អន្តរជាតិ
មន្ទីរបញ្ចកោណ៖ ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ១៥០០ នៅឆ្នាំ២០៣៥
30, Nov 2022 , 8:29 pm        
រូបភាព
មីស៊ីលបាលីស្ទិកអន្តរទ្វីបរបស់ចិន DF-41 ដែលអាចផ្ទុកក្បាលនុយក្លេអ៊ែរ រូបថត Xinhua
មីស៊ីលបាលីស្ទិកអន្តរទ្វីបរបស់ចិន DF-41 ដែលអាចផ្ទុកក្បាលនុយក្លេអ៊ែរ រូបថត Xinhua
ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងដៃដល់ទៅ១៥០០គ្រាប់នៅត្រឹមឆ្នាំ២០៣៥ ប្រសិន​បើចិនរក្សាល្បឿនអភិវឌ្ឍវិស័យនុយក្លេអ៊ែរនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ចេញដោយមន្ទីរបញ្ចកោណ នៅថ្ងៃទី២៩ ខែវិច្ឆិកា។


មន្ទីរបញ្ចកោណនៅថ្ងៃទី២៩ ខែវិច្ឆិកាបានចេញរបាយការណ៍ប៉ាន់ស្មានស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិននៅឆ្នាំ២០៣៥ ដែលអាចនឹងមានដល់ ១៥០០គ្រាប់។ តួលេខនៃការព្យាករណ៍នេះបានធ្វើឱ្យអាម៉េរិកព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះចេតនារបស់ចិនដែលតែងចង់ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ 
 
«ពួកគេបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សដែលវាមានភាពសំខាន់ ត្រូវតែធ្វើឱ្យស្ថិតក្រោមការគ្រប់គ្រង»។ មន្ត្រីការពារជាតិជាន់ខ្ពស់របស់អាម៉េរិកមួយរូប លើកឡើងដោយការព្រួយបារម្ភបែបនេះអំឡុងសន្និសីទសារព័ត៌មានស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណលើសកម្មភាពយោធារបស់ចិន។
 
ក្នុងឆ្នាំ២០២១ មន្ទីរបញ្ចកោណបានព្យាករណ៍ស្តីពីឃ្លាំងក្បាលគ្រាប់នុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងដែរ ដែលអាចមានក្បាលគ្រាប់១ពាន់គ្រាប់ នៅឆ្នាំ២០៣០។ បើសម្ទុះនៃការជំរុញវិស័យនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងនៅតែមិនផ្លាស់ប្តូរទេ នៅឆ្នាំ២០៣៥ ចិនអាចនឹងមានក្បាលគ្រាប់ក្នុងដៃដល់ទៅ ១៥០០គ្រាប់។ របាយការណ៍ដែលគ្របដណ្តប់ជាចម្បងលើសកម្មភាពយោធាចិនក្នុងឆ្នាំ ២០២១ បញ្ជាក់ថាចិនមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង៤០០គ្រាប់។
 
កន្លងមក ចិនអះអាងថា ឃ្លាំងក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួននៅមានចំនួនតិចជាងអាម៉េរិក និងរុស្ស៊ីដែលក្បាលគ្រាប់ប្រទេសទាំងពីររួមគ្នាមាន៩០ភាគរយនៃចំនួនក្នុងពិភពលោក។ បច្ចុប្បន្ន អាម៉េរិកមានក្បាលគ្រាប់ក្នុងដៃប្រមាណ ៣៧០០គ្រាប់ ដែលក្នុងនោះក្បាលគ្រាប់១៧៤០ ត្រូវបានដាក់ពង្រាយ។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)។ ចំណែករុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរជិត៦ពាន់គ្រាប់ឯណោះ។
 
បើទោះរបាយការណ៍មិនបានបង្ហាញថាចិនកំពុងបង្កើនល្បឿនអភិវឌ្ឍក្បាលគ្រាប់ក៏ដោយ ការព្យាករណ៍ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចិននាពេលអនាគតបង្កើនក្ដីព្រួយបារម្ភទៅឱ្យអាម៉េរិកយ៉ាងខ្លាំង។ មេដឹកនាំចិន ស៊ី ជិនភីង អំឡុងបើកសមាជបក្សកុម្មុយនិស្តកាលពីខែតុលា ក៏បានប្រកាសថាទីក្រុងប៉េកាំងនឹងពង្រឹងការរារាំងជាយុទ្ធសាស្ត្ររបស់ខ្លួន ដែលសំដៅដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
 
គួរបញ្ជាក់ថា ចិនកំពុងសាងសង់ទីកន្លែងបាញ់មីស៊ីលអន្តរទ្វីបចំនួន៣ និងកំពុងបង្កើនសមត្ថភាពយោធាអវកាស ក៏ដូចជាអភិវឌ្ឍបច្ចេកវិទ្យាជាច្រើន រួមទាំងមីស៊ីល kinetic-kill និងមនុស្សយន្តអវកាសផងដែរ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com