ជាតិ
សេដ្ឋកិច្ច
កម្ពុជា ជាប្រទេសនាំកសិផលចូលវៀតណាមច្រើនជាងគេ
29, Nov 2022 , 7:59 pm        
រូបភាព
អង្ករកម្ពុជាលក់នៅលើទីផ្សារវៀតណាម។ រូបភាពពី Thanh Nien ។
អង្ករកម្ពុជាលក់នៅលើទីផ្សារវៀតណាម។ រូបភាពពី Thanh Nien ។
វៀតណាមកំពុងក្លាយជាប្រទេសដែលនាំចូលកសិផលពីកម្ពុជាច្រើនជាងគេ។ ការនាំចូលផលិតផលកសិកម្មមាន ស្វាយចន្ទី កៅស៊ូ អង្ករ ដំឡូងមី ពោត ម្រេច ឈើ កំពុងមានសន្ទុះកើនឡើងទៅវៀតណាម។ 


បើតាមអគ្គនាយកដ្ឋានគយវៀតណាម ផលិតផលកសិកម្មពីកម្ពុជានាំចូលទៅវៀតណាមកំពុងមាននិន្នាការកើនឡើងខ្លាំងនាពេលថ្មីៗនេះ។ នៅឆ្នាំ២០១២ ការនាំចេញផលិតផលកសិកម្មទៅវៀតណាមមានតម្លៃត្រឹមតែ ២១៥លានដុល្លារ ជាមួយនឹងមុខទំនិញសំខាន់ចំនួន ៤ រួមមាន ឈើ និងផលិតផលឈើ , ពោត, ផលិតផលជលផល និងកៅស៊ូ។ ខណៈនៅឆ្នាំ២០២០វិញ ការនាំចេញផលិតផលកសិកកម្មបានកើនឡើងដល់ជាង ៧៥៦លានដុល្លារ ។
 
ជាពិសេសឆ្នាំ ២០២១ កសិផលដែលនាំចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាមមានតម្លៃ ៣,៥ពាន់លានដុល្លារកើនឡើង ៤,៦ដងធៀបនឹងឆ្នាំ ២០២០ និង ១៦,២ដងធៀបនឹងឆ្នាំ ២០១២។ នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ កម្ពុជាបានវ៉ាដាច់អាម៉េរិក និងចិន ក្នុងការនាំចេញផលិតផលកសិកម្មច្រើនជាងគេទៅកាន់វៀតណាម។
 
ក្នុងរយៈពេល១០ ខែដំបូងឆ្នាំនេះ វៀតណាមបានចំណាយប្រាក់ជាង៤,១៣ពាន់លានដុល្លារ ក្នុងការនាំចូលទំនិញពីកម្ពុជា។ ក្នុងនោះផលិតផលកសិកម្មកម្ពុជានាំចេញទៅវៀតណាមចំនួនពីរដែលមានសក្តានុពល គឺកៅស៊ូ មានតម្លៃ១,៣ពាន់លានដុល្លារកើនឡើងជាង ១៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងស្វាយចន្ទីតម្លៃ១,១ពាន់លានដុល្លារ។ បន្ថែមពីនេះ ការនាំចេញអង្ករពីកម្ពុជាទៅវៀតណាមសម្រេចបានជាង ៥០០លានដុល្លារកើនឡើងជាង ២០ភាគរយ ខណៈដែលការនាំចេញបន្លែ និងផ្លែឈើដូចជា ដំឡូងមី ពោត ម្រេច ឈើ និងផលិតផលឈើ មានតម្លៃ ៥០លានដុល្លារកើនឡើងជាង ៤៥ភាគរយ។ 
 
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា កម្ពុជាកំពុងក្លាយជាប្រទេសដែលផ្តល់ធាតុចូលសំខាន់ៗមួយចំនួនសម្រាប់សកម្មភាពផលិតកម្ម និងនាំចេញរបស់វៀតណាម។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិនិយោគវៀតណាមជាច្រើនបានទៅកម្ពុជាដើម្បីដាំម្រេច ហើយទិន្នផលប្រចាំឆ្នាំដែលពួកគេទទួលបានចន្លោះពី ១៥ពាន់តោនទៅ ១៦ពាន់តោន។ បច្ចុប្បន្នម្រេចរបស់កម្ពុជាប្រមាណ៩០ភាគរយត្រូវបានវៀតណាមប្រមូលទិញ ហើយនៅសល់មួយចំនួនត្រូវបានលក់ទៅឡាវ ថៃ និងតម្រូវការក្នុងស្រុក។
 
លើសពីនេះ ក្រុមហ៊ុនវៀតណាមជាច្រើនមានទំនោរជួលដីកសិកម្មកម្ពុជាដើម្បីដាំដំឡូង ដំឡូងមី អំពៅ ពោត ឬចិញ្ចឹមគោ ដោយសារតែដីកសិកម្មរបស់ប្រទេសនេះនៅទំនេរច្រើន។ ការជួលដីមានតម្លៃទាប ហើយតម្លៃពលកម្មថោកជាងប្រទេសវៀតណាម ដូច្នេះបន្ទាប់ពីប្រមូលផល ផលិតផលត្រូវបាននាំចេញមកវៀតណាមវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងកែច្នៃសម្រាប់នាំចេញបន្តទៀត។
 
លោកសាស្ត្រាចារ្យ Vo Tong Xuan អ្នកជំនាញផ្នែកកសិកម្មរបស់វៀតណាមមើលឃើញថា ការនាំចូលកសិផលរបស់កម្ពុជាមកវៀតណាម ដើម្បីបម្រើតម្រូវការផលិតកម្មក្នុងស្រុក ការប្រើប្រាស់ និងការកែច្នៃគឺមិនអាចជៀសរួចនោះទេ។ ប៉ុន្តែផលិតផលកសិកម្មកម្ពុជាជាច្រើនមានគុណភាពខ្ពស់ជាង ដូច្នេះទំនិញវៀតណាមត្រូវប្រកួតប្រជែងជាមួយកសិផលកម្ពុជានៅលើទឹកដីវៀតណាមផង ហើយក្លាយជាដៃគូប្រកួតប្រជែងផ្ទាល់នៅលើទីផ្សារអន្តរជាផងដែរ។ 
 
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ កម្ពុជាបានក្លាយជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេទីបួនទៅកាន់អឺរ៉ុបបន្ទាប់ពីវៀតណាម។ ជាមួយគ្នានេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនក៏មានសន្ទុះកើនឡើងផងដែរ ខណៈដែលការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារនេះមានការថយចុះ៕
 

Tag:
 វៀតណាម កៅស៊ូ ស្វាយចន្ទី អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com