FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ជប៉ុនបង្កើតភាពអស្ចារ្យជាថ្មីឈ្នះអេស្ប៉ាញ ចាប់ដៃគ្នាឡើងវគ្គបន្ទាប់ ចំណែកអាល្លឺម៉ង់ធ្លាក់វគ្គចែកពូល ២លើកជាប់គ្នា 02, Dec 2022 , 4:07 am
រូបភាពពី FIFA World Cup
× ការប្រកួតដ៏អស្ចារ្យក្នុងជំនួបចុងក្រោយពូល E នៃវគ្គចែកពូលព្រឹត្តិការណ៍ FIFA World Cup 2022 បានកើតឡើងជាថ្មី។ ជប៉ុនបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលយកឈ្នះអេស្ប៉ាញ ២-១ ដណ្តើមបានកៅអីវគ្គ ១៦ក្រុមគេចផុតពីការតាមប្រមាញ់របស់អាល្លឺម៉ង់ អេស្ប៉ាញទោះចាញ់ការប្រកួត ប៉ុន្តែគ្រាប់បាល់ចំណេញលើអាល្លឺម៉ង់ច្រើនគ្រាប់រុញពួកគេទៅវគ្គបន្តជាមួយជប៉ុន ខណៈអាល្លឺម៉ង់ទោះឈ្នះកូស្តារីកា ៤-២ តែបានត្រឹមខកចិត្តធ្លាក់ចេញពីការប្រកួតត្រឹមនេះ។
ជ័យជម្នះជប៉ុនលើអេស្ប៉ាញធ្វើឱ្យក្រុមយក្សទ្វីបអាស៊ីមួយនេះបានបង្កើតភាពអស្ចារ្យសឹងមិនគួរឱ្យជឿសារជាថ្មីម្តងទៀត ដោយស្ថិតនៅក្នុងពូលជាក្រុមយក្សអឺរ៉ុបទាំងពីរដែលមានអេស្ប៉ាញ និងអាល្លឺម៉ង់ពួកគេយកឈ្នះក្នុងលទ្ធផល ២-១ ដូចគ្នា។ ២គ្រាប់របស់ជប៉ុនកើតឡើងនៅវគ្គទីពីរ ដោយកីឡាករ Ritsu Doan នាទី៤៨ និង Ao Tanaka នាទី៥១ ចំណែក ១គ្រាប់របស់អេស្ប៉ាញធ្វើបានដោយ Alvaro Morata នាទី១១។
ជាមួយជ័យជម្នះបានធ្វើឱ្យជប៉ុនឡើងទៅកាន់វគ្គ ១៦ក្រុមជាលើកទីពីរជាប់គ្នាគិតត្រឹម World Cup 2018 មក ខណៈអេស្ប៉ាញក៏រក្សាបានកៅអីលេខពីរព្រោះមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងអាល្លឺម៉ង់ទោះមាន ៤ពិន្ទុស្មើគ្នា។
អាល្លឺម៉ង់យកឈ្នះកូស្តារីកាលទ្ធផល ៤-២ ដោយគ្រាប់បាល់ទាំង ៤គ្រាប់ធ្វើបានដោយកីឡាករ Serge Gnabry នាទី១០ Kai Havertz នាទី៧៣,៨៥ និង Niclas Fullkrug នាទី៨៩។ ទោះរកបាន ៣ពិន្ទុបន្ថែមស្មើអេស្ប៉ាញក៏ដោយ បី តែអាល្លឺម៉ង់នៅតែមិនអាចឡើងទៅវគ្គបន្តបានព្រោះមានគ្រាប់បាល់ចំណេញស៊ុតបញ្ចូលទីលើគូប្រកួតតិចជាងអេស្ប៉ាញដល់ទៅ៧គ្រាប់។ ២គ្រាប់របស់កូស្តារីកាធ្វើបានដោយកីឡាករ Yeltsin Tejeda នាទី៥៨ និង Manuel Neuer ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង។
នេះជាលើកទីពីរជាប់គ្នាសម្រាប់អាល្លឺម៉ង់ដែលធ្លាក់ចេញពីការប្រកួត World Cup លើកជាប់គ្នាត្រឹមវគ្គចែកពូលក្រោយពីពួកគេបានឈ្នះបានរង្វាន់បាល់ទាត់ពិភពលោកនេះនៅឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីលមក។ World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ីអាល្លឺម៉ង់ធ្លាក់ និងឆ្នាំ ២០២២ នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com