កីឡាជាតិ
ជាតិ
លោក សៅ សុខា៖ ធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ជាកញ្ចក់ឆ្លុះពីវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា
04, Dec 2022 , 8:59 am        
រូបភាព
លោក សៅ សុខា ប្រគល់អាវជូន លោក មិកាមិ
លោក សៅ សុខា ប្រគល់អាវជូន លោក មិកាមិ
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) អះអាងថាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នឹងបង្ហាញមុខមាត់ដ៏ល្អរបស់កម្ពុជា ទៅពិភពលោកឲ្យបានស្គាល់កាន់តែច្បាស់ ហើយក៏ជាការបង្ហាញនូវភាពរីកចម្រើនគ្រប់វិស័យ ផងដែរ។ ប្រធានរូបនេះ បានថ្លែងក្នុងពីធីប្រគល់ និងទទួលអំណោយទីលានបាល់ទាត់ហ្វូតសាល ស្មៅសិប្បនិម្មិត នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ដែលមានការចូលរួមពីលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។

 
គ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជា បានផ្អាកអស់ជិត ២ឆ្នាំ ដោយសារវិបត្តកូវីដ-១៩។ នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ លោក សៅ សុខា និយាយថាកីឡាស៊ីហ្គេម នឹងជួយឱ្យពិភពលោកស្គាល់កម្ពុជា។
  

រូបថតរួមក្នុងពិធីទទួលអំណោយទីលានបាល់ទាត់ហ្វូតសាល នៅសាលាកីឡាបាល់ទាត់ជាតិបាទី

«ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ គឺជាកញ្ចក់ឆ្លុះបញ្ចាំង នូវវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា ដូចជាស្ថិរភាពនយោបាយ សន្ដិភាព សន្ដិសុខសង្គម ភាពរីកចម្រើននៃសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងកីឡា។»។ នេះជាការរៀបរាប់របស់ប្រធាន FFC ក្នុងកម្មវិធីទទួលអំណោយទីលានបាល់ទាត់ហ្វូតសាល ស្មៅសិប្បនិម្មិត នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី។


លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងក្នុងពិធីទទួលអំណោយទីលានបាល់ទាត់ហ្វូតសាល

លោក សៅ សុខា ក៏បានចាត់ទុកថា ការផ្ដល់ទីលានស្មៅសិប្បនិម្មិតនេះ មានសារសំខាន់ដល់ការហ្វឹកហាត់របស់កីឡាករថ្នាល់ នៅសាលាកីឡាបាល់ទាត់ជាតិបាទី និងជាផ្នែកមួយ ក្នុងការចូលរួមអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា។ កីឡាបាល់ទាត់ នៅកម្ពុជាមានភាពពេញនិយម ព្រោះមានមនុស្សជាច្រើនទាំងសិស្ស និងប្រជាជន បានចូលរួមលេង និងទស្សនា។
 
លោក សៅ សុខា បញ្ជាក់ទៀតថា ការអភិវឌ្ឍវិស័យកីឡា គឺមិនមែនតែលើលទ្ធផលនៃការប្រកួតប្រជែងតែមួយមុខទេ ប៉ុន្ដែក៏ដើម្បីរួមចំណែកកសាងប្រទេសមួយ តាមរយៈការលើកកម្ពស់សុខមាលភាព អប់រំ វិន័យ សីលធម៌ ការគោរពគ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ...។ល។


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ  ឯកអគ្គរាជទូតជប៉ុន សំណេះសំណាលក្នុងពិធីប្រគល់ទីលានបាល់ទាត់ហ្វូតសាល

ក្នុងពេលកម្មវិធីដដែរនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានលើកឡើងដែរថា រូបលោក សប្បាយចិត្តដោយឃើញវិស័យបាល់ទាត់កម្ពុជា មានការរីកចម្រើន។ ឯកអគ្គរាជទូតរូបនេះ បានប្រាប់ថា ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតមិត្តភាពកាលពីអំឡុងខែកញ្ញា ជាមួយក្រុមអាយុក្រោម ២៣ឆ្នាំ ជប៉ុន បើទោះជាចាញ់ក៏ដោយ។ ម្យ៉ាងវិញទៀត ចំណាប់អារម្មណ៍ របស់ប្រជាជនកម្ពុជា មកលើវិស័យបាល់ទាត់កម្ពុជា មានសន្ទុះយ៉ាងខ្លាំង។
 
គួរបញ្ជាក់ផងដែរថា ទីលានបាល់ទាត់ហ្វូតសាលស្មៅសិប្បនិមិ្មតនេះ បានកសាងឡើង ដោយក្រុមហ៊ុនតៃខា ខបភើរេសិន កាលពីខែសីហា ឆ្នាំ២០២២ ហើយបានបញ្ចប់ជាស្ថាពរក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕
 

Tag:
 បាល់ទាត់
  សៅ សុខា
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com