អន្តរជាតិ
បេតិកភណ្ឌ៖ វៀតណាមជោគជ័យ​ក្នុងការចុះបញ្ជី «សិល្បៈនៃការធ្វើគ្រឿងស្មូន​របស់ជនជាតិចាម»
30, Nov 2022 , 9:29 pm        
រូបភាព
ដោយ: ធីតា
«សិល្បៈនៃការធ្វើគ្រឿងស្មូន​របស់ជនជាតិចាម» (Art of pottery-making of Cham people) ត្រូវបាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌អរូបី ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ (Urgent Safeguarding List) របស់អង្គការ​យូណេស្កូ តាម​សំណើរ​របស់​រដ្ឋាភិបាល​វៀតណាម។ ការអនុម័តសម្រេចបានធ្វើឡើង​នា​កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក កាលពី​រាត្រីថ្ងៃទី២៩ ខែវិច្ឆិកា។
 
 

តាមឯកសារ​ដែល​វៀតណាម​បញ្ជូនទៅអង្គការយូណេស្កូ ជំរឿន​កាលពី​ខែ​មេសា ឆ្នាំ​២០១៩ បង្ហាញថា ជនជាតិចាម​រស់នៅទឹក​វៀតណាម មាន​ជិត១៨០ ០០០នាក់។ ជាក្រុម​ជន​ជាតិ​ដើម​ភាគតិច១ក្នុងចំណោម​៥៤ក្រុមនៅវៀតណាម ជន​ជាតិចាម​មាន​ប្រពៃណី​វប្បធម៌​ដ៏សម្បូរបែប ជាពិសេសសិល្បៈស្មូន​ក្អម​ឆ្នាំង។
 
របាយការណ៍​បង្ហាញថា សិល្បៈនៃការ​ធ្វើគ្រឿង​ស្មូន​របស់ជនជាតិ​ចាម មាន​ការពេញនិយម​យ៉ាងខ្លាំងនៅភាគខាងត្បូង​វៀតណាម ជាពិសេសភូមិ​ចំនួន​ពីរ គឺភូមិ Bau Truc ក្នុងខេត្ត Ninh Thuan និងភូមិ Binh Duc ក្នុងខេត្ត Binh Thuan ដែលជាការផ្ទេរចំណេះ​តៗគ្នា។
 

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី បាន​ចុះបញ្ជី «សិល្បៈនៃការធ្វើគ្រឿងស្មូន​របស់ជនជាតិចាម» ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌អរូបី ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ រួមជាមួយ​សំណើរ​៣ផ្សេងទៀត ពីស៊ីលី (Quinchamalí and Santa Cruz de Cuca pottery), តួកគី (Traditional Ahlat stonework) និងអាល់បានី (ជំនាញ​ត្បាញ Xhubleta, skills, craftsmanship and forms of usage)។
 
ដោយឡែក គុនល្បុក្កតោខ្មែរ ស្ថិតក្នុង​ចំណោម​សំណើរសុំចំនួន៤៦ ដែល​ត្រូវបាន​ចុះក្នុង​ «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»៕


 

Tag:
 បេតិកភណ្ឌ
  យូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com