អន្តរជាតិ
អាមេរិក​នឹង​ជួយ​អ៊ុយក្រែន​ជួសជុល​បណ្ដាញ​អគ្គិសនី​ដែល​ខូចខាត​ដោយសារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី
30, Nov 2022 , 7:29 pm        
រូបភាព
ដោយ: VOA
ស្ត្រី​មា្នក់​ដើរ​កាត់​តំបន់​កណ្តាល​ក្រុង​កៀវ ដែល​ដាច់​ចរន្ត​អគ្គិសនី​ក្រោយ​ពី​ត្រូវ​រង​ការ​វាយប្រហារ​រ៉ុក្កែត​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
 
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​កញ្ចប់​ជំនួយ​មួយ​ថ្មី​ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ដោះស្រាយ​ការ​ខូចខាត​ប្រព័ន្ធ​អគ្គិសនី​របស់​ខ្លួន​ដែល​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី។
 
ការ​ប្រកាស​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្រៅ​កិច្ច​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​អង្គការ​អូតង់ (NATO) នៅ​ក្នុង​ប្រទេស​រូម៉ានី។
 
មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​អ្នក​កាសែត​ថា ជំនួយ​នេះ​នឹង​មាន​ចំនួន «ច្រើន​គួរសម» ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ទំហំ​ពិត​ប្រាកដ​និង​ប្រភេទ​នៃ​កញ្ចប់​ជំនួយ​នេះ​ទេ។
 
សហរដ្ឋ​អាមេរិក​ក៏​គ្រោង​នឹង​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​ដទៃ​ទៀត​របស់​អ៊ុយក្រែន​ឱ្យ​ជួយ​អ៊ុយក្រែន​បន្ថែម​ទៀត​ដើម្បីឱ្យ​ជៀស​ផុត​ពី​ការ​កាត់ផ្ដាច់​ថាមពល​ផង​ដែរ ​ស្រប​ពេល​ដែល​ធាតុអាកាស​ត្រជាក់​ចូល​មក​ដល់។
 
បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​អ៊ុយក្រែន​រង​ការ​បំផ្លាញ​នៅ​ទូទាំង​ប្រទេស​តាំងពី​ដើម​ខែ​តុលា​មក​ដោយសារ​ការ​វាយ​ប្រហារ​មាន​គោលដៅ​របស់​រុស្ស៊ី ដែល​នេះ​ជា​អ្វី​ដែល​មន្ត្រី​សហរដ្ឋ​អាមេរិក​ហៅ​ថា​ជា​យុទ្ធនាការ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​យក​ធាតុអាកាស​ត្រជាក់​នៅ​រដូវ​រងា​ខាង​មុខ​នេះ​ជា​អាវុធ។
 
នៅ​មុន​កិច្ច​ប្រជុំ​ចូល​មក​ដល់ អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin «កំពុង​ព្យាយាម​ប្រើ​រដូវ​រងា​ជា​អាវុធ​នៃ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន» និង​ថា​ សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់​និង​ប្រទេស​អ៊ុយក្រែន «ចាំបាច់​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​វាយ​ប្រហារ​បន្ថែម​ទៀត»។
 
សម្ព័ន្ធមិត្ត​នីមួយៗ​របស់​អ៊ុយក្រែន​ក៏​ទំនងជា​នឹង​ប្រកាស​ផង​ដែរ​អំពី​ការ​ផ្គត់ផ្គង់​យុទ្ធោបករណ៍ថ្មី​ដល់​អ៊ុយក្រែន ​ដែល​ជា​ចម្បង​គឺ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​ត្រូវការ​យ៉ាង​ខ្លាំង​ដើម្បី​ការពារ​ដែន​អាកាស​របស់​ខ្លួន។ ប៉ុន្តែ​អង្គការ​អូតង់​ក្នុង​នាម​ជា​ស្ថាប័ន​ទាំង​មូល​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ ដើម្បី​បញ្ចៀស​មិន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ធំ​ជាង​នេះ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ដែល​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com