ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ៖ កូវីដ-១៩ រុញអត្រាភាពក្រីក្រកម្ពុជាឡើងវិញបន្ទាប់ពីធ្លាក់ចុះក្នុងរយៈពេល១០ឆ្នាំ
01, Dec 2022 , 8:59 pm        
រូបភាព
រូបភាពពី World Bank Cambodia
រូបភាពពី World Bank Cambodia
ធនាគារពិភពលោកបានចេញផ្សាយនូវរបាយការណ៍ថ្មីមួយបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះសឹងតែពាក់កណ្តាល​ក្នុងចន្លោះឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៩ ប៉ុន្តែអត្រា​ភាពក្រីក្រនេះបានកើនឡើងវិញដោយសារជំងឺកូវីដ-១៩ ។


របាយការណ៍វាយតម្លៃភាពក្រីក្រកម្ពុជារបស់ធនាគារពិភពលោកក្រោម​ចំណងជើង «ស្តារសេដ្ឋកិច្ច​កម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន»បានឱ្យដឹងថា រយៈពេល១០ឆ្នាំ គិតត្រឹមឆ្នាំ២០១៩ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត​ ៣៣,៨ភាគរយមកនៅត្រឹម ១៧,៨ភាគរយ ដោយជួយឱ្យប្រជាជនកម្ពុជាជិត២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់តាងពីឆ្នាំ២០២០មក អត្រានេះ​បានកើនឡើង ២,៨ភាគរយ ​ ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ពាន់នាក់បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។
 
ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែល​ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច​ឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។
 
របាយ​ការណ៍ខាងលើ​បាន​រក​ឃើញ​ថា ការ​កើន​ឡើង​ប្រាក់​ចំណូល​មិនមែន​កសិកម្មនៅ​ក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​សំណង់ មានចំណែកធំក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់​ ជួយបង្កើតបាន​ការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅ​ក្នុង​ផ្នែកផលិតកម្មនិងផ្នែកសេវាកម្ម។ កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាប ទៅធ្វើការ​នៅតាមវិស័យដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។
 
ទន្ទឹមនេះ លក្ខខណ្ឌជីវភាពនិងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម មានភាព​ប្រសើរឡើងសម្រាប់មួយភាគធំនៅក្នុងចំណោម​ប្រជាជនទូទៅ​។ ការកែលម្អនៃស្ថានភាពនេះបានធ្វើ​ឱ្យ​គម្លាតរវាងស្តង់ដាជីវភាពរបស់គ្រួសារនៅ​ទីជនបទ និងនៅ​ទីប្រជុំជន រួមតូចជាងមុន។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា  បានលើកឡើងថា ៖ «កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូជារចនាសម្ព័ន្ធ​បាន​ជួយកាត់បន្ថយភាពក្រីក្រក្នុងរយៈពេល​កន្លងមក ហើយជាមួយនឹងជោគជ័យគួរឱ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬ​គ្មាន​សំណាញ់​ការពារផ្នែកសង្គម»។ 
 
ត្រង់នេះលោកស្រីបានបញ្ជាក់ថា ជំងឺកូវីដ-១៩ បាន​រុញថយក្រោយវិញនូវវឌ្ឍនភាពរបស់កម្ពុជា​ក្នុង​ការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើ​ឱ្យ​ប្រជា​ជន​ជា​ច្រើន​បាត់​បង់​ការ​ងារ​និង​ប្រាក់​កម្រៃ។
 
ធនាគារពិភពលោកក៏បានផ្តល់អនុសាសន៍ដល់កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែក​គោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច​ឡើងវិញប្រកបដោយបរិយាបន្ននិងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត​និងវិបត្តិសេដ្ឋកិច្ចដែលកើតមាន។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម៕
 

Tag:
 ធនាគាពិភពលោក ភាពក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com