អន្តរជាតិ
ISIS តែងតាំងមេដឹកនាំថ្មី ក្រោយមេដឹកនាំចាស់ត្រូវសម្លាប់ដោយការវាយឆ្មក់នៅស៊ីរី
01, Dec 2022 , 11:49 am        
រូបភាព
សកម្មជនរដ្ឋឥស្លាមនាពេលកន្លងមក។ រូបថត Al Arabiya
សកម្មជនរដ្ឋឥស្លាមនាពេលកន្លងមក។ រូបថត Al Arabiya
ដោយ:
ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម(ISIS) បញ្ជាក់នៅថ្ងៃទី៣០ ខែវិច្ឆិកាថា មេដឹកនាំរបស់ខ្លួន លោក Abu Hasan al-Hashimi al-Qurashi ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធជាមួយសត្រូវ។ ទន្ទឹមនេះ ក្រុម ISIS ក៏បានបង្ហាញមុខមាត់មេដឹកនាំថ្មីស្នងតំណែងពីលោក al-Qurashi ផងដែរ។
 
ដោយមិនលម្អិតពីកាលបរិច្ឆទ ឬនរណាជាអ្នកសម្លាប់ អ្នកនាំពាក្យរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(ISIS) ប្រកាសនៅថ្ងៃទី៣០ ខែវិច្ឆិកាថា មេដឹកនាំរបស់ខ្លួន លោក Abu Hasan al-Hashimi al-Qurashi ដែលជាជនជាតិអ៊ីរ៉ាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធជាមួយសត្រូវរបស់ព្រះ។
 
ក្រោយការប្រកាសនេះ ទីបញ្ជាការកណ្តាលរបស់យោធាអាម៉េរិកអះអាងថា មេដឹកនាំ ISIS ត្រូវបានសម្លាប់ថ្មីៗនេះ អំឡុងការវាយឆ្មក់ដោយកងកម្លាំងស៊ីរីក្នុងតំបន់។ កន្លងមក យោធាអាម៉េរិកបញ្ជាក់ថា លោក Hashimi ត្រូវបានសម្លាប់នៅពាក់កណ្តាលខែតុលាក្នុងប្រតិបត្តិការរបស់ក្រុមឧទ្ទាមកងទ័ពស៊ីរីសេរីក្នុងខេត្ត Daraa ភាគខាងត្បូងស៊ីរី។ 
 
«​ការស្លាប់របស់ Abu al-Hassan al-Hashimi al-Qurayshi នៅពាក់កណ្តាលខែកុម្ភៈគឺជាការបំផ្លាញមួយទៀតដល់ក្រុម ISIS»។ អ្នកនាំពាក្យទីបញ្ជាការកណ្តាលរបស់យោធាអាម៉េរិក វរសេនីយ៍ឯក Joe Buccino លើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៣០ ខែវិច្ឆិកា។
 
ទន្ទឹមនេះ ក្រុម ISIS ក៏បានប្រកាសមេដឹកនាំថ្មីដែរ។ ក្នុងសារជាសំឡេង អ្នកនាំពាក្យក្រុម ISIS ប្រកាសពីការតែងតាំងលោក Abu al-Hussein al-Husseini al-Qurashi ជាមេដឹកនាំក្រុម ISIS ថ្មី។ 
 
លោក al-Qurayshi ជាមេដឹកនាំ ISIS ទីពីរហើយដែលត្រូវបានសម្លាប់ក្នុងឆ្នាំនេះ។ មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមពីរនាក់ទៀតត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មរបស់អាម៉េរិកនៅស៊ីរី ដោយលោក Aby Ibrahim al-Hashimi al-Qurayshi ស្លាប់ក្នុងខែកុម្ភៈ ហើយ លោក Abu Bakr al-Baghdadi ស្លាប់ក្នុងឆ្នាំ២០១៩៕
 
 
 
 

Tag:
 ISIS
© រក្សាសិទ្ធិដោយ thmeythmey.com