FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ហូឡង់ឡើងវគ្គ ៨ក្រុមចុងក្រោយលើកទី៧ក្នុងប្រវត្តិសាស្ត្រខ្លួន ក្រោយបំបាកអាម៉េរិក
03, Dec 2022 , 11:55 pm        
រូបភាព
 ​​រូបភាព៖ OnsOranje
​​រូបភាព៖ OnsOranje
ការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលជំនួបដំបូងរវាងហូឡង់ ទល់នឹងអាម៉េរិកបានបញ្ចប់ការប្រកួតហើយ។ ហូឡង់ជាក្រុមឡើងទៅកាន់វគ្គ ១/៤ បន្ទាប់ទៀតក្រោយពួកគេយកឈ្នះការប្រកួតដោយទម្លាក់អាម៉េរិកក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Khalifa International។
 
ជ័យជម្នះដែលហូឡង់ដណ្តើមបានពីដៃអាម៉េរិក បង្ហាញពីភាពខ្លាំងរបស់ពួកក្នុងនាមជាក្រុមមកពីទ្វីបអឺរ៉ុបមួយក្នុងការប្រកួត World Cup 2022 នៅប្រទេសកាតានេះ។ ៣គ្រាប់ដែលហូឡង់រកបានសម្រេចបានដោយកីឡាករខ្សែប្រយុទ្ធ Memphis Depay នាទី១០ និងកីឡាករខ្សែការពារស្លាបឆ្វេង Daley Blind នាទី៤៥+១ ហៀបបញ្ចប់វគ្គទីមួយ ចំណែកគ្រាប់ទីបីកើតឡើងក្នុងវគ្គទីពីរក្រោយការវាយបកដ៏ល្អ ហើយ Denzel Dumfries ជាអ្នកស៊ុតបំប៉ោងសំណាញ់ទីនាទី៨១។ គ្រាប់បាល់ដែលអាម៉េរិករកបាន ១គ្រាប់នៅនាទី៧៦ ដោយកីឡាករ Haji Wright។
 
ទោះបីខកខានបង្ហាញខ្លួននៅ World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ីដោយធ្លាក់នៅវគ្គជម្រុះចុងក្រោយ ប៉ុន្តែវិលមកបង្ហាញខ្លួននៅឆ្នាំ ២០២២ នេះហូឡង់ធ្វើបានល្អខ្លាំងដោយអាចឈានជើងឡើងដល់វគ្គ ៨ក្រុម ក្រោយទម្លាក់អាម៉េរិកលទ្ធផល ៣-១។
 
នេះជាប្រវត្តិសាស្ត្រសម្រាប់ហូឡង់ដែលបានឡើងដល់ ៨ក្រុមចុងក្រោយលើកទី៧ ពីការបង្ហាញខ្លួន ១១លើកនៅ World Cup គិតចាប់ពីឆ្នាំ ១៩៣៤។ សោកស្តាយសម្រាប់អាម៉េរិកមិនអាចបំបែកកំណត់ត្រាខ្លួនក្នុងការឈានជើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយលើកទីបីរបស់ខ្លួន៕
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com