ភ្នំពេញ៖ សៀវភៅឆាករូបភាពប្រលោមលោក ដែលមានចំណងជើងថា “រាជនីសំឡេងមាស” ត្រូវបាននិពន្ធដោយលោក Gregory Cahill និងរចនារូបភាពដោយអ្នកនាង Kat Baumann គឺជាសៀវភៅរៀបរាប់ពីជីវិតរបស់អ្នកស្រី រស់ សេរីសុទ្ធា ឆ្លងកាត់យុគ្គមាស នៃវិស័យសិល្បៈភាពយន្តនិងចម្រៀង ដែលធ្វើឱ្យវាសនារបស់នាង ខ្ពង់ខ្ពស់ត្រដែតត្រដឹម តាមរយៈទេពកោសល្យដ៏កម្ររបស់នាង។ សៀវភៅនេះ ក៏បាននិយាយពីសម័យ លន់ នល់ និងជីវិតស្នេហាដ៏កម្សត់ខុសគេរបស់តួឯកស្រីផងដែរ។
“រាជនីសំឡេងមាស” បានរៀបរាប់ពីរឿងរ៉ាវជីវិតមួយ ដែលរួមបញ្ចូលទេពកោសល្យដ៏កម្រ សេចក្ដីក្លាហាន ការឈឺចាប់ ភាពជូរចត់ រឿងខកចិត្ត និងការតាំងចិត្ត។ សៀវភៅនេះនឹងនាំអ្នកអាន ទៅកាន់ពិភពយុគមាសនៃតន្ត្រីកម្ពុជា ដោយសារកម្រងចម្រៀងជ្រើសរើស យ៉ាងពិសេសភ្ជាប់អមនឹងសាច់រឿង។

វេទិកាពិភាក្សាពីចំណាប់អារម្មណ៍របស់វាគ្មិន ចំពោះការនិពន្ធសៀវភៅ"រាជនីសំឡេងមាស"។ ពីឆ្វេងអ្នកស្រី រស់ សាបឿន បងស្រីអ្នកស្រី រស់ សេរីសុទ្ធា, អ្នកស្រី ឌី សាវ៉េត តារាសម្ដែងរីកគ្រប់រដូវ, កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីអធិរាជ ស៊ីន ស៊ីសាមុត, លោក ឃុត សុឃឿន អ្នកសម្របសម្រួលកម្មវិធី
អ្នកនាង ហួត សុជាតា ជាស្ថាបនិកគ្រឹះស្ថានអវតា និងជាអ្នកប្រែសម្រួល សៀវភៅឆាករូបភាពប្រលោមលោក The Golden Voice មកជាខេមរភាសា “រាជនីសំឡេងមាស” បានប្រាប់សារព័ត៌មានថ្មីៗថា ដំណើរការនៃការផលិតសៀវភៅនេះ ជាភាសាខ្មែរ បានធ្វើឡើងនៅដើមឆ្នាំ២០២២ ខណៈអ្នកនិពន្ធ Gregory Cahill បានចាប់ផ្ដើមស្រាវជ្រាវ ពីរឿងរ៉ាវរបស់រាជនីសំឡេងមាស រស់ សេរីសុទ្ធា តាំងពីឆ្នាំ២០០៦។
អ្នកនាង ហួត សុជាតា ថា “រាជនីសំឡេងមាស” ពុំមែនជាសៀវភៅឆាករូបភាពធម្មតានោះឡើយ ប៉ុន្តែជាសៀវភៅឆាករូបភាពប្រលោមលោក ដោយយកតាមលំនាំជីវិតពិតរបស់អ្នកស្រី រស់ សេរីសុទ្ធា។ អ្នកស្រីបន្ថែមទៀតថា ទាំងខ្លឹមសារ រូបភាព និងភាសាក្នុងការនិយាយ ត្រូវបានស្រាវជ្រាវយ៉ាងសុក្រិត ដើម្បីឱ្យត្រឹមត្រូវ ទៅតាមការប្រើភាសា(និយាយ)កាលជំនាន់នោះ រួមទាំងឱ្យស្របទៅតាមបែបផែនប្រវត្តិសាស្ត្រផងដែរ។
អ្វីដែលជាភាពពិសេស គួរឱ្យកត់សម្ភាលក្នុងសៀវភៅនេះ គឺពេលបានអានសៀវភៅនេះ អ្នកអាននឹងទទួលអារម្មណ៍ថា ខ្លួនដូចបានមើលកុនមួយរឿងដូច្នោះដែរ។ ដូចបានមើលកុន ព្រោះក្នុងសៀវភៅនោះ មានកម្រងបទចម្រៀងចំនួន៤៧បទ ដែលអាចអានអត្ថបទបណ្ដើរ និងស្ដាប់បទចម្រៀងបណ្ដើរ ដើម្បីបានដឹងពីបរិបទនៃសាច់រឿង។ លក្ខណៈពិសេសមួយទៀត សៀវភៅនេះមានបន្ថែមរឿងប្រវត្តិសាស្ត្រមួយចំនួន ក្នុងឆ្នាំ១៩៧០ គឺក្នុងសម័យ លន់ នន់ ដែលមានការគាំទ្រពីទាហានអាមេរិក។

