ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម កំពុងជំរុញការនាំចេញ`«ទឹកត្រីកម្ពុជា»ទៅកាន់ទីផ្សារប្រទេសកូរ៉េ
05, Dec 2022 , 2:25 pm        
រូបភាព
 លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលអំណោយពីលោក ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង នាអំឡុងពេលដំណើរទស្សនកិច្ចក្រុមហ៊ុននេះ​ នាថ្ងៃទី៣ធ្នូ ឆ្នាំ២០២២
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលអំណោយពីលោក ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង នាអំឡុងពេលដំណើរទស្សនកិច្ចក្រុមហ៊ុននេះ​ នាថ្ងៃទី៣ធ្នូ ឆ្នាំ២០២២
ក្រសួងពាណិជ្ជកម្មកំពុងសិក្សាអំពីខ្សែច្រវាក់ផលិតកម្មទឹកត្រី នៅសហគ្រាសមួយកន្លែង​ ក្នុងខេត្តកំពត ដើម្បីជំរុញការនាំចេញទៅសាធារណរដ្ឋកូរ៉េ។ គោលដៅនាំចេញផលិតផលនេះ ធ្វើឡើងក្រោយកិច្ចព្រមពៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េ(CK-FTA) បានចូលជាធរមាននៅថ្ងៃទី១ធ្នូ។​
 
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ បានចុះទស្សនកិច្ចស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មសហគ្រាសទឹកត្រីង៉ូវហេង កំពត និងផ្សារអ៊ីឆេ ង៉ូវហេង នៅក្រុងកំពត ដើម្បីជំរុញការនាំចេញទឹកត្រីទៅកាន់ទីផ្សារនៃប្រទេសកូរ៉េ។ ដំណើរទស្សនកិច្ចនាថ្ងៃទី៣ធ្នូ ឆ្នាំ២០២២ បានធ្វើឱ្យគណៈប្រតិភូទាំងអស់យល់កាន់តែច្បាស់អំពីខ្សែច្រវាក់ផលិតកម្ម, ផលិតផលទំនិញនិងដំណើរការផ្សារ ព្រមទាំងសក្ដានុពលផ្សេងៗទៀតរបស់សហគ្រាសង៉ូវហេង ។
 


នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់គណៈប្រតិភូកូរ៉េ ឱ្យប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា រួមមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ។ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែកើនឡើងខ្ពស់។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់ក្រុមហ៊ុនទឹកត្រីង៉ូវហេង ឱ្យសិក្សាស្វែងយល់ និងទាញយកបច្ចេកទេស បទពិសោធន៍ថ្មីៗបន្ថែមទៀត ពីខាងភាគីកូរ៉េ ដើម្បីបង្កើនគុណភាព ផលិតភាព និងស្ដង់ដារផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។
 
ជុំវិញនៃការលើកឡើងរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្មខាងលើនេះ​ លោក Jang Gyu-Hwa អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association – KOIMA) បានបង្ហាញពីគោលបំណងរបស់គណៈប្រតិភូ KOIMA ក្នុងការនាំយកនូវផលិតផលទឹកត្រី ង៉ូវហេង ទៅកាន់ទីផ្សារប្រទេសកូរ៉េ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើជាវត្ថុធាតុដើមក្នុងការផលិតគីមឈី។ លោកបន្តនិយាយដូច្នេះ៖« សមាគមអ្នកនាំចូលកូរ៉េ នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជំរុញកិច្ចការនេះឱ្យបានឆាប់បំផុត»។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។​
 


បើតាមលោក ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង សិប្បកម្មទឹកត្រីនេះគឺបានដំណើរការអស់រយៈពេល២៧ឆ្នាំមកហើយ។ ពោលគឺចាប់ផ្តើមតាំងពីឆ្នាំ១៩៩៥មក ដែលក្រុមហ៊ុនបានវិវត្តខ្លួនពីមួយឆ្នាំទៅមួយឆ្នាំរហូតទទួលបានស្តង់ដារជាតិមុនគេក្នុងខេត្តកំពតនាឆ្នាំ២០០៣។ លើសពីនេះ ក្រុមហ៊ុនទឹកត្រីង៉ូវហេងក៏បានទទួលគម្រោងអភិវឌ្ឍន៍TDF ក្នុងឆ្នាំ២០០៩, ​ទទួលបានមេដាយក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងបានបង្កើតផ្សារង៉ូវហេងកំពតក្នុងឆ្នាំ២០១៧, ទទួលបានពានចំនួន៥ពីក្រសួងរ៉ែនិងថាមពល និងទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ HCCAP នៅឆ្នាំ២០១៨។ នាពេលថ្មីៗក្រុមហ៊ុន ក៏ទទួលបានស្តង់ដារហាឡាលកម្ពុជា ពីអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ផងដែរ។
 
លោក ចាន់ ស៊ីថា បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យទឹកត្រីរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេងល្បីឈ្មោះបានដូចសព្វថ្ងៃ គឺដោយសារការប្រើត្រីកាកើមដែលមានគុណភាព ប្រើអំបិលកំពតដែលមានគុណភាព និងការបន្ទុំបែបប្រពៃណី។ «ដើម្បីក្លាយជាក្រុមហ៊ុនកែច្នៃផលិតផលម្ហូបអាហារឈានមុខគេនៅកម្ពុជា មានបេសកកម្មក្នុងការផលិតតាមប្រពៃណីបែបទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនមានបំណងបង្កើតផលិតផល Premium ថ្មី និងផលិតផលថ្មីសម្រាប់សុខភាព។ ជាពិសេសពង្រឹង និងពង្រីកបន្ថែមទៀតនូវសមត្ថភាពផលិតដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ផងដែរ»។ នេះជាការអះអាងបន្ថែមរបស់លោក ចាន់ ស៊ីថា។ 
 
សូមជម្រាបជូនថា ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេង មានទឹកត្រីង៉ូវហេងកំពត ទឹកស៊ីអ៊ីវសៀងពិសេស, ទឹកម្ទេស ទឹកប្រេងខ្យង និងទឹកសៀងពិសេស។ ផលិតផលទាំងនេះបានដាក់លក់នៅតាមផ្សារទំនើបអ៊ីអន ផ្សារទំនើបឡាក់គី ផ្សារទំនើបជីបម៉ុង ផ្សារទំនើបបាយ័ន ផ្សារម៉ាក្រូ និងផ្សារទំនើបដទៃទៀត៕
 

Tag:
 ពាណិជ្ជកម្ម
 ​ ទឹកត្រី
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com