អន្តរជាតិ
អតីតមេដឹកនាំចិន ជាំង ហ្សេមីន ស្លាប់ក្នុងវ័យ៩៦ឆ្នាំ
30, Nov 2022 , 3:43 pm        
រូបភាព
អតីតមេដឹកនាំកំពូលចិន លោក ជាំង ហ្សេមីន ទទួលមរណភាពក្នុងវ័យ៩៦ឆ្នាំ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua នៅថ្ងៃទី៣០ ខែវិច្ឆិកា។
 
លោក ជាំង ដឹកនាំចិនក្រោយព្រឹត្តិការណ៍បង្រ្កាបនៅទីលានធានអាមិននៅឆ្នាំ១៩៨៩។ លោកកាន់តំណែងលេខាបក្សកុម្មុយនីស្តចិនចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២, ជាប្រធានគណៈកម្មការយោធាមជ្ឈិមចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៤ និងជាប្រធានាធិបតីពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣។
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា លោកស្លាប់នៅឯទីក្រុងសៀងហៃដោយសារជំងឺវង្វេង និងគ្រឿងក្នុងឈប់ដំណើរការ។

ជាមេដឹកនាំជំនាន់ក្រោយលោក តេង ស៊ាវភីង លោក ជាំង ជាមេដឹកនាំចិនដែលកាច់ចង្កូតប្រទេសអំឡុងទសវត្សរ៍១៩៨០ ដែលចាប់ផ្ដើមការកែទម្រង់ ហើយឆ្លងមកដល់សម័យសហវត្សរ៍តែម្ដង។ លោក ជាំង ផ្ទេរតំណែងឱ្យលោក ហ៊ូ ជីនថាវ ហើយក៏ចូលនិវត្តន៍រហូត។

ជារឿយៗ លោកចេញមុខក្នុងកម្មវិធីធំៗប៉ុណ្ណោះ។ ប៉ុន្តែលោកបានអវត្តមានក្នុងសមាជបក្សលើកទី២០ ខែតុលាកន្លងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com