អន្តរជាតិ
ក្បួន​ខ្នាត​​សិប្បកម្ម និង​វប្បធម៌​នៃ «នំប៉័ង​ Baguette បារាំង» ត្រូវ​បាន​ចុះ​ក្នុងបញ្ជីបេតិកភណ្ឌ
03, Dec 2022 , 9:29 am        
រូបភាព
ដោយ: ធីតា
ក្បួន​ខ្នាត​សិប្បកម្ម និង​វប្បធម៌នៃ «នំប៉័ង Baguette ​បារាំង» (Les savoir-faire artisanaux et la culture de la baguette de pain/Artisanal know-how and culture of baguette bread) ត្រូវ​បាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃមនុស្ស​ជាតិ របស់​អង្គការ​យូណេស្កូ​ ​នា​កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា។
 
វប្បធម៌​នៃ​ការ​ធ្វើ​នំប៉័ង Baguette បាន​រីក​ដុះដាល​ខ្លាំង​បន្ទាប់ពី​សង្គ្រាម​លោក​លើកទី២ ហើយ​សិប្បកម្ម​នៃ​ការ​ធ្វើ​នំ​ប៉័ង​វែង​នេះ មាន​កំណើត​ចាប់​តាំង​ពី​សតវត្សរ៍ទី​១៧មក​ម្ល៉េះ។ យោង​តាម​ឯកសារ​ដែល​បារាំង​ស្នើ​សុំ​ចុះ​បញ្ជី Baguette មាន​លក្ខណៈខុសប្លែកពី​នំប៉័ង​ទូទៅ ដោយមានគ្រឿង​ផ្សំ​សំខាន់តែ​បួន​ប៉ុណ្ណោះ គឺ ម្សៅ ទឹក អំបិល​ ដំបែ/ឬ ម្សៅជូរ)។
 
 
បច្ចុប្បន្ន Baguette ជាអាហារដ៏ពេញនិយម​នៅ​ក្នុងសង្គម​បារាំង រួម​ទាំង​បណ្តា​ប្រទេស​ហ្វ្រង់កូហ្វូន​មួយចំនួន​ទៀត​ ដូចជា អាល់ហ្សេរី ម៉ារ៉ុក ទុយនីស៊ី វៀតណាម និង​កម្ពុជា ជាដើម។ 
 
មុន​ការ​ស្នើ​សុំចុះបញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បារាំង​បាន​ធ្វើ​កិច្ច​ជាច្រើន​លើ​ការ​ផ្សាព្វផ្សាយ ដូចជាការ​បង្កើត​គណៈកម្មការជំនាញដើម្បី​វាយ​តម្លៃ សិក្ខាសាលា និង​ការប្រកួត​ប្រជែងគុណភាពនំ ដោយមាន​ការចូល​រួម​ពី​អ្នកជំនាញ និង​បណ្តា​ហាង​នំប៉័ងផ្សេងៗ។
 
កាលពីថ្ងៃទី​៣០ ខែ​វិច្ឆិកា គណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី បាន​ចុះបញ្ជី ក្បួន​ខ្នាត​​សិប្បកម្ម និង​វប្បធម៌​នៃ «នំប៉័ង​ Baguette បារាំង»  ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌អរូបី នៃមនុស្សជាតិ រួមជាមួយ​នឹង​សំណើ​៤៥ទៀត ក្នុងនោះ មាន​គុនល្បុក្កតោ​របស់កម្ពុជា ផងដែរ៕


 

Tag:
 បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com