FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ម៉ារ៉ុកទៅវគ្គ ១៦ក្រុមលើកទីពីររយៈពេល ៣៦ឆ្នាំ ឯក្រូអាស៊ីធ្វើឱ្យបែលហ្ស៊ិកធ្លាក់ចេញត្រឹមវគ្គចែកពូល
01, Dec 2022 , 11:56 pm        
រូបភាព
ម៉ារ៉ុកដឹកដៃក្រូអាស៊ីឡើងវគ្គ ១៦ក្រុមចុងក្រោយលើកទីពីរក្នុងរយៈពេល ៣៦ឆ្នាំ ក្នុងព្រឹត្តិការណ៍ World Cup ២០២២ ក្រោយយកឈ្នះលើកាណាដា ២-១ ចំណែកក្រូអាស៊ីអាចទប់ទល់ស្មើបែលហ្ស៊ិកដណ្តើមបានកៅអីវគ្គបន្ទាប់នឹងធ្វើឱ្យក្រុមបិសាចក្រហមខកចិត្តខ្លាំងជាលើកទីពីរក្នុងរយៈពេល ១៤ឆ្នាំ។
 
លទ្ធផល ២-១ ដែលម៉ារ៉ុកយកឈ្នះលើកាណាដាដែលបានធ្លាក់ចេញពី World Cup 2022 រួចតាំងពីវគ្គចែកពូលជុំទីរពីរនោះសមល្មមជួយពួកគេសម្រេចក្តីស្រមៃឡើងវគ្គ ១៦ក្រុមលើកទីពីរក្នុងប្រវត្តិសាស្រ្តក្នុងរយៈពេល ៣៦ឆ្នាំតាំងពីឆ្នាំ ១៩៨៦មក។ ២គ្រាប់យកឈ្នះសុទ្ធសឹងតែធ្វើបាននៅវគ្គទីមួយសម្រាប់ម៉ារ៉ុក ដោយកីឡាករ Hakim Ziyech នៅនាទី៤ ដើមវគ្គទីមួយ ចំណែកគ្រាប់ទីពីរនៅនាទី២៣ ដោយកីឡាករ Youssef En-Nesyri គ្រាប់បាល់មួយគ្រាប់ដែលកាណាដារកបានដោយសារតែខ្សែការពារម៉ារ៉ុកធ្វើឱ្យចូលទីខ្លួនឯងនាទី៤០ កីឡាករ Nayef Aguerd។
 
ឡើងវគ្គ ១៦ក្រុមម៉ារ៉ុកធ្វើបានល្អដោយឆ្លងកាត់ ៣ប្រកួតឈ្នះលើបែលហ្ស៊ិក ២-០ និងឈ្នះលើកាណាដា ២-១ បើទោះថ្ងៃប្រកួតបើកឆាកពួកគេស្មើត្រឹមក្រូអាស៊ី ០-០។ ម៉ារ៉ុកបញ្ចប់តំណែងកំពូលតារាងនៃពូល F នឹងត្រូវឡើងទៅប៉ះក្រុមលេខពីរពូល E នៅវគ្គ ១៦ក្រុមចុងក្រោយ។
 
បែលហ្ស៊ិកខកចិត្តក្រោយប្រកួតស្មើក្រូអាស៊ី ០-០ ខណៈការព្យាយាមរកក្តីសង្ឃឹមត្រឹមការឈ្នះលើក្រូអាស៊ីអាចជួយពួកគេឡើងវគ្គ ១៦ក្រុមត្រូវរសាត់ឆ្ងាយ។ ទាំងវគ្គទីមួយ និងវគ្គទីពីរក្រុមទាំងសងខាងគ្មានការស៊ុតបញ្ចូលទីគ្នា បើទោះបីមានការវាយសម្រុកគ្នាខ្លាំងយ៉ាងក្តី។ 
 
ក្រូអាស៊ីឡើងវគ្គ ១៦ក្រុមមាន ៥ពិន្ទុឈរលេខពីរលើបែលហ្ស៊ិកមាន ៤ពិន្ទុ ធ្វើឱ្យក្រុមបិសាចក្រហមបែលហ្ស៊ិកធ្លាក់ចេញពីការប្រកួត World Cup ត្រឹមវគ្គចែកពូលលើកទីពីរក្នុងរយៈពេល ១៤ឆ្នាំ តាំងពីឆ្នាំ ១៩៩៨ ដែលពួកគេធ្លាក់ចេញត្រឹមវគ្គចែកពូលដូចគ្នា។ ក្រុមជើងឯករងក្រូអាស៊ីឡើងវគ្គបន្ទាប់ដោយឆ្លងកាត់ ៣ប្រកួតក្នុងពូល F ឈ្នះ១ និងស្មើ២ ប្រកួត៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com