FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Martinez មិនស្តាយក្រោយដែលចុះចេញពីតំណែងគ្រូបង្វឹក ក្រោយបែលហ្ស៊ិកធ្លាក់ពី World Cup
02, Dec 2022 , 5:39 pm        
រូបភាព
លោក Roberto Martinez លាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក ក្រោយដឹកនាំក្រុមធ្លាក់ចេញពីការប្រកួត FIFA World Cup 2022 ត្រឹមវគ្គចែកពូល។ គ្រូសញ្ជាតិអេស្ប៉ាញសោកស្តាយចំពោះការខកចិត្តនេះ តែលោកមិនស្តាយក្រោយដែលចាកចេញពីកៅអីគ្រូបង្វឹកបែលហ្ស៊ិកឡើយ។


ក្នុងជំនួបទៅ៣ ពូល F  ក្រុមបិសាចក្រហមស្មើ ០-០ ជាមួយក្រូអាស៊ី មុនចាញ់ម៉ារ៉ុកក្នុងការប្រកួតទីពីរ និងឈ្នះកាណាដាប្រកួតដំបូង។ បែលហ្ស៊ិក រកបាន៤ ឈរលេខ៣ ចាញ់ពិន្ទុក្រូអាស៊ីដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទីពីរ១ពិន្ទុ។ ម៉ារ៉ុកដែលឈរកំពូលតារាងពូល​ F ចាប់ដៃគ្នាជាមួយក្រូអាស៊ីទៅវគ្គ១៦ក្រុមចុងក្រោយ ឯបែលហ្ស៊ីក និងកាណាដាវេចបង្វិចត្រឡប់ទៅផ្ទះវិញ។
នាសន្និសីទក្រោយចប់ការប្រកួត លោក Martinez បាននិយាយថាលោកពិតជាមានអារម្មណ៍សោកស្តាយដែលដឹកនាំក្រុមធ្វើមិនបានល្អនៅការប្រកួតប្រទេសកាតា ហើយក៏ជាប្រកួតចុងក្រោយដែលលោកនឹងចាកចេញពីតំណែងជាគ្រូបង្វឹកក្រោយដឹកនាំរយៈពេល ៦ឆ្នាំ។
 
«នេះគឺជាប្រកួតចុងក្រោយជាមួយក្រុមជម្រើសជាតិ ខ្ញុំពិតជាមានអារម្មណ៍ដែលអ្នកអាចស្រមៃបានពេលនេះ ខ្ញុំតែងតែសម្លឹងទៅមុខចំពោះគម្រោងការរយៈពេលវែងបន្តទៀតនៃក្រុម ហើយពួកគេត្រូវការផ្លាស់ប្តូរដើម្បីអាចធ្វើដំណើរទៅមុខបន្តទៀត។ លទ្ធផលថ្ងៃនេះយើងទទួលយក យើងបានបង្កើតឱកាស ហើយថ្ងៃនេះខ្ញុំមិនស្តាយក្រោយនោះទេក្នុងការចាកចេញ។»។ លោក Roberto Martinez បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
ក្រោយលោក Martinez បាននិយាយក្នុងសន្និសិទកាសែតចប់ បើតាមការបង្ហោះរបស់សហព័ន្ធបាល់ទាត់បែលហ្ស៊ិក លោក Martinez បានសម្រេចចិត្តចាកចេញរួចហើយតាំងតែពីពេលមុខចាប់ផ្តើមការប្រកួត World Cup នៅកាតា។
 
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានដឹកនាំបែលហ្ស៊ិកចាប់តាំងពីឆ្នាំ ២០១៦។ អំឡុងការដឹកនាំរបស់លោកបានជួយក្រុមបែលហ្ស៊ិកឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ World Cup 2018 នៅប្រទេសរុស្ស៊ី និងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Euro 2020៕
 
 

Tag:
 Roberto Martinez
  World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com