ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ប្រេស៊ីល នឹងបង្កើត​ស្ថានទូត​រវាង​ប្រទេស​ទាំង​២ នាពេលឆាប់ៗ
04, Dec 2022 , 9:29 pm        
រូបភាព
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស ចាប់ដៃ ជាមួយលោក Carlos Alberto Franco França រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-ប្រេស៊ីល លើកទី១។ រូបថត៖ ក្រសួងការបរទេស
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស ចាប់ដៃ ជាមួយលោក Carlos Alberto Franco França រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-ប្រេស៊ីល លើកទី១។ រូបថត៖ ក្រសួងការបរទេស
កម្ពុជា និងប្រេស៊ីល គ្រោង​បង្កើត​ស្ថានទូត​រវាង​ប្រទេស​ទាំង​ពីរ​ នាពេលអនាគតដ៏ឆាប់ខាងមុខ។ លើសពីនេះប្រទេសទាំងពីរ ក៏ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត ដើម្បី​ជំរុញ​វិស័យពាណិជ្ជកម្ម និងការ​វិនិយោគ ក្នុង​ពេល​ដែល​កំពុង​បន្ត​កសាង​ទំនាក់ទំនង​ការទូត​ឱ្យ​កាន់​តែ​រឹងមាំ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ។
 
គម្រោងបង្កើតស្ថានទូតរវាងកម្ពុជា-ប្រេស៊ីលនេះ  ត្រូវបានលើកឡើងនាអំឡុងពេលដែលលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ទៅបំពេញទស្សនកិច្ចនៅសាធារណសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី២៩វិច្ឆិកា ដល់ ថ្ងៃទី១ធ្នូ ឆ្នាំ២០២២។​ បេសកកម្មការងារ៣ថ្ងៃរបស់​លោក អ៊ុច បូររិទ្ធ គឺដើម្បី​ធ្វើ​ជា​សហប្រធាន​ជាមួយ​លោក Carlos Alberto Franco França រដ្ឋមន្ត្រី​ការបរទេស​​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​កម្ពុជា-ប្រេស៊ីល លើក​ទី១។
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងកម្ពុជា និងប្រស៊ីល បានបញ្ជាក់ថា រដ្ឋមន្ត្រីប្រទេសទាំងពីរបានពិភាក្សាគ្នាលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានទាំងទំនាក់ទំនងការទូត ពាណិជ្ជកម្ម វិនិយោគ អប់រំ កីឡា ទេសចរណ៍ កសិកម្ម ការជួញដូរមនុស្ស ការដោះមីន និងបេសកកម្មថែរក្សាសន្តិសុខ។​

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញនូវសុទិដ្ឋនិយមថា៖« ប្រទេសទាំងពីរ នៅមានវិស័យសក្កានុពលជាច្រើនទៀត ដើម្បីស្វែងយល់ពីគ្នា និងទាញយកប្រយោជន៍ ក្នុងពេលដែលប្រទេសទាំងពីរកំពុងបន្តកសាងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលអាចសម្រេចបាន»។ ក្រសួងការបរទេសបន្តរៀបរាប់យ៉ាងដូច្នេះ៖ «ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហការក្នុងការបើកស្ថានទូតរៀងៗខ្លួន ទាំងនៅរាជធានីភ្នំពេញ និងទាំងនៅទីក្រុងប្រេស៊ីល ក្នុងពេលអនាគត ដ៏ឆាប់ខាងមុខ»។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងការបរទេស។

ដោយឡែក ទំហំពាណិជ្ជកម្មរវាងប្រទេសមានកម្រិតនៅឡើយនោះ លោក អ៊ុច បូររិទ្ធ បានស្នើឱ្យមានវេទិកាធុរកិច្ច រៀបចំឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ ដើម្បីពង្រីកសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ។ ចំពោះវិស័យអប់រំ ប្រទេសប្រេស៊ីលសម្រេចផ្តល់អាហារូបករណ៍៥កន្លែង ដល់សិស្សនិស្សិតកម្ពុជាក្នុងមួយឆ្នាំៗ។

សម្រាប់វិស័យកសិកម្ម ប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ តាមរយៈការចែករំលែកបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជំនាញទៅវិញទៅមក៕
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com