ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋ សម្រេចបញ្ចេញថវិកា ៣០លានដុល្លារទៀត សម្រាប់ផែនការបោសសម្អាតមីន
01, Dec 2022 , 6:01 pm        
រូបភាព
រដ្ឋាភិបាល សម្រេចបញ្ចេញថវិកាសន្សំ ៣០លានដុល្លារ ផ្ដល់ឱ្យមូលនិធិបោសសម្អាតមីន ដើម្បីសម្រេចផែនការកម្ពុជា អស់មីននៅឆ្នាំ២០២៥។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានពិភាក្សាគ្នាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ថវិកាចំនួន១៨,៤៧១,៥៧០ដុល្លារ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ រួមទាំងសប្បុរសជន សម្រាប់ការដោះមីននោះ ត្រូវបានចំណាយអស់ហើយ នៅត្រឹមព្រឹកថ្ងៃ១ធ្នូ ២០២២នេះ។ មូលហេតុនេះហើយ ទើបសម្ដេច សម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន៣០លានដុល្លារ ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
 
ប្រមុខរដ្ឋាភិបាល បានសរសេររៀបរាប់លើហ្វេសប៊ុក ថា៖«ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍ អាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ២០២៤និង២០២៥ អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាប្រចាំឆ្នាំ»។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់សប្បុរសជន ជួយបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីបោសសម្អាតមីន តាមផែនការ «ឆ្នាំ២០២៥កម្ពុជាគ្មានមីន» ដែលអាចឱ្យរដ្ឋផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹមដល់ពលរដ្ឋ។
 
«សូមឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួសនិងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល៥៥ឆ្នាំ(១៩៧០.២០២៥)»។ នាយករដ្ឋមន្រ្តី បន្ថែម៕
 

Tag:
 ហ៊ុន សែន
  មីន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com