កីឡាជាតិ
ជាតិ
លោក ភា សុភក្ដ្រា៖ មិនត្រឹមតែដើម្បីឈ្នះលីគទេ តែកីឡាករក៏ត្រូវប្រឹងដើម្បីជាប់ជម្រើស ២៣រូបរបស់លោក Honda ដែរ
30, Nov 2022 , 7:59 pm        
រូបភាព
លោក ភា សុភក្ដ្រា ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្នុងពេលមកទស្សនាព្រឹត្តិការណ៍កីឡាជាតិ លើកទី៣
លោក ភា សុភក្ដ្រា ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្នុងពេលមកទស្សនាព្រឹត្តិការណ៍កីឡាជាតិ លើកទី៣
លោក ភា សុភក្ដ្រា គ្រូជំនួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា យល់ឃើញថា​ការប្រកួត Cambodian Premier League សប្ដាហ៍ចុងក្រោយ កាន់តែជក់ចិត្ត ព្រោះកីឡាករ មិនត្រឹមតែប្រកួតដើម្បីក្លិប ឈ្នះជើងឯកនោះទេ ប៉ុន្ដែក៏ត្រូវបង្ហាញសមត្ថភាព ដើម្បីជាប់ក្នុងជម្រើស ២៣នាក់ របស់លោក Keisuke Honda ទៅកាន់ប្រកួត AFF Mitsubishi Electric Cup។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លោក Keisuke Honda បានបង្ហោះសារ ថាខ្លួនបានសម្រេចរើសយក ២៦រូប (ក្រៅផ្លូវការ)។ ប៉ុន្ដែ អ្នកចាត់ការរូបនេះ នឹងសង្កេតមើលការប្រកួតចុងក្រោយបន្ទាប់ទៀត ដើម្បីជ្រើសយក ២៣រូបចុងក្រោយ​។ នោះ មានន័យថាការប្រកួតជើងឯក CPL សប្ដាហ៍ចុងក្រោយ ក៏ជាការសម្រេចចិត្តចុងក្រោយចំពោះបេក្ខភាពជម្រើសជាតិម្ពុជា ២៣រូបត្រៀមប្រកួត AFF Mitsubishi Electric Cup នៅពាក់កណ្ដាលខែធ្នូ ផងដែរ។
 
លោក ភា សុភក្ដ្រា ចាត់ទុកថានេះ គឺជាការលើកទឹកចិត្តដល់កីឡាករ ដើម្បីឲ្យប្រឹងបន្ថែម។ មុនពេល លោក Keisuke Honda បានបង្ហោះសារដូច្នេះ គឺអ្នកចាត់ការរូបនេះ ធ្លាប់បានបង្ហើបថា បានសម្លឹងឃើញ ៣៥រូប ប៉ុន្ដែក្រោយប៉ុន្មានប្រកួតមកនេះ លោកសម្រេចថា នៅសល់២៦រូប។ ប៉ុន្ដែ កីឡាករ ៣រូប នឹងត្រូវកាត់ចេញ ដោយយកត្រឹម២៣រូបចុងក្រោយ។ ចំពោះ សមាសភាពកីឡាករ រូបណាខ្លះនោះ លោក​ ភា សុភក្ដ្រា មិនអាចបញ្ជាក់បានទេ ដោយរង់ចាំមើលការសម្រេចចិត្តរបស់អ្នកចាត់ការសញ្ជាតិជប៉ុន។
 
ដោយឡែក គ្រូជំនួយរូបនេះ បានបន្ថែមទៀតថា កីឡាករ២៣រូបនោះ ក៏ត្រូវតែបន្ដការតេស្ដ 30-15 IFT ផងដែរ។ ក្នុងចំណោម ២៣រូបនោះ ប្រសិនមិនជាប់តេស្ដនេះ នឹងមាននីតិវីធីយ៉ាងណា លោក ភា សុភក្ដ្រា មិនទាន់អាចលម្អិតបានទេ ដោយគ្រាន់បញ្ជាក់ថា មន្ដ្រីក្រុមជម្រើសជាតិ នឹងរកកីឡាករល្អ ដើម្បីជួយក្រុម។
 
លោក ភា សុភក្ដ្រា បានបញ្ជាក់ទៀតថា តេស្ដ 30-15 IFT ជាធាតុផ្សំសម្រាប់ក្រុមជម្រើសជាតិ មិនមែនជាយុទ្ធសាស្ដ្រសម្រាប់ឈ្នះ ១០០ភាគរយនោះទេ។ ក្រុមការងាររបស់ជម្រើសជាតិ បានសង្កេតមើលទៅលើសមត្ថភាព បច្ចេកទេស និងភាពឈ្លាសវៃរបស់កីឡាករ រួចមកហើយ តាមរយៈការប្រកួតក្នុងលីគ។ 
 
