កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឃីកបុកស៊ីង៖ ស៊ន រ៉ាគីម ប្តេជ្ញាដណ្តើមមេដាយមាសឱ្យបាននៅស៊ីហ្គេម២០២៣
05, Dec 2022 , 10:09 am        
រូបភាព
កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជា ស៊ន រ៉ាគីម ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។
កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជា ស៊ន រ៉ាគីម ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។
ដោយ:
កីឡាករប្រដាល់ឃីកបុកស៊ីង ស៊ន រ៉ាគីម តាំងចិត្ត ប្រឹងប្រែងហ្វឹកហាត់ដើម្បីសម្រេចគោលដៅប្រជែងមេដាយមាសឱ្យបានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្តេជ្ញាយ៉ាងមុតមាំនេះ បន្ទាប់ពីរ៉ាគីមដណ្តើមបានមេដាយមាស១ ពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលបានបញ្ចប់ថ្មីៗនេះ។
 
ជាមួយនឹងការតាំងចិត្តខ្ពស់កីឡាករដែលមានរហស្សនាមថារាហ៊ូប្រាក់ ស៊ន រ៉ាគីម បន្តហ្វឹកហ្វឺនកម្លាំងកាយ បង្កើនការហ្វឹកហាត់សាច់ស្នៀតជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពបន្ថែមក៏ដូចជាការត្រៀមខ្លួនឱ្យបានសមស្របក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។ ការតាំងចិត្តនោះដែរ រ៉ាគីម ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ថារូបគេយល់កាន់តែច្បាស់ពីកីឡាឃីកបុកស៊ីង។
 
«ក្រោយបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣ នេះខ្ញុំទទួលបានមេដាយមាស១ ខ្ញុំគិតថាការប្រកួតកីឡាឃីកបុកស៊ីងនេះធ្វើឱ្យខ្ញុំយល់កានតែច្បាស់ពីលក្ខខន្តិកៈនៃការប្រកួត ហើយក៏ជាកម្លាំងចិត្តសម្រាប់ខ្ញុំ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ នេះជាការបញ្ជាក់របស់ ស៊ន រ៉ាគីម។
 
បន្ថែមពីនេះរាហ៊ូប្រាក់ ស៊ន រ៉ាគីម បញ្ជាក់ថាមេដាយមាសពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺជាកម្លាំងចិត្តដ៏ធំមួយដែរសម្រាប់រូបគេក្នុងការតាំងចិត្តប្រជែងយកមេដាយមាសនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ ស៊ន រ៉ាគីម ជឿជាក់ និងរំពឹងថារូបគេនឹងអាចដណ្តើមបានមេដាយមាស១ នៅឆ្នាំ២០២៣ ខាងមុខ៕
 

Tag:
 កីឡាឃីកបុកស៊ីង
 ស៊ន រ៉ាគីម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com