ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនចំនួន៤ សុំសិក្សាលើគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ-សៀមរាប
29, Nov 2022 , 11:59 am        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT
បច្ចុប្បន្ន​ មានក្រុមហ៊ុនចំនួន៤ បានស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ ថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៩វិច្ឆិកា។ 
 
បើតាមលោក ស៊ុន ចាន់ថុល លទ្ធផលនៃការសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប របស់ក្រុមហ៊ុនទាំងនោះ មិនទាន់សម្រេចជាផ្លែផ្កា ឆ្លងមកជូនក្រសួងសាធារណការ នៅឡើយទេ។ ដ្បិតមិនទាន់សម្រេចលទ្ធផលក្តី ប៉ុន្តែលោករដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនរូបនេះ រំពឹងខ្ពស់ថា អនាគត កម្ពុជា​នឹងមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ 
 
លោក ស៊ុន ចាន់ថុល មានប្រសាសន៍យ៉ាងដូច្នេះ៖ «ខ្ញុំជឿជាក់ ថា ថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ ទៅ សៀមរាប ផងដែរ»។ 
 
សូមជម្រាបថា ផ្លូវល្បឿនលឿនខ្សែដំបូងដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះ​ គឺ ភ្នំពេញ-ព្រះសីហនុ មានតម្លៃជាង២០០០លានដុល្លារអាម៉េរិក។ ផ្លូវល្បឿនលឿនក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនចិននេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២២។ 
 
បច្ចុប្បន្ន ក្រសួងសាធារណការ កំពុងចរចាជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ (CRBC) របស់ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ជាង ១៧០០លានដុល្លារ ផងដែរ។ បើតាមលោក ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿននេះ​ គឺគ្រោងសាងសង់នៅឆ្នាំ២០២៣៕ 
 
 
 
 
 

Tag:
 ផ្លូវល្បឿនលឿន
  លោក ស៊ុន​ ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com