ជាតិ
យុវជនសកម្ម សេវាល្អ
ចៅសង្កាត់ស្រយ៉ូវត្រៀមថវិកា ៩លានរៀល ដើម្បីទុកជួយដល់ស្ត្រី និងកុមាររងគ្រោះ នៅឆ្នាំ២០២៣
04, Dec 2022 , 6:00 pm        
រូបភាព
ដោយ៖ ឃិន សុផល(យុវជនកំពង់ធំ) 
 
កំពង់ធំ៖ លោក សោម ធី ចៅសង្កាត់ស្រយ៉ូវ បានត្រៀមថវិកា ៩លានរៀល ដើម្បីទុកជួយស្ត្រី និងកុមារ ដែលមានបញ្ហាប្រឈមសម្រាប់ឆ្នាំ២០២៣។ បន្ថែមពីនេះ លោកចៅសង្កាត់ ក៏ស្វែងរកដៃគូសហការ ទាំងរដ្ឋាភិបាល និងសប្បុរសជននានាដើម្បីផ្ដល់អំណោយសម្រាប់ជនងាយរងគ្រោះ ផងដែរ។


បើតាមលោក សោម ធី ថវិកាដែលបានត្រៀមទុកនេះ គឺប្រើប្រាស់ដោយមិនរើសអើងនោះទេ មិនថាស្រ្តី កុមារ ចាស់ជរា ឱ្យតែពួកគេជាជនងាយរងគ្រោះគឺជួយទាំងអស់គ្នា។
 
សង្កាត់ស្រយ៉ូវពុំមានជួបបញ្ហាស្ដ្រី និងកុមារ ធ្វើដំណើរនៅតាមទីសាធារណៈគ្មានសុវត្ថិភាពនោះទេ។ លោក សោម ធី លើកឡើងបែបនេះ ដោយបន្តរៀបរាប់ថា ខាងសង្កាត់បានយកចិត្តទុកដាក់ ដោយកន្លងមកធ្លាប់បានជួយដល់ក្មេងស្រីម្នាក់ ដែលធ្វើដំណើរតាមផ្លូវដោយគ្មានទីពឹង ពេលនោះខាងសង្កាត់បានជួយជាថវិកាសម្រាប់ឱ្យគេធ្វើដំណើរទៅផ្ទះវិញ។ 


សង្កាត់ស្រយ៉ូវត្រៀមថវិកា ៩លានរៀល ដើម្បីជួយស្រ្តី និងកុមារ

ជាមួយគ្នានេះ សង្កាត់ស្រយ៉ូវក៏បានយកចិត្តទុកដាក់ផ្សព្វផ្សាយ ពីការយាមល្បាតនៅតាមវិទ្យាល័យ មិនឱ្យគ្រូបង្រៀនគួរយប់ពេក ដើម្បីធានាសុវត្ថិភាពដល់សិស្សផងដែរ។ ចំពោះចំណុចគោលដៅដែលងងឹតចៅសង្កាត់បានដាក់អំពូលសូឡាតាមដងផ្លូវ ដែលមាននៅក្នុងភូមិស្រយ៉ូវត្បូង ចំបក់ កំរ៉ែង ភូមិរកា នៃខេត្តកំពង់ធំ និងមួយចំនួនទៀតប្រជាពលរដ្ឋដាក់តាមមុខផ្ទះដោយខ្លួនឯង។ 
 
ដើម្បីធានាសុវត្ថិភាពដល់ស្រ្តី និងកុមារ ចៅសង្កាត់បានស្នើសុំថវិកាទៅថ្នាក់ខេត្ត សម្រាប់ដាក់ភ្លើងបំភ្លឺផ្លូវ ព្រោះភ្លើងបំភ្លឺផ្លូវបានជួយច្រើនពីសុវត្ថិភាពនៅតាមទីសាធារណៈ។ លោក សោម ធី បន្តថា៖ «ខ្ញុំមានគោលដៅទីមួយ ស្នើដល់អាជ្ញាធរពាក់ព័ន្ធ និងទីពីរ សហការជាមួយប្រជាពលរដ្ឋផ្ទាល់ ហើយសង្កាត់ផ្សព្វផ្សាយពីសារៈសំខាន់របស់អំពូលភ្លើងទៅដល់កុមារ ចាស់ជរា និងអ្នកការធ្វើដំណើរទូទៅ»។
 
លោកចៅសង្កាត់រូបនេះបានបញ្ជាក់ថា ក្នុងសង្កាត់ស្រយ៉ូវ ទាំងភ្លើង ផ្លូវ និងទឹកស្អាត បានដាក់នៅតាមភូមិនីមួយៗ តែនៅសល់ភូមិមួយប៉ុណ្ណោះ ដែលពុំទាន់បានតទឹកស្អាតចូល៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

© រក្សាសិទ្ធិដោយ thmeythmey.com