ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រីដែលកើតជំងឺមហារីកដោះកុំទុកយូរអី ឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ
05, Dec 2022 , 6:59 am        
រូបភាព
ជំងឺមហារីក​ដោះ ​គឺជា​ការ​លូតលាស់​កើនឡើង​នៃ​កោសិកា​ដោះ​ដែល​មិន​អាច​គ្រប់គ្រង​បាន (an uncontrolled growth of breast cells)​។ ដើម្បី​អាច​យល់​បាន​ល្អ​អំពី​ជំងឺមហារីក​ដោះ គេ​ត្រូវ​យល់​ដឹង​សិន​ថា ​តើ​ជំងឺមហារីក​វា​កើតឡើង​យ៉ាងដូចម្តេច ​។
 
ជំងឺ​ហា​រីក​គឺជា​លទ្ធផល​នៃ​ការ​បរិវត្តន៍​(mutations) ឬ​ការ​ផ្លាស់​ប្តូរ​មិន​ប្រក្រតី​(abnormal changes) នៃ​ហ្សែ​ន​ដែល​ទទួលខុសត្រូវ​លើ​ការ​ចាត់ចែង​ការ​លូតលាស់​របស់​កោសិកា និង​រក្សា​វា​ឲ្យ​មាន​សុខភាព​ល្អ​។ ហ្សែ​ន​នោះ​មាននៅ​ក្នុង​ស្នូល​របស់​កោសិកា​(cell’s nucleus) ហើយ​ធ្វើ​សកម្មភាព​របៀប​ជា “​បន្ទប់​ត្រួតពិនិត្យ​” (control room) របស់​កោសិកា​។ តាម​ធម្មតា កោសិកា​នៅ​ក្នុង​រាង​កាយ​យើង​ធ្វើការ​ផ្លាស់​ប្តូរ​ខ្លួន​ទៅ​តាម​ដំណើរការ​រីក​លូតលាស់​ដ៏​មាន​សណ្តាប់ធ្នាប់​មួយ គឺ​កោសិកា​ថ្មី​មួយ​ដែល​មាន​សុខភាព​ល្អ​ត្រូវ​ចូលខ្លួន​មក​ជំនួស​កោសិកា​ចាស់​ណាមួយ​ដែល​បាន​ស្លាប់​បាត់​ទៅ​។ ក៏​ប៉ុន្តែ​ជួនកាល​បរិវត្តន៍​អាច​ធ្វើ​ឲ្យ​ហ្សែ​ន​មួយ​សកម្ម​ឡើង​(turn on) ហើយ​ធ្វើ​ឲ្យ​ហ្សែ​ន​មួយទៀត​អសកម្ម​ទៅ​(turn off) នៅ​ក្នុង​កោសិកា​មួយ​។ កោសិកា​នេះ​ក៏​ប្រែ​ទៅ​ជា​មាន​សមត្ថភាព​អាច​បំបែក​ខ្លួន​ដោយ​គ្មាន​សណ្តាប់ធ្នាប់ បង្កើត​កោសិកា​ថ្មី​ច្រើន​លើស​ពី​តម្រូវការ ធ្វើ​ឲ្យ​មាន​ដុំ​សាច់​(tumor)​ឡើង​។
 
ដុំ​សាច់​មួយ​អាច​ជា​ដុំ​សាច់​ធម្មតា​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​ទេ​(benign – ពោល​គឺ​មិន មាន​គ្រោះថ្នាក់​អ្វី​ដល់​សុខភាព​ទេ​) ឬ​ដុំ​សាច់​កាច​សាហាវ​(malignant)​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ ដល់ ជីវិត​។ ពក​សាច់​ដែល​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី មិនមែន​ជា​មហារីក​ទេ​។​កោសិកា របស់​វា​ស្ទើរ តែ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​កោសិកា​ធម្មតា ហើយ​វា​រីក​លូតលាស់​យឺត​ៗ មិន​ឈ្លានពាន ទៅ​លើ​ជាលិកា ជិតខាង ឬ​មិន​រាលដាល​ទៅ​លើ​ផ្នែក​ឯទៀត​របស់​រាង​កាយ​ទេ​។ ផ្ទុយ​ទៅ​វិញ​ពក​សាច់​ដែល​មាន​គ្រោះថ្នាក់​គឺជា​ដំបៅ​មហារីក​ហើយ​។ បើសិនជា​គ្មាន​ការ​ត្រួតពិនិត្យ​ទេ កោសិកា​មហារីក​អាច​រីក​រាលដាល​ហួស​ពី​ពក​សាច់​ដើម ទៅ​លើ​ផ្នែក​ផ្សេង​ៗ​ទៀត​របស់​រាង​កាយ​។
 
