អន្តរជាតិ
សាកលវិទ្យាល័យ​នៅ​ចិន​បញ្ជូន​និស្សិត​ទៅ​ស្រុក​កំណើត​វិញ​ខណៈ​មាន​បាតុកម្ម​ផ្ទុះ​ឡើង
01, Dec 2022 , 8:29 am        
រូបភាព
ដោយ: VOA
បាតុករ​កាន់​ក្រដាស​ស​ទទេ​ ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រោយ​ពី​មាន​ការ​​ជួបជុំ​ដើម្បី​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​នៅ​ទីក្រុង Urumqi តំបន់ Xinjiang៕
 
សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ចិន​កំពុង​បញ្ជូន​និស្សិត​របស់​ខ្លួន​ទៅ​កាន់​គេហដ្ឋាន​វិញ ខណៈ​គណបក្ស​កុម្មុយនីស្ត​ចិនរឹតបន្តឹង​វិធានការ​បង្ការ​កូវីដ និង​ព្យាយាម​បង្ការ​កុំ​ឱ្យ​មាន​បាតុកម្ម​បន្ថែម​ទៀត បន្ទាប់​ពី​មាន​ហ្វូង​មនុស្ស​ដែល​ខឹងសម្បា​នឹង​វិធានការ​តឹងតែង​បំបាត់ជំងឺ​កូវីដ​ឱ្យ​អស់​ទាំង​ស្រុង​ឬ​ហៅ​ថា «សូន្យកូវីដ‍» (Zero Covid) បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​ចិន​លោក Xi Jinping ចុះចេញ​ពី​តំណែង នៅ​ក្នុង​ការ​បង្ហាញ​ការ​ប្រឆាំង​របស់​សាធារណជន​ដ៏​ខ្លាំង​បំផុត​ជា​ច្រើន​ទសវត្សរ៍​មក​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។
 
ដោយ​ក្រុម​ប៉ូលិស​បាន​ចេញ​មក​ពង្រឹង​កម្លាំង​យ៉ាង​ព្រោងព្រាត គេ​មិន​ឮ​មាន​ការ​ប្រកាស​ពី​បាតុកម្ម​កាល​ពី​ថ្ងៃអង្គារ ទី ២៩ ខែ​វិច្ឆិកា ​នៅ​ទី​ក្រុង​ប៉េកាំង សៀងហៃ ឬ​ទីក្រុង​ធំៗ​ដទៃ​ទៀត​នោះ​ទេ។
 
វិធានការ​រឹតបន្តឹង​បង្ការ​ជំងឺ​កូវីដ​ខ្លះ​ត្រូវ​បាន​បន្ធូរបន្ថយ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​អាច​ជា​កិច្ចប្រឹងប្រែង​ដើម្បី​បន្ថយ​កំហឹង​សាធារណជន​បន្ទាប់​ពី​បាតុកម្ម​កាល​ពី​ចុង​សប្តាហ៍​នៅ​តាម​បណ្ដា​ទី​ក្រុង​យ៉ាង​ហោច​ណាស់​ចំនួន៨។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​របស់​ចិន​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​បន្ត​យុទ្ធសាស្ត្រ «សូន្យកូវីដ‍»​ ដែល​តម្រូវ​ឱ្យ​បិទ​ខ្ទប់​មនុស្ស​រាប់​លាន​នាក់​នៅ​គេហដ្ឋាន​របស់​ខ្លួន​ ដើម្បី​ព្យាយាម​បំបែក​រាល់​ករណី​ឆ្លង​នីមួយៗ។​
 
សាកលវិទ្យាល័យ Tsinghua ដែល​ជា​កន្លែង​លោក​ប្រធានាធិបតី Xi ធ្លាប់​រៀន​ហើយ​និង​មាន​ការ​តវ៉ា​របស់​និស្សិត​កាល​ពី​ថ្ងៃ​អាទិត្យ ព្រម​ទាំង​សាកលវិទ្យាល័យ​ផ្សេង​ទៀត​នៅ​រដ្ឋធានី​ប៉េកាំង​និង​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ក្វាងទុង (Guangdong) និយាយ​ថា ​ពួកគេ​បញ្ជូន​និស្សិត​ទៅ​គេហដ្ឋាន​វិញ​ដើម្បី​ការពារ​និស្សិត​ពី​ការ​ឆ្លង​កូវីដ។ ក៏​ប៉ុន្តែ​ការ​បញ្ជូន​និស្សិត​ទៅ​ស្រុកកំណើត​វិញ​យ៉ាង​ឆ្ងាយ​នោះ ក៏​បន្ថយ​លទ្ធភាព​ដែល​ពួក​គេ​អាច​ប្រមូល​ផ្តុំ​គ្នា​ក្នុង​បរិវេណ​សាលា​ដើម្បី​តវ៉ា​ដូច​កាល​ពី​ចុង​សប្តាហ៍។
 
សាកលវិទ្យាល័យ​ខ្លះ​បាន​រៀបចំ​រថយន្ត​ក្រុង​ដើម្បី​ដឹក​ជញ្ជូន​និស្សិត​ទៅ​កាន់​ស្ថានីយ​រថភ្លើង។ ពួក​គេ​ថា​ថ្នាក់រៀន​និង​ការ​ប្រឡង​បញ្ចប់​នឹង​ធ្វើ​តាម​អនឡាញ​ជំនួស​វិញ។
 
សាកលវិទ្យាល័យ​វនវប្បកម្ម​ប៉េកាំង បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា៖ «យើង​នឹង​រៀបចំ​ឱ្យ​និស្សិត​ដែល​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួក​គេ​វិញ‍»។ សាកលវិទ្យាល័យ​ថាមក​ដល់​ពេល​នេះ បុគ្គលិកនិង​និស្សិត​ទាំង​អស់​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន​ជំងឺ​កូវីដ១៩។​
 
បរិវេណ​សាកលវិទ្យាល័យ​នានា​ធ្លាប់​ជា​ប្រភព​នៃ​ការ​តស៊ូ​មតិ​កាល​ពី​កិច្ចប្រឹងប្រែង​ជំរុញ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ចុងក្រោយ​បង្អស់​នៅ​ចិន​ដីគោក​កាល​ពី​ទសវត្សរ៍​១៩៨០ ដែល​វិវត្ត​រហូត​ក្លាយ​ជា​ចលនា​ដឹកនាំ​ដោយ​និស្សិត​នៅ​ឆ្នាំ​១៩៨៩ ដែល​បាន​កាន់កាប់​ទី​លាន Tiananmen (ធានអានមេន) ដែល​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ខ្លាំង​ដោយ​កងទ័ព។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com