ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
កញ្ញា ប៉ិល មករា ប្រាប់ពីគន្លឹះគ្រប់គ្រងសាលារៀនសហគមន៍២១ទាំងបីសាខាក្នុងពេលតែមួយ
04, Dec 2022 , 7:59 am        
រូបភាព
កញ្ញា ប៉ិល មករា  នាយិកាប្រតិបត្តិការទាំងបីសាខា នៃសាលារៀនសហគមន៍ ២១
កញ្ញា ប៉ិល មករា នាយិកាប្រតិបត្តិការទាំងបីសាខា នៃសាលារៀនសហគមន៍ ២១
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ការរៀបចំគោលការណ៍ និងរចនាសម្ព័នគ្រប់គ្រងច្បាស់លាស់ ពិសេសតាមដានរាល់សកម្មភាពសិស្ស និងគ្រូបង្រៀន ក្នុងសាលារៀន សុទ្ធតែជាចំណុចសំខាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍​​​។ នេះជាការលើកឡើងរបស់កញ្ញា ប៉ិល មករា នាយិកាប្រតិបត្តិការសាលារៀនសហគមន៍២១ ទាំងបីសាខា  ដែលទើបបង្កើតថ្មីនាឆ្នាំ២០២២នេះ ។
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន កញ្ញា ប៉ិល មករា នាយិកាប្រតិបត្តិការសាលារៀនសហគមន៍២១ ជាមួយ កញ្ញា​ សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖



 
កញ្ញា សុង សុធាវី៖ នាងខ្ញុំសង្កេតឃើញថា បេះដូងជាគ្រូបង្រៀនមានភាពរវល់ច្រើន ហើយពេលខ្លះមិនបានញាំបាយទៀងពេលផង និងមានការប្រជុំញឹកញាប់! តើកញ្ញាអាចគ្រប់គ្រងសាលារៀននេះទាំងបីសាខាបានដោយរបៀបណា?
កញ្ញា ប៉ិល មករា៖ ចាស ជាការពិត នាងខ្ញុំគ្រប់គ្រងរួមនូវសាខាទាំងបី ប៉ុន្តែជាក់ស្តែងតាមសាខាយើងនីមួយៗ មានគណៈគ្រប់គ្រងសាខាផ្ទាល់។ អ៊ីចឹងនៅសាខានីមួយៗមាន នាយកសាខាដែលគាត់គ្រប់គ្រងប្រតិបត្តិការទូទៅ ហើយមាននាយករង ឬ នាយិការង ដែលពួកគាត់គ្រប់គ្រងលើកម្មវិធីសិក្សាផងដែរ។ ទន្ទឹមនោះយើងមានគោលការណ៍ និងរចនាសម្ព័នគ្រប់គ្រងច្បាស់លាស់។ យើងមានកម្មវិធីសិក្សាច្បាស់លាស់ យើងមានសូចនាករណ៍តាមដាន និងរង្វាយតម្លៃគុណភាពសិក្សារបស់សិស្សតាមសាខានីមួយៗ។ អ៊ីចឹងហើយ មិនជាលំបាកប៉ុន្មានទេ សម្រាប់នាងខ្ញុំ ក្នុងការគ្រប់គ្រងជារួមទាំងបីសាខានេះ។
 


កញ្ញា ប៉ិល មករា  និង នាយិកាសាកលារៀនសហគមន៍២១ សាខាក្រាំងធ្នង់

កញ្ញា សុង សុធាវី៖  កញ្ញា ក្រៅពីការគ្រប់គ្រងធនធានគ្រូបង្រៀនជាង៣០នាក់ និងសិស្សទាំងអស់ជាង៣០០នាក់ក្នុងដៃ តើមានការពង្រឹងគុណភាពអប់រំក្នុងស្ថាប័នផ្ទាល់យ៉ាងដូចម្តេច?
កញ្ញា ប៉ិល មករា៖ សម្រាប់សាលារៀនសហគមន៍២១យើងផ្ទាល់ យើងមានផែនការប្រចាំឆ្នាំច្បាស់លាស់ មិនថាតែការពង្រឹងគុណភាពអប់រំរបស់យើងទេ សូម្បីតែហេដ្ឋារចនាសម្ព័នរបស់សាលារៀនទាំងមូល ក៏យើងមានផែនការត្រឹមត្រូវដែរ។ អ៊ីចឹង រាល់ឆ្នាំ យើងត្រៀមផែនការអភិវឌ្ឍន៍កម្មវិធីសិក្សារបស់យើង និងអភិវឌ្ឍសមត្ថភាពគ្រូ។ ដូចនេះយើងមានការប្រជុំ ការពិភាក្សាគ្នា លើរង្វាយតម្លៃជាក់ស្តែងរបស់សាលារៀន ដែលយើងតែងតែផ្តល់ការបណ្តុះបណ្តាល ទាំងទំនើបកម្មក្នុងការសិក្សា ក៏ដូចជាជំរុញសមត្ថភាពរបស់គ្រូលើចំណុចណាមួយ? អ៊ីចឹងហើយ យើងអភិវឌ្ឍន៍ផែនការរបស់យើងជាប្រចាំ។ 


កញ្ញា ប៉ិល មករា  នាយិកាប្រតិបត្តិការទាំងបីសាខា នៃសាលារៀនសហគមន៍ ២១

កញ្ញា​ សុង សុធាវី៖ ឆ្លងកាត់បទពិសោធជិត២០ឆ្នាំក្នុងវិស័យអប់រំ ផ្នែកឯកជន និងមានតួនាទីជា នាយិកាប្រតិបត្តិការទាំងបីសាខាផង តើកញ្ញាមានមតិផ្តាំផ្ញើបែបណា សម្រាប់បងប្អូនស្រ្តីខ្មែរយើង?
កញ្ញា ប៉ិល មករា៖ សម្រាប់នាងខ្ញុំ ពិតជាមានមោទកភាពណាស់ ដែលបានចូលរួមជាមួយ មាតាបិតាសិស្ស ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាល ប្អូនៗ ក្មួយៗជំនាន់ក្រោយ ហើយខ្ញុំជឿជាក់ថា មានបងប្អូនយើងច្រើនទៀត ដែលមានបេះដូង និងឆន្ទៈក្នុងវិស័យនេះ ដើម្បីក្លាយជាសរសរទ្រូងនៃប្រទេសជាតិយើងទាំងមូល៕  


 កញ្ញា ប៉ិល មករា  នាយិកាប្រតិបត្តិការទាំងបីសាខា នៃសាលារៀនសហគមន៍ ២១
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com