ជាតិ
សេដ្ឋកិច្ច
ក្រសួងអប់រំ ត្រៀមថវិកា ២១ពាន់លានរៀល សម្រាប់ដំណើរការប្រលងបាក់ឌុប 01, Dec 2022 , 9:59 pm
រូបតំណាង៖ សិស្ស ចាកចេញពីមណ្ឌលប្រឡងនៅវិទ្យាល័យ ទួលទំពូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
× ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមថវិកា២១ពាន់លានរៀល(ប្រមាណ ៥លានដុល្លារអាម៉េរិក) សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៥-៦ធ្នូ ឆ្នាំ២០២២។
បើតាមអ្នកពាក្យក្រសួងអប់រំ លោក រស់ សុវាចា ថវិកាប្រមាណ៥លានដុល្លារដែលក្រសួងត្រៀមសម្រាប់ដំណើរការប្រឡងបាក់ឌុបឆ្នាំសិក្សា២០២១-២០២២នេះ គឺចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រលង ដែលមានទាំងការតាក់តែងប្រធានវិញ្ញាសា ,ពេលធ្វើកំណែវិញ្ញាសា និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រជាដើម។
លោកបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងនឹងចំណាយលើការឧបត្ថម្ភលោកគ្រូ-អ្នកគ្រូ ដែលជាអនុរក្សគ្រប់ដំណាក់កាលនៃការប្រលង, ក្រុមការងារគ្រប់គ្រងមណ្ឌលប្រលង, គណ:កម្មការពាក់ព័ន្ធនិងការទិញសម្ភារផ្សេងៗ សម្រាប់រៀបចំដំណើរការប្រលង រយៈពេលពីរថ្ងៃនេះ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៥-៦ធ្នូ ឆ្នាំ២០២២។ លោក រស់ សុវាចា បានបញ្ជាក់យ៉ាងខ្លីដូច្នេះ៖« ថវិកាប្រមាណ៥លានដុល្លារ [ត្រូវបាន]ចំណាយរៀបចំដំណើរការប្រលងបាក់ឌុបរៀងរាល់ឆ្នាំ»។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ ក៏បានរៀបចំគណៈកម្មការមេប្រយោគ និងគណៈកម្មការអប្បមាទ ក៏ដូចជាគណៈកម្មការផ្សេងៗទៀត ដែលប្រើប្រាស់បុគ្គលិកអប់រំជាង ៧,៧ម៉ឺននាក់។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានលើកបែបនេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ធ្លាប់បានបញ្ជាក់ថា ក្រសួងក៏មានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយនៅគ្រប់ដំណាក់កាលទាំងអស់នៃការប្រលង ដែលមានអ្នកចូលរួមសង្កេតការណ៍ប្រមាណ ២ ០០០ នាក់ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមសម្រួលដល់ការប្រលងនេះ ផងដែរ។
របាយការណ៍ពី ក្រសួងអប់រំបានបង្ហាញថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២នេះ គឺមានបេក្ខជនចុះឈ្មោះប្រលងចំនួន១២៨ ១៣៤នាក់ (ស្រី៦៨ ៧៧១នាក់) ដោយត្រូវបានចែកចេញជា២២១មណ្ឌលត្រូវជា៥ ១៧៤បន្ទប់។ ដោយឡែក លទ្ធផលប្រលងក្រសួងអប់រំ នឹងប្រកាសនៅរសៀលថ្ងៃទី២៧ធ្នូសម្រាប់មណ្ឌលប្រលងនៅភ្នំពេញ និងខេត្តកណ្តាលនិងថ្ងៃទី២៨ធ្នូសម្រាប់ខេត្តផ្សេងៗទៀតទូទាំងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com