ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ជំនួយ ១៧ម៉ឺនដុល្លារ ដើម្បីសង់អគារមត្តេយ្យសិក្សា​នៅបាត់ដំបង និងកោះកុង
02, Dec 2022 , 7:59 pm        
រូបភាព
រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយឥតសំណងចំនួន​ ១៧១ ៦៤១ដុល្លារអាម៉េរិក សម្រាប់សាងសង់អគារមត្តេយ្យសិក្សានៅខេត្តបាត់ដំបង និងកោះកុង។​ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ជំនួយមកកម្ពុជា គឺស្ថិតក្នុងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ។​
 
អគារសាលាមត្តេយ្យនៅខេត្តបាត់ដំបង ដែលត្រូវបានសង់ឡើងក្រោមជំនួយរបស់ជប៉ុននេះ គឺមាន២បន្ទប់ ស្ថិតក្នុងបរិវេណសាលាមត្តេយ្យសិក្សាបណ្តុះកុមារ និងអគារសាលាមត្តេយ្យ​​នៅកោះកុង គឺមាន៥បន្ទប់ ដែលស្ថិតក្នុងបរិវេណអនុវិទ្យាល័យតានី។ ថវិកាជំនួយសម្រាប់សាងសង់សាលាមត្តេយ្យសិក្សាទាំងនោះ ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាដោយ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា រវាងតំណាងប្រធានមន្ទីរអប់រំ យុជន និងកីឡានៃខេត្តទាំងពីរនេះ នៅថ្ងៃទី១ធ្នូ។
 
ជំនួយនេះ ត្រូវបានរំពឹងជួយដល់សិស្សមត្តេយ្យជិត២៧២នាក់ និងគ្រូបង្រៀន​១២នាក់ តាមរយៈការកែលម្អបរិស្ថានសិក្សា និងគុណភាពនៃការអប់រំ។ លោក តានិណៃ អ៊ិឈិតុម៉ុ មានប្រសាសន៍ដូច្នេះ៖ «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ»។
 
គួររំឭកថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅកម្ពុជា​តាំងពីឆ្នាំ១៩៩១មក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
 
ចាប់តាំងពីឆ្នំា១៩៩១ មកទល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៥លានដុល្លារអាម៉េរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៦៥គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
 
 

Tag:
 មត្តេយ្យសិក្សា
  បាត់ដំបង
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com