ជាតិ
អភិបាលខេត្តកោះកុង ប្រកាសបិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាព ពាមក្រសោប
05, Dec 2022 , 8:59 pm        
រូបភាព
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ប្រកាសឱ្យបិទការនេសាទត្រីកាម៉ុង នៅក្នុងតំបន់ដែនជម្រកសុវត្ថិភាព ពាមក្រសោប ចាប់ពីថ្ងៃទី១ ធ្នូ ២០២២ ដល់ថ្ងៃទី៣១ មីនា ២០២៣។


«ប្រជានេសាទទាំងអស់ នឹងបន្តធ្វើនេសាទជាធម្មតាឡើងវិញ នៅពេលផុតរយៈពេលនៃការបិទការនេសាទនេះ»។ នេះបើតាមលិខិតរបស់អភិបាលខេត្តកោះកុង ដែលប្រាប់ឱ្យប្រជានេសាទទាំងអស់ បញ្ឈប់សកម្មភាពតាមសេចក្តីជូនដំណឹងជាកំហិត។
 
បើតាមអភិបាលខេត្តកោះកុង ការបិទនេសាទបណ្ដោះអាសន្ននេះ ដើម្បីគ្រប់គ្រងផលស្ដុកត្រីកាម៉ុង ឱ្យមាននិរន្តរភាពស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រកសុវត្ថិភាពត្រីកាម៉ុង ឱ្យមានភាពប្រសើរ។ ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ការពារអភិរក្ស និងប្រើប្រាស់ត្រីកាម៉ុងប្រកបដោយនិរន្តរភាព ។
 
«ក្នុងករណីប្រជានេសាទ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន»។ នេះបើតាមលិខិតរបស់លោកស្រី មិថុនា ភូថង។
ដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប មានផ្ទៃដី ១២៨៣ហិកតា ស្ថិតនៅភូមិសាស្រ្តឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង។ ដែនជម្រកនេះ ត្រូវបានបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំ ២០១៩។
 
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២១ កម្ពុជាទទួលបានផលិតផលជលផលសមុទ្រជាង១២ម៉ឺនតោន កើនឡើង២៣០០តោន ធៀបនឹងឆ្នាំ២០២០៕ 
 

Tag:
 ត្រីកាម៉ុង
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com