ពាក្យ​ថា “​មហារីក​ដោះ​” សំដៅ​ទៅ​លើ​ដុំ​សាច់​កាច​សាហាវ​ដែល​បាន​កើតឡើង​ចេញពី​កោសិកា​នៅ​ក្នុង​ដោះ​។
តាម​ធម្មតា មហារីក​ដោះ​អាច​កើត​ចេញពី​កោសិកា​របស់​ពក​តូច​ៗ(lobules) ដែល​ជា​ក្រពេញ ផលិត​ទឹក ដោះ ឬ​ចេញពី​បំពង់​(ducts)​ដែល​បង្ហូរ​ទឹកដោះ​ពី​ពក​តូច​ៗ​នោះ ទៅ​កាន់​ក្បាលដោះ​(nipple)​។ ប៉ុន្តែ​មហារីក​ដោះ​ក៏​អាច​កើត​ចេញ​ម្តង​មួយ​កាលពី​ជាលិកា​ទម្រ (stromal tissues) ផង​ដែរ ដែល​រួម​មាន​ជាលិកា​ត​ភ្ជាប់​របស់​ដោះ​ដែល​មាន​ជាតិ​ខ្លាញ់​និង​សរសៃ​ៗ(fatty and fibrous connective tissues)​។
 
ដល់​យូរ​ៗ​ទៅ កោសិកា​មហារីក​អាច​រាលដាល​ទៅ​លើ​ជាលិកា​ដោះ​ដែល​មាន​សុខភាព​ល្អ​ផ្សេង​ទៀត រួច​បន្ត​រហូត​ទៅ​ដល់​lymph nodes (​សរីរាង្គ​តូច​ៗ​មាន​រាង​មូល​ដូច​បាល់​ដែល​ដើរតួ​នាទី​ជា​ផ្នែក​មួយ​នៃ​ប្រ​ព័​ន្ឋ​ការពារ​រាង​កាយ​។​នៅ​ក្នុង​ភាសា​សាមញ្ញ​គេ​ច្រើន​ហៅ​ថា​កូនកណ្តុរ​)​នៅ​ក្រោម​ក្លៀក​។ នៅ​ពេល​ណា​កោសិកា​មហារីក​ចូល​ទៅ​ដល់​lymph nodes ហើយ វា​មាន​ច្រក​សម្រាប់ រីក​រាលដាល​ទៅ​ដល់​ចំណែក​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ បាន​ហើយ​។ ដំណាក់កាល​របស់​មហារីក​ដោះ​សំដៅយក​ថា​តើ​កោសិកា​មហារីក​បាន​រីក​រាលដាល​ទៅ​បាន​ឆ្ងាយ​ប៉ុនណា​ហើយ ចេញពី​ពក​សាច់​ដើម​ទៅ​។
 
ជា​និច្ច​ជា​កាល មហារីក​ដោះ​បណ្តាល​មក​ពី​ភាព​ខុស​ប្រក្រតី​ខាង​ហ្សេ​នេ​ទិ​ក (a genetic abnormality គឺ​កំហុសឆ្គង​នៅ​ក្នុង​សារធាតុ​ហ្សេ​នេ​ទិ​ក​)​។ បើ​ទោះជា​យ៉ាងណា​ក្តី មាន​មហារីក​ចំនួន​ពី​៥​ទៅ​១០% ដែល​កើតឡើង​ដោយសារ​ភាព​ខុស​ប្រក្រតី​ត​ពូជ​ពី​ម្តាយ​ឬ​ឪពុក​មក​។ មហារីក​ដោះ​ចំនួន​ប្រមាណ​ជា​៩០%​បណ្តាល​មក​ពី​ភាព​ខុស​ប្រក្រតី​ខាង​ហ្សេ​នេ​ទិ​ក ដែល​កើត​មាន​ឡើងជា​លទ្ធផល​នៃ​ការ​ចាស់​ទៅ និង​ការ​ប្រើប្រាស់​ច្រើន (wear and tear) ក្នុង​ជីវិត​ជា​ទូទៅ​។
 
បើ​ទោះបីជា​មាន​ដំណាក់កាល​ផ្សេង​ៗ​ជា​ច្រើន​ដែល​មនុស្ស​ម្នាក់​ៗ អាច​អនុវត្ត​ដើម្បី​ជួយ​រាង​កាយ​ឲ្យ​នៅ​មាន​សុខភាព​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន (​ដូច​ជា​មាន​របប​ហូប​ចុក​ដែល​មានការ​ថ្លឹងថ្លែង​ល្អ មិន​ជក់បារី កាត់​បន្ថយ​ការ​សេពសុរា និង​ហាត់ប្រាណ​ជា​ប្រចាំ ជាដើម​) ក៏​ប៉ុន្តែ​ជំងឺមហារីក​ដោះ​មិនមែន​ជា​កំហុស​របស់​នរណា​ម្នាក់​នោះ​ទេ​។ ការ​ដែល​គិត​ថា​មាន​កំហុស ឬ​និយាយ​ថា​កើត​មហារីក​ដោះ​ដោយ​មក​ពី​បាន​ធ្វើ​អ្វីមួយ​ខុស មិន​ត្រឹមត្រូវ​ទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com