ជាតិ
ក្រសួង បិទមន្ទីរពេទ្យដើមអង្ក្រង បណ្ដោះអាសន្ន រីឯស្ត្រីរងគ្រោះកំពុងសង្គ្រោះនៅកាល់ម៉ែត 29, Nov 2022 , 7:26 pm
× ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបិទ មន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្ក្រង បណ្ដោះអាសន្ន ក្រោយមានករណីស្ត្រីម្នាក់ទទួលការរំលូតកូនដែលស្លាប់ក្នុងផ្ទៃ នៅទីនោះត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅពេទ្យកាល់ម៉ែត។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួង ដែលចុះហត្ថលេខាដោយលោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ក្រៅពីបិទ មន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្ក្រង ដែលមានទីតាំងនៅលើផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះ ក្រសួងក៏បញ្ជាឲ្យ មានការស្រាវជ្រាវដើមហេតុបន្ថែមផងដែរ។
ជុំវិញករណីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អះអាងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ វិច្ឆិកានេះថា ស្ត្រីរងគ្រោះ កំពុងនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកស្រី ឱ វណ្ណឌីនប្រាប់បែបនេះ៖«ស្ត្រីរំលូតកូនស្លាប់ក្នុងផ្ទៃ កំពុងសម្រាកព្យាបាលនៅកាលម៉ែត ហើយមូលហេតុដូចក្រសួងបានបញ្ជាក់ ក្នុងលិខិតនៃការបិទមន្ទីរ (ដើមអង្ក្រង) អ៊ីចឹង»។
ទាក់ទិននឹងករណី លោក វី សំណាង អភិបាលខេត្ត កំពង់ស្ពឺ ក៏បានផ្ដល់ព័ត៌មានលម្អិតដល់សារព័ត៌មានថ្មីៗដែរថា កាលពីថ្ងៃទី១០វិច្ឆិកា ស្ត្រីរងគ្រោះបានរំលូតកូនដែលស្លាប់ក្នុងផ្ទៃ ហើយកូននោះមានអាយុ១៨សប្ដាហ៍នៅពេទ្យដើមអង្ក្រង។ លុះដល់ថ្ងៃទី២២វិច្ឆិកា ស្ត្រីរងគ្រោះ បានទៅពេទ្យដដែលម្ដងទៀត ព្រោះមានសញ្ញា មិនស្រួលក្នុងខ្លួន ហើយពិនិត្យឃើញមានសល់កំទេចសុកក្នុងស្បូន។ បន្ទាប់ពីព្យាបាល លើកទី២ហើយ ស្ត្រីរងគ្រោះមានអាការៈធ្ងន់ធ្ងរ ខាងក្រុមមន្ទីរពេទ្យ ក៏បញ្ជូនស្ត្រីនោះទៅ ព្យាបាលនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រាជធានីភ្នំពេញ។ ទាំងនេះ លោក វី សំណាង អះអាងថាជាព័ត៌មានដែលទទួលបានពី មន្ទីរសម្រាកព្យាបាល ដើមអង្ក្រង។
ដោយឡែក សាច់ញាតិអ្នកជំងឺ អះអាងថា សម្រាកនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រុមគ្រូពេទ្យពិនិត្យឃើញមានបញ្ហាប៉ះពាល់ធ្ងន់ធ្ងរដល់ពោះវៀន ហើយក៏បញ្ជូនទៅអ្នកជំងឺទៅព្យាបាលបន្តនៅព្រះកេតុមាលា នៅថ្ងៃទី២៣វិច្ឆិកា។ សម្រាកនៅ ពេទ្យព្រះកេតុមាលា មិនបានមួយថ្ងៃផង នៅថ្ងៃដដែល ខាងសាច់ញាតិ ស្នើសុំបញ្ជូនទៅព្យាបាលនៅវៀតណាម។ លុះដល់ថ្ងៃទី២៤ អ្នកជំងឺបានត្រឡប់ពីវៀតណាមវិញ និងសម្រាកនៅផ្ទះ អស់រយៈពេល២ថ្ងៃ។ ហើយដល់ថ្ងៃទី២៦ សាច់ញាតិក៏បញ្ជូនទៅសង្គ្រោះនៅកាល់ម៉ែត្រ ព្រោះឃើញមានសភាពអ្នកជំងឺឈឺខ្លាំង។ ទាំងនេះ ជាការលើកឡើងរបស់សាច់ញាតិអ្នកជំងឺ ដែលលោកអភិបាលខេត្តកំពង់ស្ពឺ បានផ្ដល់ឲ្យសារព័ត៌មានថ្មីៗ។
ហេតុដូច្នេះ អភិបាលខេត្តអះអាងថា ក្រុមការងារគ្រូពេទ្យនឹងបន្តស្រាវជ្រាវ តាមដំណើររឿងខាងលើ ដើម្បីរកខុសត្រូវឲ្យអ្នកជំងឺ និងខាងមន្ទីរពេទ្យ ដើមអង្ក្រង៕
Tag:
ឱ វណ្ណឌីន
ពេទ្យដើមអង្ក្រង
រំលូត
វិជ្ជាជីវៈ
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com