កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ព្រឹទ្ធាចារ្យ ហុក ឈាងគីម៖ ហាត់គុនល្បុក្កតោ ភ្ជាប់ជាមួយសមាធិ អាចបង្កើនបញ្ញា និងព្យាបាលជំងឺ
05, Dec 2022 , 8:59 am        
រូបភាព
លោក ហុក ឈាងគីម ព្រឹទ្ធាចារ្យគុនល្បុក្កតោ បានប្រាប់ពីកន្លិះសំខាន់មួយថា ហាត់ក្បាច់គុនបុរាណខ្មែរមួយនេះ បូករួមទាំងសមាធិផង អាចធ្វើឱ្យអ្នកហាត់មានបញ្ញា ​និងព្យាបាលជំងឺបានទៀតផង។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ហុក ឈាងគីម អះអាងថាក្បាច់គុនល្បុក្កតោ មិនត្រឹមតែជាសិល្បៈការពារខ្លួន តែមួយមុខទេ ប៉ុន្ដែក៏ជាផ្នែកមួយធ្វើឲ្យស្មារតីរបស់អ្នកហ្វឹកហាត់ មានភាពរឹងមាំ។ ម្យ៉ាងវិញទៀត ក្បាច់គុនមួយនេះ អាចត្រូវបានគេយកមកព្យាបាលជំងឺមួយចំនួន ដូចជាសន្លាក់ដៃ ជើង ដោយតាមរយៈការចុចជីពចរអ្នកជំងឺជាដើម។ 
  


«ក្បាច់គុន ត្រូវភ្ជាប់ជាមួយការធ្វើសមាធិ។ ខ្ញុំ បានរកឃើញពីរបៀបព្យាបាលជំងឺ ពីព្រោះក្បាច់គុណស្គាល់ក្រលាក់ជីពចរ យើងអាចព្យាបាល ដោយចុចជីពចរ ហើយអាចធ្វើឲ្យអ្នកជំងឺដើរបាន និងកម្រើកបាន។ យើង តាំងសមាធិដើម្បីចម្រើនបញ្ញាញាណ។»។ ព្រឹទ្ធាចារ្យគុនល្បុក្កតោរូប​នេះ បានប្រាប់ដូច្នេះ។
 
ក្នុងពេលជាមួយគ្នានេះ លោក ហុក ឈាងគីម ដែលជាឪពុករបស់ លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា បានសម្ដែងការសប្បាយចិត្ត ចំពោះការដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ចូលក្នុងបញ្ចីបតិកភណ្ឌអរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ គ្រូគុនរូបនេះ ចាត់ទុកថា នេះ គឺជាសមិទ្ធិផល ដែលបានខំប្រឹងប្រែងអស់រយៈពេលជាង ២០ឆ្នាំ ដោយគិតចាប់ពី២០០១ មកទល់ពេលនេះ ព្រោះជាការជួយអភិរក្ខ ដល់ប្រជាជនកម្ពុជាជំនាន់ក្រោយទៀត។
  


ការសម្រេចបានលទ្ធផលដូចថ្ងៃនេះ លោកព្រឹទ្ធាចារ្យ បានបន្ថែមថាត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ដោយក្នុងនោះ បានរាប់បញ្ចូលនូវការស្វែងយល់ពីភាពខុសគ្នា និងដូចគ្នាពីក្បាច់គុន ស្នៀត និងកត្ដាក្បាច់គុនមួយចំនួននៅតាមតំបន់ សហគមន៍ផ្សេងគ្នា។ 
 
លោក ហុក ឈាងគីម បានបន្ថែមដូច្នេះថា៖«យើង បានជួបឧបសគ្គច្រើនណាស់។ តាំងពីដំបូង យើងបានស្វែងយល់ពីក្បាច់គុនល្បុក្កតោនៅគ្រប់សហគមន៍ទាំងអស់។ យើង ត្រូវទៅសហគមន៍នោះ ដោយផ្ទាល់ៗតែម្ដង បើទោះជាការធ្វើដំណើរពិបាកយ៉ាងណាក៏ដោយ ដើម្បីបានជួបគ្រូគុនល្បុក្កតោ នៅតាមតំបន់ទាំងនោះ។»។
 
លោក ហុក ឈាងគីម មិនដែលបោះបង់នូវគោលជំហររបស់ខ្លួន ក្នុងការជួយអភិរក្ខក្បាច់គុនល្បុក្កតោទេ បើទោះកេរ្ដ៍តំណែរនេះ ត្រូវបានមនុស្សមួយចំនួនធំ បានភ្លេច ឬមិនសូវមានអ្នកគាំទ្រក៏ដោយ។ គ្រូតាក្បាច់គុនរូបនេះ បាននិយាយថា៖«ការតស៊ូរបស់យើង គឺគ្មានចិត្តលះបង់ទេ លំបាកយ៉ាងណាក៏ដោយ យើងនៅតែតស៊ូរហូត។»៕
 

Tag:
 ល្បុក្កតោ
  ហុល ឈាងគីម
© រក្សាសិទ្ធិដោយ thmeythmey.com