ជាតិ
សង្គមជាតិ
កម្ពុជា បញ្ឈប់ការនាំចូលម៉ូតូជជុះ ខណៈការបញ្ឈប់នាំចូលឡានជជុះ កំពុងស្ថិតក្នុងការពិចារណា
01, Dec 2022 , 7:59 pm        
រូបភាព
 រូបពីគេហទំព័រ shutterstock
រូបពីគេហទំព័រ shutterstock
ដោយ៖ ទេពញាណ 

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសថា មកដល់បច្ចុប្បន្ន កម្ពុជា មានលទ្ធភាពបញ្ឈប់ការនាំចូលម៉ូតូជជុះហើយ។ សម្តេច លើកឡើងក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថា បើមកដល់ពេលនេះ ការនាំចូលម៉ូតូជជុះមកកម្ពុជា មិនទាន់ត្រូវបានបិទបញ្ចប់ គួរតែចាប់ផ្តើមបិទបញ្ចប់។ 
 
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៅវិទ្យាល័យជ្រៃ និងសមិទ្ធផលផ្សេងទៀត ក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ស ខេង មានប្រសាសន៍ដូច្នេះថា៖«ពីមុនមក រដ្ឋបាតដៃទទេ ប្រជាជនបាតដៃទទេ ហើយម៉ូតូដែលនាំមកហ្នឹង អាចនៅប្រើប្រាស់បាន យើងចេះតែធ្មេចភ្នែក។ តែឥឡូវ យកមក មានបញ្ហាគ្រោះថ្នាក់ ហើយ [ប៉ះពាល់] បរិស្ថានទៀត»។ 
  

 សម្តេច ស ខេង ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៅវិទ្យាល័យជ្រៃ និងសមិទ្ធផលផ្សេងទៀត ក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ 

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់សារព័ត៌មានថ្មីៗថា លោក ពុំទាន់ដឹងព័ត៌មានពីការបញ្ចប់ការនាំចូលម៉ូតូជជុះមកម្ពុជានោះទេ ហើយលោក ក៏មិនទាន់អាចឆ្លើយបានដែរថា ម៉ូតូជជុះ ដែលត្រូវបញ្ចប់ការនាំចូលកម្ពុជា គឺជាម៉ូតូចាស់កម្រិតណា និងផលិតក្នុងឆ្នាំណា។ លោក គ្រាន់តែបកស្រាយខ្លីដូច្នេះថា៖«ជាទូទៅ ម៉ូតូជជុះ គឺម៉ូតូមួយទឹកហ្នឹងហើយ»។ 
 
សម្តេច ស ខេង សង្កេតឃើញថា សព្វថ្ងៃ កម្ពុជា មិនមានម៉ូតូចាស់ទៀតនោះទេ ដោយភាគច្រើន (ជាម៉ូតូថ្មី) ព្រោះកម្ពុជា មានរោងចក្រដំឡើងម៉ូតូ។ សម្តេច បន្តថា ការបញ្ឈប់ការនាំចូលម៉ូតូជជុះ ដើម្បីឲ្យរោងចក្រដំឡើងម៉ូតូក្នុងស្រុក ដំណើរការបានជោគជ័យ ហើយម្យ៉ាង កម្ពុជា ក៏មានម៉ូតូថ្មីផងដែរ។ 
 
ក្រៅពីម៉ូតូជជុះ កម្ពុជា ក៏កំពុងសិក្សាពីការឈានទៅបញ្ចប់ការនាំចូលរថយន្តជជុះថែមទៀត។ នេះបើតាមការអះអាងរបស់សម្តេច ស ខេង ដដែល។ សម្តេច ថ្លែងថា សម្តេច បានយល់ព្រមឲ្យសិក្សាពីប្រភេទរថយន្ត និងអាយុកាលរបស់រថយន្ត ដើម្បីឈានទៅកំណត់ថា រថយន្តផលិតក្នុងឆ្នាំណា និងរថយន្តប្រភេទណា ដែលត្រូវអនុញ្ញាតឲ្យនាំចូលកម្ពុជា និងត្រូវបញ្ចប់ការនាំចូល។ 
 
សម្តេចរដ្ឋមន្រ្តី លើកឧទាហរណ៍ដូច្នេះថា៖«គេប្រើ១០ឆ្នាំរួចមកហើយ ហើយចំណែកដែលសេសសល់ នៅប្រើបានប្រហែល១ឆ្នាំ២ឆ្នាំទៀត យើង ទិញយកមកធ្វើអី ព្រោះខ្សែភ្លើងខ្សែអីខាងក្នុងហ្នឹង គឺថា រលួយអស់ហើយ វា ចាប់ផ្តើមស្រួយ។ ប្រើ១០ឆ្នាំ យកមក គឺថា យកមកដាំខ្ទឹមតែម្តង ហើយខួចបរិស្ថានទៀត»។  
 
លោក វ៉ាស៊ឹម សុរិយា បញ្ជាក់ថា ក្រុមការងារអន្តរក្រសួង ត្រូវបានបង្កើតឡើង ដើម្បីសិក្សាពីការកំណត់ឆ្នាំនៃការផលិតរថយន្ត ដែលត្រូវនាំចូលកម្ពុជា។​ លោក បន្ថែម មកដល់ពេលនេះ ក្រុមការងារនេះ នៅមិនអាចសម្រេចនៅឡើយទេថា រថយន្តផលិតក្នុងឆ្នាំណា ឬមានអាយុកាលប៉ុន្មានឆ្នាំ ដែលមិនត្រូវអនុញ្ញាតឲ្យនាំចូលកម្ពុជា។ អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ និយាយដូច្នេះថា៖«ទុកឲ្យក្រុមការងារ សិក្សាសិន»។ 
 
សម្តេច ស ខេង មានប្រសាសន៍តាមការសង្កេតឃើញថា បច្ចុប្បន្ន នៅកម្ពុជា ក៏មានរោងចក្រដំឡើងរថយន្តដែរ ហើយប្រជាពលរដ្ឋកម្ពុជាខ្លះ ក៏អាចមានថវិកាទិញរថយន្ត។  
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ១ ហើយយោបល់អំពីការកំណត់ឆ្នាំនៃការផលិតរថយន្ត សម្រាប់នាំចូលកម្ពុជា ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនាពេលនោះ។ គោលបំណងនៃការកំណត់ឆ្នាំផលិតរថយន្ត សម្រាប់នាំចូលកម្ពុជា គឺដើម្បីកាត់បន្ថយរថយន្តជជុះ។ សម្តេច បានឯកភាពចំពោះយោបល់នេះ។ យោបល់នេះ នឹងត្រូវដាក់ជូនទៅប្រមុខរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ ដើម្បីពិចារណាក្នុងការសម្រេច៕ 
 

Tag:
 ម៉ូតូជជុះ
© រក្សាសិទ្ធិដោយ thmeythmey.com