ជាតិ
សង្គមជាតិ
លោក ម៉ម ប៊ុនហេង​ ប្រាប់អាជ្ញាធរមូលដ្ឋានឱ្យពង្រឹងការចេញអាជ្ញាបណ្ណដល់សេវាសុខាភិបាលឯកជន
04, Dec 2022 , 11:59 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានទាមទារឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបង្កើនការត្រួតពិនិត្យការងារផ្តល់សេវាសុខាភិបាលឯកជន និងពង្រឹងបន្ថែមនូវការចេញអាជ្ញាបណ្ណឬច្បាប់នានាឱ្យវិស័យឯកជនលើសេវាសុខាភិបាល។ ការណែនាំនេះ គឺធ្វើឡើងបន្ទាប់មានករណីឆ្មមនៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រាងក្នុងខេត្តកំពង់ស្ពឺបានរំលូនកូនស្រ្តីម្នាក់ ដោយគ្មានបច្ចេកទេសនិងជំនាញ ដែលបង្កឱ្យស្រី្តនោះប្រឈមគ្រោះថ្នាក់ខ្លាំង។
 
មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ជាពិសេសមន្ទីរពហុព្យាបាល និងមន្ទីរសម្ភព-រោគស្ត្រី គឺត្រូវបានបន្ទប់ពិគ្រោះថែអ្នកជំងឺ មន្ទីរព្យាបាល។ ទាំងនេះជាអ្វីដែលក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អ្នកគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនត្រូវអនុវត្តតាម។ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាលបានចេញសេចក្តីណែនាំទៅកាន់អ្នកគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងអស់ នាថ្ងៃទី៣ធ្នូយ៉ាងដូច្នេះ៖ «ចាំបាច់ត្រូវខិតខំគ្រប់គ្រងដំណើរការរបស់ខ្លួនឱ្យបានល្អប្រសើរត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស​សុខាភិបាល ត្រូវតែគោរពអនុវត្តតាមតួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈរៀងខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន»។​
 
រដ្ឋមន្ត្រីសុខាភិបាល​ក៏បានព្រមានដល់អ្នកគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន​ថា ក្នុងរកណីអ្នកដែលប្រព្រឹត្តខុសឆ្គងពីវិជ្ជាជីវៈ ឬមានការធ្វេងប្រហែសលើការងារគ្រប់គ្រង់មូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ឬធ្វើមានឱ្យមានកំហុសបច្ចេកទេសធ្ងន់ធ្ងរណាមួយបន្ថែមលើការដាក់វិន័យនៃគណៈវិជ្ជាជីវៈនីមួយៗ  និងត្រូវប្រឈមទៅនឹងច្បាប់ទៅតាមសណ្ឋានទម្ងន់ទោស ដែលមានចែងនៅក្នុងច្បាប់។ 
 
ជាមួយគ្នានេះលោកម៉ម ប៊ុនហេង ក៏ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យការងារផ្តល់សេវាសុខាភិបាលឯកជន។ ជាពិសេសនោះ អាជ្ញាធរគឺត្រូវពង្រឹងបន្ថែមទៀតនូវការចេញអាជ្ញាបណ្ណ ឬ ច្បាប់អនុញ្ញាតនានាពាក់ព័ន្ធទៅនឹងសេវាសុខាភិបាលឯកជន នៅតាមដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានកាន់តែប្រសើរឡើង ដើម្បីសុខភាព និងសុខមាលភាពប្រជាជន។​
 
ជុំវិញនៃការណែនាំរបស់ក្រសួងសុខាភិបាល​​ទៅកាន់រដ្ឋបាលថ្នាក់ជាតិ មន្ទីរសុខាភិបាល-ខេត្ត  និង​អ្នកផ្តល់សេវាសុខាភាលឯកជននេះ គឺធ្វើឡើងបន្ទាប់ពីមានករណីឆ្មមនៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រាងក្នុងខេត្តកំពង់ស្ពឺបានរំលោតកូនស្រ្តីម្នាក់ដែលកាត់ពោះវៀនអ្នកជំងឺដោយច្រឡំថាជាទង់សុប  បង្កឱ្យស្រី្តនោះប្រឈមគ្រោះថ្នាក់ជាខ្លាំង។ បញ្ហានេះ​ ត្រូវបានអ្នកតាមដានសង្គម​លោក មាស នី មើលឃើញពីភាពទន់ខ្សោយរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបណ្តាលឱ្យការផ្តល់សេវាសុខាភិបាលរបស់ឯកជន គ្មានជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ដល់ពលរដ្ឋ ដល់ទល់សព្វថ្ងៃ។​
 
«យើងមិនដឹងថាបច្ចុប្បន្ន តើមាន​គ្លិនិកដែលគ្មានជំនាញវិជ្ជាជីវៈ បច្ចេកទេស គ្មានច្បាប់ គ្មានអាជ្ញាបណ្ណ បែបនេះប៉ុន្មានទៀត កំពុងដំណើរការអាជីវកម្មរបស់ខ្លួនរហូតដល់មានគ្រោះថ្នាក់ប្រជាពលរដ្ឋបានយើងរកឃើញ»។​ នេះជាចំណុចខ្សោយមួយរបស់ក្រសួងសុខាភិបាលដែលលោក មាស នី បានលើកឡើង​។​ លោកបន្តថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ៖ «អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែបង្កើនអធិការកិច្ចនិងត្រូវគោរពច្បាប់ឱ្យខ្ជាប់ខ្ជួន ដោយបញ្ឈប់រាល់អំពើពុករលួយក្នុងការផ្តល់អាជ្ញាបណ្ណឬ ច្បាប់នានា ឱ្យវិស័យឯកជនសម្រាប់សេវាសុខាភិបាលដោយគ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងបច្ចេកទេសគ្រប់គ្រាន់ឡើយ ដើម្បីសុខមាលភាពប្រជាជនយើង និងការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា»។​ 
កាលពីថ្ងៃទី២៩វិច្ឆិកា​ ឆ្នាំ២០២២ ក្រសួងសុខាភិបាល​ បានសម្រេចបិទ ​មន្ទីរសម្រាកព្យាបាល និងសម្ភព ដើម​អង្ក្រង បណ្ដោះអាសន្ន ក្រោយ​មានករណី​ស្ត្រី​ម្នាក់ទទួលការ​រំលូតកូនដែល​ស្លាប់​ក្នុង​ផ្ទៃ នៅទីនោះត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​កាល់ម៉ែត​។ ក្រៅពីបិទ​ ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ដើម​អង្ក្រង ដែលមាន​ទីតាំងនៅ​លើផ្លូវ​ជាតិ​លេខ​៣ ឃុំ​អង្គ​ពពេល ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺនេះ ​ក្រសួងក៏រកឃើញថា ​មន្ទីរសម្រាកព្យាបាល និងសម្ភព ដើម​អង្ក្រងនេះ គឺមានឧបករណ៍បច្ចេកទេសគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ជាពិសេសឆ្មម គឺគ្មានជំនាញវិជ្ជាជីវៈឬ​ឆ្លងកាត់ការបណ្តុះបណ្តាលការរំលូតកូនឡើយ។ លើសពីនេះ មន្ទីរសម្រាកព្យាបាល និងសម្ភព ដើម​អង្ក្រង ក៏គ្មានអាជ្ញាបណ្ណ​ត្រឹមត្រូវក្នុងការផ្តល់សេវាសុខាភិបាលឯកជន ផងដែរ៕ 
 

Tag:
 សុខាភិបាល
  លោក ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com