អ្នកនាង ហួត សុជាតា អ្នកប្រែសម្រួលសៀវភៅ"រាជនីសំឡេងមាស" និងជាស្ថាបនឹកគ្រឹះស្ថានបោះពុម្ពអវតា
អ្នកបកប្រែដែលមានវ័យ៤០ឆ្នាំ សុជាតា បានសង្កត់ធ្ងន់ថា សៀវភៅនេះអាចនឹងក្លាយជាប្រធានបទមួយ ត្រូវបានគេយកទៅបញ្ចេញមតិច្រើន ដោយថារឿងរបស់អ្នកស្រី រស់ សេរីសុទ្ធា មិនដូចនៅក្នុងសៀវភៅនេះទេ។ អ្នកនាងពន្យល់ថា រឿងរបស់កំពូលសំឡេងផ្នែកនារីនៃកម្ពុជា រស់ សេរីសុទ្ធា មិនមានឯកសារបន្សល់ទុកច្រើនឡើយ ដោយមានតែឯកសារលោតឆត្រយោងមួយប៉ុណ្ណោះ ហើយមនុស្សច្រើននាក់ បាននិយាយខុសៗគ្នា ពីតារាចម្រៀងល្បីឈ្មោះរូបនេះ។ ដើម្បីធ្វើឱ្យមានការទទួលយកបាន ក្នុងចំណោមមហាជនភាគច្រើន អ្នកនិពន្ធបានជ្រើសរើសយក ប្រវត្តិជីវិត របស់តួឯកស្រី ទៅតាមសម្ដីរបស់គ្រួសាររបស់អ្នកស្រី រស់ សេរីសុទ្ធា ផ្ទាល់តែម្ដង។
អ្នកប្រែសម្រួលរូបនេះបញ្ជាក់បន្ថែមដូច្នេះ៖«ជីវិតរបស់អ្នកស្រី រស់ សេរីសុទ្ធា ខុសពីអ្នកផ្សេង គឺមិនមានឯកសារអ្វីទាំងអស់ ក្រៅពីឯកសារលោតឆត្រយោង។ ក្រៅពីនោះគឺតាមរយៈមាត់មនុស្សទាំងអស់។ ព័ត៌មានទាំងនោះ មិនអាចយកជាការបានមួយរយភាគរយ ដើម្បីយកទៅផ្ទៀងផ្ទាត់បានឡើយ។ អ្នកនិពន្ធមានតែសម្រេចចិត្តជ្រើសរើសយកផ្លូវមួយដើរ ដើម្បីអភិវឌ្ឍន៍សាច់រឿង។ ដូច្នេះយើងយកតាមអ្វីដែលគ្រួសារអ្នកស្រី រស់ សេរីសុទ្ធា និយាយ»។
ទោះជាយ៉ាងណាក៏ដោយ សៀវភៅប្រលោមលោកប្រវត្តិ រាជនីសំឡេងមាស ដែលល្បីថាជាអ្នកចម្រៀងមានចរិយាសុភាពរាបសា តែជួបតែជីវិតកម្សត់ជូរចត់ឥតល្ហែ បានតាក់តែងឡើងដោយភ្ជាប់នឹងរឿងប្រឌិតខ្លះដែរ។ ប្រឌិតខ្លះក៏ព្រោះអ្នកនិពន្ធ ចង់ឱ្យសាច់រឿងទាំងមូល កាន់តែមានភាពទាក់ទាញ ដែលនាំឱ្យអ្នកមើល មានអារម្មណ៍រំភើប រីករាយ ក៏ដូចជាបានស្គាល់អ្នកចម្រៀងសំឡេងឯកនៃកម្ពុជាកាន់តែខ្លាំង។ អ្នកអាននឹងបានដឹងថា ចំណុចណាជារឿងពិតរបស់ អ្នកស្រី រស់ សេរីសុទ្ធា និងចំណុចណាខ្លះជាផ្នែកប្រឌិត នៅទំព័រចុងក្រោយនៃសៀវភៅ។

រូបថតអនុស្សាវរីយ៍ នៅថ្ងៃសម្ភោធសៀវភៅ"រាជនីសំឡេងមាស"
ស្ថាបនិកគ្រឹះស្ថានបោះពុម្ពអវតារ ពន្យល់ថាការផលិតសៀវភៅឆាករូបភាព ប្រៀបដូចជាការផលិតកុនដូច្នោះដែរ ដោយអ្នកនិព្ធត្រូវចាប់ឈុត ប្លង់ និងរៀបសេណារីយោជាដើម ដើម្បីឱ្យអ្នកអាន និងអ្នកមើលយល់ពីសាច់រឿង។ អ្នកនាងបន្ថែមថា ជួនកាលរូបភាពអាចប្រាប់សាច់រឿង ដោយមិនចាំបាច់សរសេរ ហើយនេះជាលក្ខណៈពិសេសរបស់សៀវភៅប្រភេទនេះ។
