ជាតិ
អត្ថបទពាណិជ្ជកម្ម
បិទបញ្ចប់គម្រោងគាំទ្រដោយសហភាពអឺរ៉ុប ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
30, Nov 2022 , 4:59 pm        
រូបភាព
កម្មវិធីបិទបញ្ចប់គម្រោងគាំទ្រដោយសហភាពអឺរ៉ុបដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) និងការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីប្រវត្តិសាស្រ្ត ខ្មែរក្រហមក្រោមប្រធាន​បទ​៖ “រៀនសូត្រពីអតីតកាល ដើម្បីកសាងអនាគត” នឹងត្រូវប្រារព្ធនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

ចាប់តាំងពីឆ្នាំ ២០១០ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) បានផ្ដល់​វិភាគ​ទានដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់ សេវាគម្រោង(UNOPS)ប្រចាំកម្ពុជា ។ សហភាពអឺរ៉ុប ជាអ្នករួមចំណែកដ៏សំខាន់មួយដល់ អ.វ.ត.ក ដោយបានចូលរួមវិភាគ​ទានសរុបស្មើនឹង ១០ ភាគរយនៃការចំណាយទាំងអស់របស់ អ.វ.ត.ក។
 


នាខែកក្កដា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២២ ទឹកប្រាក់សរុបចំនួន ៥ លានអឺរ៉ូ ត្រូវបានចំណាយ ទៅលើប្រាក់បៀវត្សន៍សម្រាប់បុគ្គលិកជាតិ និងអន្តរជាតិនៃ អ.វ.ត.ក និងសកម្មភាពរបស់អង្គការ សង្គមស៊ីវិល រួមមាន អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងអង្គការក្តីករុណា ក្រោមកិច្ចសហការជាមួយ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីប្រវត្តិសាស្រ្ត ខ្មែរក្រហមដល់យុវជនជាសិស្ស និស្សិត គ្រូបង្រៀន និងអ្នករស់រានមានជីវីតពីរបបខ្មែរក្រហម។ 
 
សកម្មភាពសំខាន់ៗនៃកម្មវិធីការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីខ្មែរក្រហម រួមមាន សកម្មភាពផ្សព្វផ្សាយ ការងារចងចាំ កិច្ចសន្ទនាអន្តរជំនាន់ ការប្រមូលប្រវត្តិសាស្ត្រផ្ទាល់មាត់ និង វេទិកាសិក្សាតាមប្រព័ន្ធអនឡាញ  ដោយ​មានក្រុមអ្នកទទួលផលសរុបចំនួន ២,០០០ នាក់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សិស្ស និស្សិត និងគ្រូបង្រៀននៅក្នុងរាជធានី ខេត្តចំនួនប្រាំបី ក្នុងប្រទេសកម្ពុជា។
 


ក្នុងឱកាសនៃការបិទបញ្ចប់់គម្រោងនេះ លោកស្រី Sharon LEWIS នាយិកាស្ដីទីបានលើកឡើងថា៖«យើងជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងបានធ្វើឱ្យមានផលជះ និងការផ្លាស់ប្តូរជាវិជ្ជមាន ដល់ជនរងគ្រោះនៃឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ បន្ថែមពីនេះ សកម្មភាពទាំងអស់នេះបានកសាងទំនាក់ទំនងគ្នារវាងមនុស្សចាស់ និងយុវជនជំនាន់ក្រោយតាមរយៈកិច្ចសន្ទនាអន្តរជំនាន់ និងការប្រមូលប្រវត្តិសាស្រ្តផ្ទាល់មាត់ដែលជាកិច្ចការដ៏សំខាន់ក្នុងការរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា»។
 
ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើកឡើងថា៖«ប្រវត្តិសាស្ត្រខ្មែរក្រហមនៅតែដក់ជាប់ក្នុងការចងចាំរបស់ប្រជាជនកម្ពុជាជាច្រើនដែលបានឆ្លងកាត់របប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ ហេតុ​ដូច្នេះ​ហើយ​ទើបសារមន្ទីរ​ទួលស្លែង​មាន​បេសកកម្ម​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​របប​ខ្មែរ​ក្រហម ​ក្នុង​ចំណោម​យុវជន។ គម្រោងនេះមាន​គោលបំណង​រថែរក្សា​ប្រវត្តិសាស្ត្រ ចងចាំ​អ្នក​ដែល​បាន​បាត់បង់ជីវិត និង​ទប់ស្កាត់​ការ​កើតឡើង​វិញ​នៃ​អំពើ​ប្រល័យពូជសាសន៍ ដោយ​ការ​រក្សា​ទីតាំង​ឧក្រិដ្ឋកម្ម និង​ឆ្លុះបញ្ចាំង ​ពី​ប្រវត្តិសាស្ត្រ​»​។

អំពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោងនៅកម្ពុជា (UNOPS) 

បេសកកម្មរបស់ UNOPS ជួយប្រជាជនកសាងជីវិតកាន់តែប្រសើរឡើង និងជម្រុញប្រទេសនានាឲ្យសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងផ្តល់ការគាំទ្រដល់ភ្នាក់ងារអង្គការសហប្រជាជាតិ រដ្ឋាភិបាល និងដៃគូផ្សេងទៀតក្នុងការគ្រប់គ្រងគម្រោង និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងលទ្ធកម្មប្រកបដោយប្រសិទ្ធភាព៕
សូមទំនាក់ទំនង៖
 
ម៉ៅ ច័ន្ទដាលី មន្ត្រីផ្នែកទំនាក់ទំនង៖ [email protected] / +៨៥៥​ ១២ ៣៥២ ៩៩៣
អាន​បន្ថែម:
www.unops.org | Follow us on: Facebook
 

 








© រក្សាសិទ្ធិដោយ thmeythmey.com