ផ្តល់ព័ត៌មានអំពីផលិតផលប្រាក់កម្ចីជាមួយនឹងការពិគ្រោះយោបល់។ ចំណែកឯ Berries  គឺជាកម្មវិធីទូរស័ព្ទអំពីទីផ្សារថែរក្សាស្បែកសម្រាប់យុវវ័យកម្ពុជា។
 
ជ័យលាភីបានទៅកាន់ក្រុមធុរកិច្ច KAKVEI ដែលពួកគេទទួលបានរង្វាន់ជាទឹកប្រាក់ ១ ម៉ឺនដុល្លារ។ ចំណែកឯក្រុម ធុរកិច្ច Berries ទទួលបានរង្វាន់ពិសេសជាការឧបត្ថម្ភទាំងស្រុង​សម្រាប់ការធ្វើដំណើរទៅចូលរួមសន្និសិទ្ធិកាសែតអន្តរជាតិមួយ។ 
 


កម្មវិធី SmartStart Young Innovator ស្ថិតនៅក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (Capacity Building, Research and Development Fund) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្រុមហ៊ុន Smart Axiata បានរួមចំណែកជារៀងរាល់ឆ្នាំ។  Smart Axiata គឺជាក្រុមហ៊ុនឈានមុខគេផ្នែកឌីជីថលនៅកម្ពុជា។ ការរៀបចំកម្មវិធី SmartStart គឺជាការប្តេជ្ញាចិត្តមួយរបស់ក្រុមហ៊ុនក្នុងបំបិតគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈ​ការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។ នៅឆ្នាំ ២០២២ សិស្សសរុបចំនួន ១២០ នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ តាមរយៈបទពិសោធន៍សហគ្រិនភាព និងការបង្ហាត់បង្រៀនផ្សេងៗ៕
 
អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។
 
ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។
 


ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។
 
ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!
 

អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com