អន្តរជាតិ
ពីទឹកដីកាស្មៀរ ប្រមុខយោធាប៉ាគីស្ថានថ្មីសង្កត់ធ្ងន់ពីការការពារទឹកដី
04, Dec 2022 , 8:59 pm        
រូបភាព
ឧត្តមសេនីយ៍ Asim Munir ចុះត្រួតពិនិត្យតំបន់កាស្មៀរ។ រូបថតពីប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថាន
ឧត្តមសេនីយ៍ Asim Munir ចុះត្រួតពិនិត្យតំបន់កាស្មៀរ។ រូបថតពីប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថាន
អំឡុងដំណើរការចុះត្រួតពិនិត្យតំបន់បែងចែកទឹកដីជម្លោះកាស្មៀររវាងប៉ាគីស្ថាន និងឥណ្ឌានៅថ្ងៃទី៣ ខែធ្នូ ប្រមុខយោធាប៉ាគីស្ថានថ្មីឧត្តមសេនីយ៍ Asim Munir លើកឡើងថា យោធាប៉ាគីស្ថានបាន​ត្រៀម​ខ្លួនរួចជាសម្រេចក្នុងការការពារគ្រប់សង់ទីម៉ែត្រទាំងអស់នៃទឹកដីមាតុភូមិ​ក្នុងករណី​មាន​ការ​វាយ​ប្រហារណាមួយ។
 
ការចុះត្រួតពិនិត្យតំបន់ជម្លោះកើតឡើងតិចជាងមួយសប្ដាហ៍តាំងពីឧត្តមសេនីយ៍ Asim Munir ឡើង​កា​ន់​តំណែងជាប្រមុខដឹកនាំយោធារបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
«ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា កងកម្លាំងប៉ាគីស្ថានគឺត្រៀមខ្លួនរួចរាល់ហើយ មិនត្រឹមតែការ ពារ​ទឹក​ដី​មាតុភូមិនោះឡើយ ក៏ប៉ុន្តែក៏ត្រៀមខ្លួនរួចរាល់សម្រាប់ការវាយតបទៅវិញទៅកាន់​សត្រូវ​ប្រសិនជា​មាន​សង្គ្រាម»។ ឧត្តមសេនីយ៍ Asim សង្កត់ធ្ងន់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួ​យរបស់យោធា។ លោក Asim ព្រមានទៅកាន់ឥណ្ឌាចំៗថា ឥណ្ឌាមិនអាចសម្រេចបានការចង់បានមិនសមរម្យ។ 
 
មហាអំណាចនុយក្លេអ៊ែរអាស៊ីខាងត្បូងទាំងពីរ សុទ្ធតែបានទាមទារទាំងស្រុងទឹកដីកាស្មៀរ ហើយបានប្រយុទ្ធគ្នាពីរលើកដើម្បីគ្រប់គ្រងតំបន់នោះ។ ចាប់តាំងពីដើមឆ្នាំ ២០២១ មកតំបន់ខណ្ឌចែកជាក់ស្ដែង (LoC) ភាគច្រើនមានស្ងប់ស្ងាត់ បន្ទាប់ពីមានការបន្តកិច្ចព្រមព្រៀងឈប់បាញ់រវាង ឥណ្ឌា និងប៉ាគីស្ថាន។
 
នៅប៉ាគីស្ថាន ស្ថាប័នកងទ័ពរក្សាឥទ្ធិពលខ្លាំងលើបញ្ហាសន្តិសុខ និងកិច្ចការបរទេស។ មេទ័ព​ប៉ាគីស្ថាន ក៏ដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហានិភ័យនៃជម្លោះជាមួយឥណ្ឌានៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ខណៈដែលកំពុងដោះស្រាយបញ្ហាដែលអាចកើត​មានជាមួយអាហ្វហ្កានីស្ថា​ន​នៅព្រំដែន​ខាង​លិច​របស់ខ្លួន៕

Tag:
 ប៉ាគីស្ថាន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com