ជាតិ
សេដ្ឋកិច្ច
កូវ៉ែត ចាប់អារម្មណ៍វិនិយោគលើវិស័យប្រេង និងធ្វើផ្លូវល្បឿនលឿននៅកម្ពុជា
03, Dec 2022 , 11:39 am        
រូបភាព
លោក Mohamad S SH S Alhajri ឯកអគ្គរាជទូតថ្មីនៃរដ្ឋកូវ៉ែតប្រចំាកម្ពុជា ក្នុងជំនួបជាមួយលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម។
លោក Mohamad S SH S Alhajri ឯកអគ្គរាជទូតថ្មីនៃរដ្ឋកូវ៉ែតប្រចំាកម្ពុជា ក្នុងជំនួបជាមួយលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម។
ប្រទេសកូវ៉ែត បង្ហាញឆន្ទៈជួយអភិវឌ្ឍវិស័យផ្គត់ផ្គង់ថាមពល(ប្រេងឥន្ធនៈ) ការសាសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគបន្ថែម។​ ឆន្ទៈនេះត្រូវបានបង្ហាញដោយលោក Mohamad S SH S Alhajri ឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាកម្ពុជា ក្នុងជំនួបជាមួយលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម​។
 
លោក Mohamad S SH S Alhajri​ បានពិភាក្សាការងារមួយលោក កឹម ស៊ីថន ដើម្បីផ្លាស់ប្តូរយោបល់ជុំវិញយន្តការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។ នាជំនួបភាគីទ្វេភាគីនាថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២២ លោក Mohamad S SH S Alhajri បានចាប់អារម្មណ៍ខ្លាំងក្នុងការជំរុញវិនិយោគិន​ប្រទេសខ្លួនឱ្យវិនិយោគលើវិស័យដែលពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) ការសាសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ(Soft Loans)។ 
 
ជាមួយគ្នានេះ លោកបានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់ក្របខណ្ឌគតិយុត្តនានាឱ្យអស់ពីលទ្ធភាព ទាំងកិច្ចព្រមព្រៀង និងទាំងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ លើសពីនេះ ឯកអគ្គរាជទូតថ្មីនៃរដ្ឋកូវ៉ែតប្រចំាកម្ពុជារូបនេះ ក៏បានស្នើកម្ពុជារៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ ផងដែរ។
 
ជាការឆ្លើយតប លោក កឹម ស៊ីថន បានលើកឡើងពីគោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ចនិងវិនិយោគនៅកម្ពុជា។ ក្នុងនោះ មានការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមានព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។ ក្រសួពាណិជ្ជកម្ម បានស្រង់សម្តីរបស់ កឹម ស៊ីថន បានចុះផ្សាយដូច្នេះ៖ «ក្នុងន័យនេះ ខ្ញុំលើកទឹកចិត្តវិនិយោគិនកូវ៉ែតឱ្យចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ជាពិសេសបានស្នើជំរុញការនាំចូលនូវផលិតផលកម្ពុជាដែលមានគុណភាពនិងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម»។  
 
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម  ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានត្រឹមប្រមាណ ៦៤ ម៉ឺនដុល្លារប៉ុណ្ណោះក្នុងរយៈពេល១០ខែ ឆ្នាំ២០២២​។ ទំនិញសំខាន់ៗនៃទំនាក់ទំនងពាណិជ្ជកម្មនោះរួមមាន​ សម្លៀកបំពាក់និងវាយនភណ្ឌ, ថ្នាំជក់, ផលិតផលធ្វើដំណើរ, ម៉ាស៊ីននិងឧបករណ៍អគ្គីសនី, ប៉ូលីមែរនៃអេទីឡែន, កែវនិងវត្ថុធ្វើពីកែវជាដើម ៕ 
 

Tag:
 ពាណិជ្ជកម្ម
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com