FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បែលហ្ស៊ិកត្រូវការឈ្នះក្រូអាស៊ីដាច់ខាត ខណៈម៉ារ៉ុកត្រូវការឈ្នះ ឬស្មើកាណាដា
01, Dec 2022 , 4:00 pm        
រូបភាព
ការប្រកួតពីរពូលបន្ថែមទៀតនៃព្រឹត្តិការណ៍ FIFA World Cup 2022 ​នៅថ្ងៃទី​១​ ខែវិច្ឆិកានេះ នឹងត្រូវកាត់សេចក្តីស្វែងរក ៤ក្រុមបន្តទៀត ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយបន្ត។ ជំនួបពូល F ក្រូអាស៊ីជួបបែលហ្ស៊ិកជាការប្រកួតប្រជែងគ្នាដ៏ខ្លាំង ខណៈម៉ារ៉ុកទល់កាណាដា ត្រូវការត្រឹមឈ្នះឬស្មើ។ ចំណែកកូស្តារីកាត្រូវជួបអាល្លឺម៉ង់ រីឯជប៉ុនស្វែងរកក្តីសង្ឃឹមខ្លួនទល់អេស្ប៉ាញក្នុងពូល E។


ពូល F កំពុងតែស្ថិតក្នុងការប្រកួតប្រជែងខ្លាំង ខណៈមិនទាន់រកឃើញក្រុមឡើងទៅវគ្គ ១៦ក្រុមបន្តនៅឡើយ នាយប់នេះវេលាម៉ោង ១០យប់។ ក្រូអាស៊ីកំពុងស្ថិតនៅកំពូលតារាង ត្រូវប្រជែងគ្នាខ្លាំងជាមួយបែលហ្ស៊ិកក្នុងកីឡដ្ឋាន Ahmed Bin Ali ។ ក្រូអាស៊ីត្រូវការត្រឹមស្មើឬឈ្នះ តែបែលហ្ស៊ិកត្រូវការឈ្នះដាច់ខាត ដើម្បីអាចឈ្នះកៅអីវគ្គបន្ត។ 
 
ម៉ារ៉ុកការប្រកួតទល់បែលហ្ស៊ិកធ្វើបានល្អខ្លាំង ដោយយកឈ្នះ ២-០ ។ ម៉ារ៉ុក នឹងត្រូវជួបកាណាដា ដែលជាក្រុមធ្លាក់ចេញពីការប្រកួតនៅជុំទីពីរ​ ។ ប៉ុន្តែម៉ារ៉ុកមិនអាចធ្វេសប្រហែសឱ្យចាញ់ការប្រកួតនេះឡើយ។ ម៉ារ៉ុកត្រូវប្រកួតទល់កាណាដា ក្នុងកីឡដ្ឋាន Al Thumama វេលាម៉ោង ១០យប់។ ម៉ារ៉ុកមាន ៤ពិន្ទុស្មើក្រូអាស៊ី ដើម្បីអាចរក្សាកៅអីវគ្គ ១៦ក្រុមបានដោយសុវត្ថិភាពពួកគេត្រូវការស្មើ និងឈ្នះចាំបាច់លើកាណាដានារាត្រីនេះ។
 
ចំណែកការប្រកួតពូល E ដែលធ្វើឡើងនៅវេលាម៉ោង ២យប់ កូស្តារីកាត្រូវទប់ទល់ក្រុមខ្លាំងអាល្លឺម៉ង់ ដែលកំពុងស្រែកឃ្លានជ័យជម្នះដាច់ខាតខ្លាំងបំផុត ដើម្បីឡើងទៅវគ្គបន្ត ក្នុងកីឡដ្ឋាន Al Bayt។ កូស្តារីកាទោះរកបានជ័យជម្នះលើជប៉ុន ប៉ុន្តែគ្រាប់បាល់ដ៏ច្រើននៅមិនអាចសងរួច ក្រោយពួកគេចាញ់អេស្ប៉ាញដល់ទៅ ៧គ្រាប់ ។ កូស្តារីកាក៏ត្រូវការឈ្នះខ្លាំងបំផុតដែរនារាត្រីនេះ។
 
ជំនួបរវាងជប៉ុនទល់អេស្ប៉ាញ នាកីឡដ្ឋាន Khalifa International វេលាម៉ោង ២យប់រំលងអាធ្រាត្ររាត្រីនេះ ជប៉ុនខកខានឱកាសមាសក្រោយចាញ់កូស្តារីកានៅជុំទីពីរ ដែលរុញច្រានពួកគេឱ្យមកប្រជែងក្នុងការប្រកួតដ៏លំបាកទល់អេស្ប៉ាញ។ ជប៉ុនត្រូវការជ័យជម្នះដាច់ខាត ឬស្មើក្នុងចំនួនគ្រាប់ស៊ុតដ៏ច្រើន ដើម្បីអាចគេចផុតពីការតាមប្រម៉ាញ់ពីសំណាក់ក្រុមអាល្លឺម៉ង់ ដែលត្រូវការជ័យជម្នះដ៏ខ្លាំងដូចគ្នាទល់កូស្តារីកា។ រីឯអេស្ប៉ាញទោះមាន ៤ពិន្ទុក្តីក៏នៅតែមិនអាចការពារសុវត្ថិភាព ១០០ភាគរយបានឡើយ៕
 
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com