ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សាម អ៊ីន កាន់តំណែងលោក យ៉ង សាំងកុមារ ដែលទៅចូលជាមួយរដ្ឋាភិបាល
02, Dec 2022 , 2:59 pm        
រូបភាព
លោក យ៉ង សាំងកុមារ (បង់កក្រម៉ា) និងលោក សាម អ៊ីន (រូបពីហ្វេសប៊ុករបស់លោក សាម អ៊ីន)
លោក យ៉ង សាំងកុមារ (បង់កក្រម៉ា) និងលោក សាម អ៊ីន (រូបពីហ្វេសប៊ុករបស់លោក សាម អ៊ីន)
លោកបណ្ឌិត សាម អ៊ីន ត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជំនួសលោកបណ្ឌិត យ៉ង សាំងកុមារ ដែលទើបនឹងទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីប្រកាសព័ត៌មានអំពីការជ្រើសតាំងលោក សាម អ៊ីន ជាប្រធានគណៈកម្មាធិការនាយក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ។


ក្រៅពីការជ្រើសតាំងលោក សាម អ៊ីន នៅមានមន្រ្តីបក្សម្នាក់ទៀត គឺលោក សែម ហាក់ ក៏ត្រូវបានជ្រើសតាំងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មាន លោក សែម ហាក់ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការគណបក្ស ដែលជាតំណែងរបស់លោក សាម អ៊ីន ពីមុន។ 
 
លោក យ៉ង សាំងកុមារ ដែលជាបណ្ឌិតកសិកម្ម និងលោក ឡឹក សុធារ ដែលជាអនុបណ្ឌិតកសិកម្ម បានធ្វើដំណើររួមគ្នាទៅរួមរស់ជាមួយគណបក្សកាន់អំណាចនាពេលថ្មីៗនេះ ដោយភ្ជាប់គោលបំណងតែមួយដូចគ្នាទៅជាមួយ គឺដើម្បីជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ កាលនៅក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ដែលជាមនុស្សស្និទ្ធនឹងលោក យ៉ង សាំងកុមារ កាន់តំណែងជាអគ្គលេខាធិការរង និងធ្វើជាអ្នកនាំពាក្យគណបក្ស។
 
មិនបង្អង់យូរ ប្រមុខរដ្ឋាភិបាល បានផ្តល់តំណែងជូនលោកទាំង២ភ្លាម ដោយលោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្មផង និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីផង ឯលោក ឡឹក សុធារ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម។ 
 
លោក យ៉ង សាំងកុមារ ជាស្ថាបនិកម្នាក់ ដែលបានចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងឆ្នាំ២០១៥។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានគេមើលឃើញថា ជាគណបក្សមួយ ដែលប្រមូលផ្តុំដោយក្រុមបញ្ញវន្ត។ តែទោះយ៉ាងណា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ គណបក្សនេះ ពុំទទួលបានអាសនៈឡើយ ហើយក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ទទួលបានត្រឹមតែ៦អាសនៈ៕ 
 

Tag:
 សាម អ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com