អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រមុខណាតូពិភាក្សាគ្នាពីជំនួយបន្ថែមដល់អ៊ុយក្រែននៅរដូវរងា 29, Nov 2022 , 7:41 pm
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ។ រូបភាព៖ AFP
× ប្រមុខអង្គការណាតូលោក Jens Stoltenberg ក្នុងកិច្ចប្រជុំអង្គការណាតូ នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា នឹងអំពាវនាវឱ្យសម្ព័ន្ធមិត្តសន្យាផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងរដូវរងា និងការខ្វះខាតថាមពលប្រើប្រាស់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសសមាជិកអង្គការណាតូនៅទីក្រុងប៊ុយការ៉េសរូម៉ានី នឹងផ្តោតលើការបង្កើនជំនួយយោធាដល់អ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវ ទោះបីជារដ្ឋមន្ត្រីការបរទេសដែលបានចូលរួមប្រជុំទាំងនេះ ធ្លាប់បានលើកឡើងបញ្ហាផ្គត់ផ្គង់ពីមុនក៏ដោយ។ លើសពីនេះ កិច្ចប្រជុំនេះ ក៏នឹងលើកពិភាក្សាពីជំនួយដែលមិនមានគ្រោះថ្នាក់ផ្សេងៗទៀតដែរ។
ជំនួយដែលមិនមានគ្រោះថ្នាក់ទាំងនេះផ្តោតលើការផ្គត់ផ្គង់ទំនិញសំខាន់ៗ ដូចជាប្រេងឥន្ធនៈ ការផ្គត់ផ្គង់វេជ្ជសាស្ត្រ ឧបករណ៍សម្រាប់រដូវរងាផ្សេងៗ ដែលកន្លងមកត្រូវបានបញ្ជូនតាមរយៈកញ្ចប់ជំនួយរបស់អង្គការណាតូ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏មានគោលបំណងបង្កើនកញ្ចប់ជំនួយទាំងនេះដែរ។
ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានពលរដ្ឋរបស់ខ្លួនថា រុស្ស៊ីនឹងបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបន្ថែម ដែលអាចធ្វើឱ្យមនុស្សរាប់លាននាក់គ្មានកំដៅ ទឹក ឬថាមពលប្រើប្រាស់។
«វានឹងជារដូវរងាដ៏អាក្រក់មួយសម្រាប់អ៊ុយក្រែន ដូច្នេះយើងកំពុងធ្វើការ ដើម្បីពង្រឹងការគាំទ្ររបស់យើងលើអ៊ុយក្រែន»។ អ្នកការទូតជាន់ខ្ពស់អឺរ៉ុបម្នាក់ បាននិយាយបែបនេះ។
អាល្លឺម៉ង់ ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានផ្លាស់វេន នៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) ក៏បានកំណត់ពេលនៃកិច្ចប្រជុំ រវាងក្រុមប្រទេស G7ជាមួយនឹងដៃគូមួយចំនួន នៅក្រៅកិច្ចពិភាក្សារបស់អង្គការណាតូ ខណៈប្រទេសនេះ ជំរុញឱ្យមានមធ្យោបាយដើម្បីពន្លឿនការកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
ខាងផ្នែកយោធាវិញ អង្គការណាតូក៏បានបន្តជំរុញក្រុមហ៊ុនផលិតសព្វាវុធ ឱ្យពន្លឿនការផលិត ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន។ យ៉ាងណាមិញ អ្នកការទូតដែលមិនបានបញ្ចេញឈ្មោះម្នាក់ បានព្រមានពីបញ្ហាជាមួយនឹងសមត្ថភាពផ្គត់ផ្គង់អាវុធនេះ។ អ្នកការទូតរូបនេះបានបន្តថា ឧស្សាហកម្មអាវុធរបស់អាម៉េរិក ក៏កំពុងជួបបញ្ហាដែរ។
ក្រៅពីបញ្ហាទាំងនេះ បញ្ហាពីការដាក់ពាក្យសុំចូលជាសមាជិកណាតូរបស់អ៊ុយក្រែន ក៏នឹងត្រូវលើកឡើងមកនិយាយផងដែរ។ ប៉ុន្តែរដ្ឋមន្ត្រីណាតូ ទំនងជាគ្រាន់តែបញ្ជាក់ពីគោលនយោបាយបើកចំហអង្គការប៉ុណ្ណោះ ខណៈដែលសមាជិកភាពរបស់អង្គការណាតូ សម្រាប់អ៊ុយក្រែននៅតែជាបញ្ហាចោទ៕
Tag:
ណាតូ
អ៊ុយក្រែន
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com