ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីសាធារណការ ជំរុញពលរដ្ឋឱ្យប្រើរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយចំណាយ និងជួយបរិស្ថាន
29, Nov 2022 , 8:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT
១០ខែមកនេះ មានរថយន្តអគ្គិសនី( EV) ជាង៥០០គ្រឿង ត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំនួននេះ គឺកើនដល់១១ដង បើធៀបរយៈពេលដូចគ្នាកាលឆ្នាំ២០២២ មានត្រឹម៤៥គ្រឿងប៉ុណ្ណោះ។ ទន្ទឹមនេះ​ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ប្រាប់ពលរដ្ឋឱ្យពិចារណាលើការប្រើរថយន្តប្រភេទនេះ ដើម្បីកាត់បន្ថយចំណាយ ពិសេសផ្នែកពន្ធនាំចូល។​
 
ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា​ មានការកើនឡើងខ្ពស់ជាលំដាប់ ដែលដើរស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបញ្ចេញឧស្ម័នពុលឱ្យស្មើនឹងសូន្យ  ហើយនឹងជំរុញនូវការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន៤០ភាគរយ និងម៉ូតូអគ្គិសនីឱ្យបាន៧០ភាគរយ នៅឆ្នាំ២០៥០។  បើតាម លោក ស៊ុន ចាន់ថុល អ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះ មិនត្រឹមជួយសម្អាត ឬជួយកាត់ការបំពុលបរិស្ថានដោយប្រេងឥន្ធនៈទេ តែថែមទាំងចំណេញថវិកាបានច្រើនទៀត។​ 
 
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations)នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩វិច្ឆិកា លោក ស៊ុន ចាន់ថុល បន្តរៀបរាប់ថា អ្នកប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញពន្ធលើការនាំចូល​ ដោយរដ្ឋបានបញ្ចុះអត្រាពន្ធនេះ នៅត្រឹម៦៣ភាគរយ​ប៉ុណ្ណោះ ខណៈការនាំចូលរថយន្តដែលប្រើប្រាស់ឥន្ធនៈវិញ មានអត្រាពន្ធដល់១២០ភាគរយ។  ក្រៅពីនេះ អ្នកប្រើប្រាស់ក៏ចំ​ណេញលើការចំណាយនៃថ្លៃអគ្គិសនី​ ដែលមានតម្លៃថោកជាង ៣ដង បើធៀបនឹងការប្រើប្រាស់រថយន្តដំណើរការដោយប្រេងឥន្ធនៈ។ ជាមួយគ្នានេះ ការចំណាយសម្ភារ ឬគ្រឿងបង្គុំរថយន្តអគ្គិសនី ក៏មានតម្លៃតិចជាងរថយន្តដែលប្រើដោយប្រេងឥន្ធនៈ​ដែរ។​
 
ក្រោមហេតុផលចំណេញទាំងថវិកា និងជួយសម្អាតបរិស្ថាននេះ លោក ស៊ុន ចាន់ថុល លើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់នូវរថយន្តអគ្គិសនី។ លោក បន្តនិយាយដូច្នេះ៖ « សុំ[ពលរដ្ឋ]មេត្តាពិចារណា ពេលដែលទិញរថយន្តប្រើប្រាស់ គួរតែទិញរថយន្តEV[រថយន្តអគ្គិសនី] ដែលជួយកាត់បន្ថយការបំណុលបរិស្ថានផង និងកាត់បន្ថយចំណាយរបស់យើងផង​ ទាំងថ្លៃទិញ និងទាំងថ្លៃប្រើប្រាស់រថយន្តនេះឯង»។ 
 
ដើម្បីបម្រើដល់ពលរដ្ឋក្នុងការប្រើប្រាស់ម៉ូតូ ឬ រថយន្តអគ្គិសនី ក្រសួងសាធារណការ បានដំឡើងស្ថានីយបញ្ជូលថាមពល ដល់ម៉ូតូ និង រថយន្តអគ្គិសនី នៅតាមតំបន់គោលដៅមួយចំនួននៃរាជធានីភ្នំពេញ ​ខេត្តសៀមរាប ព្រះសីហនុ និងបាត់ដំបង ក្រោមជំនួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP)។ លើសពីនេះ ​វិស័យជនក៏មានគម្រោងវិនិយោគលើការដំឡើងស្ថានីយថាមពលយានយន្តអគ្គិសនី(EV Charging Station)ប្រមាណ២២០កន្លែងទៀត ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា ផងដែរ។
 
បើតាមលោក ស៊ុន ចាន់ថុល ក្រុមហ៊ុន EV Energy Tech គឺមានគម្រោងដំឡើងស្ថានីយចំនួន២០កន្លែង​និងក្រុមហ៊ុន BYD Auto Industry​ របស់ប្រទេសចិន ក៏មានផែនការដំឡើងស្ថានីយថាមពលយានយន្តអគ្គិសនីចំនួន២០០កន្លែង ដែលគ្របដណ្តប់នៅទូទាំងរាជធានី-ខេត្តកម្ពុជា។ ការដំឡើងស្ថានីយទាំងនេះ នឹងរួចរាល់នៅត្រឹមឆ្នាំ២០២៣៕ 
 

Tag:
 រថយន្តអគ្គិសនី
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com