ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ ៧​ប្រភេទ​ដែល​ជួយ​ធ្វើអោយ​ក្មេង​ជាង​វ័យ
01, Dec 2022 , 6:59 am        
រូបភាព
ឥឡូវនេះ​វា​ដល់ពេល​ដែល​អ្នក​ត្រូវ​ស្វះស្វែង​រក​អ្វី​ដើម្បី​ទប់ស្កាត់​ដំណើរ​ការណ៍​នៃ​ការ​ចាស់​ទៅតាម​អាយុ​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អាហារ​ជាច្រើន​ដែល​អ្នក​ទទួល​ទាន​អាច​បង្កើតបាន​ជា​ភាពខុសគ្នា​ដ៏​សំខាន់​មួយ​នៅក្នុង​ស្ថានភាព​វ័យ​របស់​អ្នក​ទាំង​ក្នុង និង​ក្រៅ​។​
 
​របប​អាហារ​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​ស្ករ និង​កាបូ​អ៊ី​ដ្រាត​កែច្នៃ​ច្រើនមិន​ត្រឹមតែ​ធ្វើអោយ​អ្នក​ឡើង​ទម្ងន់​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​បណ្តាលអោយ​ជាតិ​កូឡា​ជែន​ភ្ជាប់​គ្នា​ដែល​អាច​ធ្វើឱ្យ​ស្បែក​មនុស្ស​ឆាប់​ចាស់ និង​មាន​ភាព​ជ្រៀវ​ជ្រួញ​លឿន​ផង​ដែរ​។ ដើម្បី​ថែរក្សា​ភាព​ជា​យុវវ័យ​របស់​អ្នក ខាងក្រោម​នេះ​គឺជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ជួយ​ថែរក្សា​សុខភាព​របស់​អ្នក​កុំឱ្យ​ចាស់​ទៅ​តាម​អាយុ​បាន​។​
 
​បឺ​រី​ពណ៌​ខៀវ​
​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ផ្ទុក​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់ ប្រភេទ Polyphenol ដែល​មាន​ខ្ពស់បំផុត​ក្នុងចំណោម​អំបូរ​ផ្លែ​បឺរី​ទាំងអស់ សម្រាប់​សម្លាប់​បាក់តេរី និង​វី​រ៉ុស​។ អង់​ទី​អុកស៊ី​ដង់​ប្រភេទ​នេះ​ត្រូវបាន​គេ​រកឃើញ​ថា​ជួយ​ទប់ស្កាត់​ការ​បំបែក​កូនចៅ​របស់​វី​រ៉ុស​បង្ក​ជំងឺ​រលាកថ្លើម​ប្រភេទ C បាន​។ តាម​ការសិក្សា​បានអោយដឹងថា ផ្លែឈើ​ដ៏​អស្ចារ្យ​មួយ​នេះ​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ Pterostilbene ដែរ​ក្នុង​ការពង្រឹង​ដល់​ភាព​ឈ្លាស់វៃ​របស់​សត្វ​កណ្តុរ​។​
 
​សូកូឡា​ខ្មៅ​
​សូកូឡា​ខ្មៅ​ដែល​ផលិត​ពី កា​កៅ (Cacao) ផ្ទុក​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់​ច្រើន​ជាងអាហារ​ផ្សេងៗ​ទៀត​។ សារធាតុ​អង់​ទី​អុកស៊ី​ដង់​ដែល​មាន​ក្នុង​សូកូឡា​ខ្មៅ​ប្រភេទ​នេះ​មានដូចជា Catechin, Epicatechin និង Procyanidins ដែល​វា​សុទ្ធសឹងតែ​ជា​អង់​ទី​អុកស៊ី​ដង់​ខ្លាំង និង​មាន​នាទី​ជួយ​ថែរក្សា​សរសៃឈាម និង​ការពារ​សរសៃប្រសាទ​ពី​ការ​មាន​របួស និង​រលាក​។ កា​កៅ​ក៏​មាន​ប្រយោជន៍​ធ្វើអោយ​ឆ្អែត​, បង្កើន​ភាពឈ្លាសវៃ និង​អារម្មណ៍ល្អ​ដែរ​។ ចូរ​ប្រាកដថា ត្រូវ​ជ្រើស​រើ​សូកូឡា​ខ្មៅ​ណា​ដែល​មាន​ការកែច្នៃ​តិចតួច​បំផុត និង​ផ្ទុក​ទៅ​ដោយ​កា​កៅ​ខ្ពស់​យ៉ាងហោចណាស់ ៧០​ភាគរយ​ដែរ​។​
 