«យើង គ្រាន់តែចង់ដឹងបន្ថែមអំពីកម្លាំងរបស់ពួកគាត់។ នេះ មិនមែនជារឿងថ្មីទេ សម្រាប់វិស័យបាល់ទាត់ ព្រោះការរៀបចំក្រុមនីមួយៗ ជាពិសេសសម្រាប់ក្លិបអាជីព មុនបើករដូវកាល។ គេតែងតែធ្វើ តេស្ដនេះ ដើម្បីបានទិន្នន័យ។ ដូច្នេះ ខ្ញុំ គិតថាជម្រើសជាតិ ក៏មិនមានអ្វីដែលថ្មីនោះទេ ក្នុងការយកតេស្ដ 30-15 IFT សម្រាប់ពួកគាត់ទេ។»។ គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា និយាយដូច្នេះ។
 
ជាមួយគ្នានេះដែរ លោក ភា សុភក្ដ្រា បានបន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡាជាតិមានសារសំខាន់សម្រាប់សហព័ន្ធកីឡាជាតិទាំងអស់ ក្នុងការវាស់ស្ទង់សមត្ថភាព បច្ចេកទេស របស់កីឡាករ និងមន្ដ្រីបច្ចេកទេសរៀបចំការប្រកួត ជាពិសេសការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
 
ចំពោះកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាជាតិនេះ លោក ភា សុភក្ដ្រា ​ឃើញកីឡាករ មានសមត្ថភាពជាច្រើន ដែលមកពីបណ្ដាលខេត្តចូលរួម។ នេះ បង្ហាញថាវិស័យកីឡាមួយនេះ កំពុងវិវឌ្ឍទៅមុខ ដោយមានយុវជន និងប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើនឡើង។
 
មន្ដ្រីក្រុមជម្រើសជាតិ បានសង្កេតមើល និងប្រៀបធៀប ទៅនិងទិន្នផលទាំងនេះ។ ដោយឡែក សម្រាប់ក្រុមជម្រើសជាតិ គឺមានគ្រប់គ្រាន់ ព្រោះកីឡាករ ដែលត្រូវចូលរួមជាមួយជម្រើសជាតិ ពួកគេភាគច្រើន ជាកីឡាករអាជីពក្នុងលីគកម្ពុជា។ ជាមួយនិងគោលការរបស់លីគកម្ពុជា ដែលតម្រូវឲ្យមានកីឡាករ អាយុ២២ ឆ្នាំបង្ហាញខ្លួនក្នុងទីលាន ដូច្នេះ អ្នកទាំងនោះ គឺជាស្នូលសំខាន់ ដែលត្រូវបានមន្ដ្រីរបស់ក្រុមជម្រើសជាតិ តាមដានលើការខិតខំប្រឹងប្រែងរបស់ពួកគាត់។
 
ប៉ុន្ដែនេះ មិនមែនមានន័យថា កីឡាករ ដែលមកពីបណ្ដាលខេត្ត យើងមិនយកចិត្តទុកដាក់លើសមត្ថភាពពួកគេទេ។ កីឡាករ ទាំងនោះ នឹងអាចជាប់ជាជម្រើសជាតិនៅថ្ងៃណាមួយ ប្រសិនជាពួកបន្ដការប្រឹងប្រែងហ្វឹកហាត់ និងស្មារតីប្រកួតប្រជែង។
 
«យើង មិនបានមើលទៅលើកន្លែង ឬក្លិបគាត់ កំពុងលេងទេ គឺយើងមើលទៅលើការបង្ហាញខ្លួន ទម្រង់លេងរបស់ពួកគាត់។ «យើង ត្រូវការតាមដានទិន្នន័យរបស់ពួកគាត់ ថាតើការបោះជំហានមកក្រុមជម្រើសជាតិ គាត់មានការរៀបចំខ្លួនគ្រប់គ្រាន់ទេ ជាពិសេសផ្នែកកម្លាំង»។» លោក ភា សុភក្ដ្រា បានបកស្រាយដូចនេះ។
 
 Cambodian Premier League រដូវកាល២០២២ នឹងបញ្ចប់ទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយ ៣ក្រុមមានពិន្ទុ ៤៩ដូចគ្នា គឺ ព្រះខ័នរាជ ស្វាយរៀង, ភ្នំពេញក្រោន និងវិសាខា។ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ បឹងកេត រីឯ ព្រះខ័នរាជ ស្វាយរៀង ត្រូវជួបជាមួយ វិសាខា។ ចំណែកចាប់ពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ជម្រើសជាតិកម្ពុជា ត្រូវប្រកួតជម្រុះក្នុងពូល A ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022៕
 

Tag:
 Keisuke Honda
  លោក ភា សុភក្ដ្រា
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com