គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនននាពេលកន្លងមកនៅក្នុងតំបន់ភូមិសាស្រ្តចំនួន១៦រាជធានី-ខេត្ត ទទួលបានប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាលចំនួន១៦ ០០០ ដល់ ៨០ ០០០រៀល ក្នុងរយៈពេល៣ខែ។ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់នេះ នឹងអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២២ តទៅ។
សម្តេច ហ៊ុន សែន សម្រេចដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដល់គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ នារដូវវស្សាកន្លងមក ចំនួន១៦រាជធានី-ខេត្ត។ ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ក្រចេះ ព្រៃវែង កំពត ស្វាយរៀង និងឧត្តរមានជ័យ។
បើតាមសារលិខិតរបស់សម្តេច ហ៊ុន សែន ក្នុងមួយគ្រួសារគឺទទួលប្រាក់ឧបត្ថម្ភចំនួន ៨០ ០០០រៀល។ ដោយឡែក សមាជិកគ្រួសារ, កុមារក្រោមអាយុ០ដល់៥ឆ្នាំ, ជនមានពិការភាព និងមនុស្សចាស់ជរាចាប់ពីអាយុ៦០ឆ្នាំឡើង ក៏ទទួលបានប្រាក់ឧបត្ថម្ភរដ្ឋ១៦ ០០០រៀល ក្នុងមួយនាក់ ផងដែរ។ សម្តេច បានបញ្ជាក់ថា កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសាររងគ្រោះដោយទឹកជំនន់នេះ ត្រូវអនុវត្តការបើកជូនមួយខែ សម្រាប់រយៈពេល៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២ តទៅ។
សម្តេចបានប្រសាសន៍ដូច្នេះ៖ «ខ្ញុំសូមអញ្ជើញគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលទទួលបាននូវការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ សង្កាត់ រួចរាល់ ដែលឧបត្ថម្ភនៅរៀងរាល់សប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០២២, ខែមករា និងកុម្ភៈ ឆ្នាំ២០២៣ នៅតាមបញ្ជរវីងណាមួយដែលនៅជិតផ្ទះបងប្អូនរស់នៅ តាមកាលបរិច្ឆេទនីមួយៗ កុំបីខាន»។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏សម្រេចដាក់ឱ្យដំណើរការកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ផងដែរ។ ចំពោះគ្រួសារងាយរងហានិភ័យនូវសម្ពាធអតិផរណានៅទូទាំងប្រទេស ដែលបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ នឹងទទួលបានប្រាក់ឧបត្ថម្ភសាច់ប្រាក់ចំនួន៣លើក ដោយលើកទីមួយ នឹងត្រូវបាននៅថ្ងៃទី១០ធ្នូ ឆ្នាំ២០២២។ លើកទីពីរ នៅថ្ងៃទី១០មេសា និងលើកទីបី គឺនៅថ្ងៃទី១០កក្កដា ឆ្នាំ២០២៣។
យោងតាមសាលិខិតដដែលរបស់ម្តេច ហ៊ុន សែន នៅថ្ងៃទី៣ធ្នូ សម្រាប់គ្រួសារងាយរងហានិភ័យនូវសម្ពាធអតិផរណានៅភ្នំពេញ គឺទទួលបានថវិកា ៩៩ ៩០០រៀល, នៅទីប្រជុំជន បានថវិកា ៨៧ ៣០០រៀល និងពលរដ្ឋនៅជនបទ គឺទទួលបានជំនួយ ៨១ ៣០០រៀល ក្នុងមួយគ្រួសារ។ រីឯ សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ គឺទទួលបានថវិកា ២៨ ០០០រៀល សម្រាប់អ្នកនៅភ្នំពេញ, ២៤ ០០០រៀល សម្រាប់អ្នកនៅទីប្រជុំជន និង២០ ០០០រៀល គឺសម្រាប់អ្នករស់នៅជនបទ។
ដើម្បីធានាដល់ការអនុវត្តក្នុងការផ្តល់ពលរដ្ឋដែលងាយរងគ្រោះឱ្យមានប្រសិទ្ធភាព សម្តេច ហ៊ុន សែន បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួល ដល់បងប្អូនប្រជាពលរដ្ឋគោលដៅ ឲ្យទទួលបានប្រាក់ឧបត្ថម្ភទាន់ពេលវេលា។ លើសពីនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ និងផ្តល់ជំនួយដល់គ្រួសារទាំងនោះ៕