អ្នកនាង ហួត សុជាតា ថាអវតារលើកទឹកចិត្តកូនខ្មែរ ធ្វើសៀវភៅឆាករូបភាពឱ្យបានច្រើន ព្រោះកម្ពុជាកំពុងខ្វះអ្នកនិពន្ធសៀវភៅប្រភេទនេះ។ អ្នកនាងក៏សង្ឃឹមថាសៀវភៅ “រាជនីសំឡេងមាស” នឹងជួយជំរុញដល់អ្នកនិពន្ធ ក៏ដូចជាវិចិត្រករកម្ពុជា ធ្វើសៀវភៅបែបនេះដែរ។
«ការបង្កើតសៀវភៅរូបភាព ត្រូវនឹងអ្វីដែល អាវតា ចង់ធ្វើតាំងពីដើម ដូច្នេះយើងចរណាដើម្បីទិញកម្មសិទ្ធិបញ្ញា យកមកបោះពុម្ព។ នៅពេលដែលនិយាយដល់សៀវភៅឆាករូបភាព គេច្រើនគិតដល់រឿងតុក្កតា ប៉ុន្តែសៀវភៅឆាករូបភាព អាចជាសៀវភៅប្រវត្តិសាស្ត្រ ប្រលោមលោក អាចជាសៀវភៅដែលនិយាយពីជីវិតរបស់អ្នកណាម្នាក់។ នៅកម្ពុជា សៀវភៅឆាករូបភាពមានតិចមែនទែន ពិសេសកូនខ្មែរជាអ្នកធ្វើ។ ដូច្នោះហើយបានជាយើងមានបំណង នាំចូលរបៀបផលិត និងរបៀបបង្កើតសៀវភៅមួយបែបនេះ មកកម្ពុជា»។ នេះជាការអះអាងរបស់អ្នកនាង ហួត សុជាតា។
យ៉ាណាមិញ ដើម្បីរៀបរាប់រឿងមួយ ឱ្យអ្នកអានទាក់ចិត្តបាន និងចង់មើលបន្ត ដោយមិនចាំបាច់ប្រើអក្សរច្រើន គ្រាន់តែមានពាក្យសន្ទនាបន្តិចបន្តួច ពុំមែនជាការងាយស្រួលឡើយ គឺទាមទារឱ្យអ្នកនិពន្ធមានការព្យាយាមខ្ពស់ និងមានជំនាញផងដែរ។

ផ្នែកមួយនៃសាច់រឿង គ្រាដែលកញ្ញា រស់ សេរីសុទ្ធា សុំខ្លួនទៅច្រៀងក្នុងព្រះរាជពិធី ចម្រើនព្រះជន្មអ្នកម្នាង ម៉ូនិក
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្មវិធីសម្ភោធសៀវភៅ “រាជនីសំឡេងមាស” “ The Golden Voice” ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ផាណា ដោយទទួលបានអ្នកចូលរួមជាង៣០០នាក់ ដែលមានទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ចំនួននេះច្រើនលើសពីការរំពឹងទុករបស់អ្នករៀបចំឆ្ងាយ។ អ្នកនាង ហួត សុជាតា ថានេះគឺជាជោគជ័យដែលមិនអាចនឹកស្មានបាន។
នៅក្នុងកម្មវិធីដែលចាប់ផ្ដើមពីម៉ោងជាង៦ល្ងាច រហូតដល់ម៉ោងជាង៨យប់នេះ គេឃើញមានវត្តមាន អ្នកស្រី រស់ សាបៀន ត្រូវជាបងស្រីរបស់ តួឯកក្នុងកម្មវិធី គឺរាជនីសំឡេងមាស រស់ សេរីសុទ្ធា។ អ្នកស្រី ឌី សាវ៉េត តារាសម្ដែងរីកគ្រប់រដូវ។ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ អ្នកស្រី តាត គឹមលន ភរិយារបស់កវី គង្គ ប៊ុនឈឿន ដែលជាកវីនិពន្ធដ៏ល្បីល្បាញរបស់កម្ពុជា។ លោក កែវ ស៊ីណន ជាអតីតតន្ត្រីករសម័យសង្គមរាស្ត្រនិយម ក៏ជាអ្នករក្សាឌីស និងថាសចម្រៀងសម័យយុគមាសយ៉ាងសកម្មផងដែរ។ រួមទាំងមានអ្នកនិពន្ធជើងចាស់ ក៏ដូចជាសិល្បករជាច្រើនរូបទៀតចូលរួមផងដែរ៕