​ផ្កា​ខាត់ណា​ពណ៌​បៃតង (Broccoli)
​ផ្កា​ខាត់ណា​ពណ៌​បៃតង​ប្រហែលជា​ជួយ​កាត់បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​ច្រើន​ប្រភេទ ព្រោះ​តែ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ Sulforaphane ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំង​មួយ​ប្រភេទ​សម្រាប់​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំងនឹង​ការបំផ្លាញ​ពី​រ៉ាឌីកាល​សេរី និង​សារធាតុ​បង្ក​ជំងឺមហារីក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផ្កា​ខាត់ណា​ពណ៌​បៃតង​ពេល​នៅ​ឆៅ​មាន​ជីវជាតិ​មួយចំនួន​ដែរ​ក្នុង​ការជំរុញ​ប្រសិទ្ធភាព​ស្នូល​របស់ Sulphoraphen ដូច្នេះ​គួរតែ​ចម្អិន​វា​ល្មមៗ​បាន​ហើយ​ពេល​ទទួលទាន​។​
 
​ត្រី​ដែល​សម្បូរ​ខ្លាញ់​អូ​មេហ្គា​បី​
​ប្រភេទ​ខ្លាញ់​អូ​មេហ្គាបី​គឺជា​ភ្នាក់ងារ​ប្រឆាំងនឹង​ការ​រលាក​ពី​ធម្មជាតិ​ដ៏​ខ្លាំង​បំផុត​។ សារធាតុ​ធ្វើអោយ​រលាក​ប្រភេទ Cytokines គឺជា​អ្នក​បង្កអោយមាន​ជំងឺ​គ្រប់​ប្រភេទ ដូច្នេះហើយ ការបង្កើន​កម្រិត​អូ​មេហ្គាបី​នៅក្នុង​ខ្លួន អាច​ជួយ​ជំនះ​ការខូចខាត​របស់​កោសិការ​ដែល​បានមកពី​ការ​រលាក​ក្នុង​បេះដូង​, ខួរក្បាល និង​ជាលិការ​ផ្សេងៗ​ទៀត​។​
 
​ផ្លែ​អាល​ម៉ុន​
​ផ្លែ​អាល​ម៉ុន​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​ដោយសារ​តែ​វា​មាន​សារធាតុ​ដូចជា ជាតិ​សរសៃ​, Alpha Tocopherol (​ដែល​ជា​ទម្រ​ង​របស់​វីតាមីន E), ម៉ាញ៉េ​ស្យូម និង​ទង​ដែង​។ បើ​យោង​ទៅ​តាម​ការស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ​បានអោយដឹងថា​អត្ថប្រយោជន៍​របស់​វា​មានដូចជា ជួយ​បញ្ចុះ​ជា​តិកូ​ឡេ​ស្ទើ​រ៉ុល និង​សម្ពាធ​ឈាម និង​កាត់បន្ថយ​ការឡើង​ជាតិ​ស្ករ ដើម្បី​កុំឱ្យ​កើត​ជា​ជំងឺ Metabolic Syndrome និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ ចូរ​ចាំ​ថា ផ្លែ​អាល​ម៉ុន​មានកាល​ឡូរី​ខ្ពស់​ណាស់​។​
 
​ប៉េង​ប៉ោះ​
​ផ្លែ​ប៉េងប៉ោះ​សម្បូរ​ទៅ​ដោយ​សារធាតុ Lycopene ដែល​ជា​ម៉ូលេគុល​រុក្ខជាតិ​ម្យ៉ាង​ល្អ​ចំពោះ​សុខភាព​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម និង​បង្ការ​កុំអោយ​មាន​ជំងឺ​មហារីក​។ យន្តកា​រណ៍​មួយ​របស់​វា​គឺ​កាត់បន្ថយ​ការភ្ញោ​ច​អោយមាន​ដំណើរ​នៃ​ការ​រលាក និង​កាត់បន្ថយ​រ៉ាឌីកាល​សេរី​។​
 
​ខ្ទឹម​ស​
​ខ្ទឹមស​ផ្ទុក​ទៅ​ដោយ​សារធាតុ Allicin ដែល​ល្អ​ចំពោះ​សុខភាព​របស់​មនុស្ស​។ តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា ខ្ទឹមស​មាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង​ចំពោះ​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​តាមរយៈ​ការ​ជម្រុញ​ឱ្យ​មាន​ការ​បន្ធូរ ឬ​សម្រាក​របស់​សរសៃឈាម​។ វា​ដើរតួនាទី​ដូច​ជា​ថ្នាំ​រំលាយ​កំណក​ឈាម និង​ពង្រឹង​ស្ថានភាព​អង់​ទី​អុក​ស៊ីដង់​តាមរយៈ​កាត់បន្ថយ​កម្រិត​រ៉ាឌីកាល​សេរី និង​ភ្ញោ​ច​ឱ្យ​ផលិត​សារធាតុ Glutathione ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ច្រោះ​ជាតិពុល​នៅក្នុង​ថ្លើម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com