សង្គមអន្តរជាតិ​
អន្តរជាតិ
ចិនកាន់ទុក្ខការស្លាប់របស់លោក ជាំង ហ្សេមីន
01, Dec 2022 , 9:15 pm        
រូបភាព
អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន។ រូបភាព៖ AFP
អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន។ រូបភាព៖ AFP
ចិន នៅថ្ងៃទី១ ខែធ្នូ បានប្រកាសកាន់ទុក្ខចំពោះការស្លាប់របស់អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន ខណៈកម្មវិធីទូរស័ព្ទ និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានប្រែជាសខ្មៅ និងទង់ជាតិនៅលើអគាររដ្ឋាភិបាលមួយចំនួនក្នុងទីក្រុងប៉េកាំង បានបង្ហូតត្រឹមពាក់កណ្តាល។


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី៣០ ខែវិច្ឆិកាបានផ្សាយថាអតីតប្រធានាធិបតីចិនលោក ជាំង ហ្សេមីន បានស្លាប់ដោយសារជំងឺមហារីកឈាមនិ ងការលែងដំណើរការសរីរាង្គមួយចំនួននៅទីក្រុងសៀងហៃ ក្នុងអាយុ ៩៦ ឆ្នាំបន្ទាប់ពីបរាជ័យក្នុងការព្យាបាល។

បើតាមរូបភាពដែលផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ពលរដ្ឋមួយចំនួនដែលរស់នៅតាមដងផ្លូវធំមួយនៅក្បែរទីក្រុង Yangzhou ជិតទីក្រុងសៀងហៃ បានឈរតម្រង់ជួរនៅលើចិញ្ចើមផ្លូវដោយកាន់ផ្កាស្បៃរឿងស ដែលជាផ្កាបុណ្យសពប្រពៃណីចិន ខណៈដែលក្បួនរថយន្តដឹកសពលោក ជាំង ហ្សេមីន ធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Hongqiao ។

គណៈកម្មាធិការបុណ្យសពរបស់អតីតមេដឹកនាំចិនលោក ជាំង នឹងត្រូវដឹកនាំដោយប្រធានាធិបតីចិនលោក ស៊ី ជិនភីងផ្ទាល់។ យ៉ាងណាមិញ ពេលវេលាច្បាស់លាស់ពីពិធីបុណ្យសពនេះនៅមិនទាន់បានប្រកាសនៅឡើយ ប៉ុន្តែ​គេ​រំពឹង​ថា​ពិធីបុណ្យនឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង។

ក្នុងពេលកាន់ដំណែងជាប្រធានាធិបតីចិនកន្លងមក លោក ជាំង ទទួលបានទាំងការគាំទ្រ និងការរិះគន់ពីពលរដ្ឋចិន ដោយអ្នកខ្លះបានចោទប្រកាន់លោកពីបទអនុញ្ញាតឱ្យមានអំពើពុករលួយ វិសមភាព និងការគាបសង្កត់សកម្មជននយោបាយជាដើម។

លោក ជាំង ហ្សេមីន ជាអ្នកនយោបាយចិន ដែលបានបម្រើការជាអគ្គលេខាបក្សកុម្មុយនិស្តចិនពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០០២ ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ ២០០៤ និងជាប្រធានាធិបតីចិនពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣ មុនផ្ទេរអំណាចឱ្យលោក ហ៊ូ ជីនតាវ។

ក្រោមការដឹកនាំរបស់លោក ជាំង ចិនទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ជាមួយនឹងការបន្តកំណែទម្រង់ទីផ្សារ និងការទទួលបានមកវិញនូវហុងកុងពីអង់គ្លេសក្នុងឆ្នាំ ១៩៩៧ និងម៉ាកាវពីព័រទុយហ្គាល់ក្នុងឆ្នាំ ១៩៩៩ រួមទាំងកែលម្អទំនាក់ទំនងរបស់ខ្លួនជាមួយពិភពខាងក្រៅខណៈដែលបក្សកុម្មុយនិស្តបានរក្សាភាពរិតត្បិតក្នុងការគ្រប់គ្រងរដ្ឋ៕

Tag:
 ចិន
  មរណភាពជាំង ហ្សេមីន
© រក្សាសិទ្ធិដោយ thmeythmey.com