អន្តរជាតិ
លោក ម៉ាក្រុង ៖ និម្មាបនកម្មសន្តិសុខថ្មីរបស់លោកខាងលិច ត្រូវធានាសន្តិសុខរុស្ស៊ីដែរ 04, Dec 2022 , 1:59 pm

×![]()
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លើកឡើងក្នុងកិច្ចសម្ភាសមួយដែលចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូថា លោកខាងលិចគួរតែគិតគូរពីមធ្យោបាយឆ្លើយតបនឹងតម្រូវការការពារសន្តិសុខរុស្ស៊ី បើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនយល់ព្រមចរចាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍បារាំង TF1 ដែលត្រូវបានថតទុកអំឡុងដំណើរទស្សកិច្ចទៅអាម៉េរិកកាលពីសប្ដា៍មុន លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ថា អឺរ៉ុបត្រូវតែរៀបចំនិម្មបនកម្មសន្តិសុខបន្ថែមទៀត ហើយក្ដីបារម្ភរបស់រុស្ស៊ី ក៏ត្រូវតែគិតគូរដែរ។
«នេះមានន័យថា ចំណុចសំខាន់ដែលយើងត្រួវឆ្លើយតបគឺភាពភ័យខ្លាចរបស់រុស្ស៊ីដែលសម្ព័ន្ធយោធាណាតូអាចឈរនៅជិតមាត់ទ្វាររបស់ពួកគេ និងព្រមទាំងការដាក់ពង្រាយអាវុធ»។ មេដឹកនាំបារាំងនិយាយបែបនេះ។
ក្នុងកិច្ចសម្ភាសដដែល លោក ម៉ាក្រុង ក៏បន្តថា ប្រធានបទមួយនេះនឹង ក្លាយជាផ្នែកមួយនៃប្រធានបទសម្រាប់សន្តិភាពផ្សេងៗទៀត ដូច្នេះពួកគេត្រូវតែរៀបចំ និងត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការផ្ដល់ការការពារដល់សម្ព័ន្ធមិត្ត ក៏ដូចជាផ្ដល់ការធានាផ្នែកសន្តិសុខសម្រាប់រុស្ស៊ីពេលប្រទេសយល់ព្រមចូលតុចរចានោះ។
ទាំងរុស្ស៊ី និងអាម៉េរិក នៅក្នុងសប្ដាហ៍នេះ បានលើកឡើងថា ពួកគេបើកចំហសម្រាប់ការពិភាក្សាជាគោលការណ៍ដើម្បីបញ្ចប់ជម្លោះ។ ឯអ៊ុយក្រែននិយាយថា ការចរចាអាចធ្វើទៅបានលុះត្រាតែរុស្ស៊ីឈប់វាយប្រហារ និងដកទ័ពចេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com