អន្តរជាតិ
អ៊ុយក្រែន និងរដ្ឋបាល់ទិករិះគន់បារាំងដែលស្នើអឺរ៉ុបធានាសន្តិសុខឱ្យរុស្ស៊ី
05, Dec 2022 , 4:39 pm        
រូបភាព
អ៊ុយក្រែន និងរដ្ឋបាល់ទិកមួយចំនួននៅថ្ងៃទី៤ ខែធ្នូ មិនពេញចិត្តនឹងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលស្នើឱ្យលោកខាងលិចគិតគូរពីសន្តិសុខដល់រុស្ស៊ី ខណៈប្រទេសមួយនេះបន្តវាយប្រហារអ៊ុយក្រែនចូលដល់ខែទី១០ ទៅហើយ។
 
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍បារាំង TF1 ដែលចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បញ្ជាក់ថា អឺរ៉ុបត្រូវតែគិតគូរពីនិម្មាបនកម្មសន្តិសុខអនាគតរបស់ខ្លួន ហើយក៏ត្រូវផ្តល់ការធានាផ្នែកសន្តិសុខសម្រាប់រុស្ស៊ីនៅពេលប្រទេសនេះព្រមចូលតុចរចាផងដែរ។
 
ទាក់ទងរឿងនេះ អ៊ុយក្រែន និងបណ្តារដ្ឋបាល់ទិកប្រតិកម្មទៅវិញដោយមិនពេញចិត្តឡើយ។ បើតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak មានតែពិភពលោកទេដែលត្រូវការធានាសន្តិសុខពីរុស្ស៊ី។
 
«ពិភពលោកដែលពោរពេញដោយការអភិវឌ្ឍ និងសណ្តាប់ធ្នាប់ត្រូវការការធានាសន្តិសុខពីបំណងដ៏ព្រៃផ្សៃរបស់រុស្ស៊ីក្រោយរបបពូទីន»។ លោក Podolyak បង្ហោះសារបែបនេះលើបណ្តាញសង្គម Twitter។ 
 
រីឯ លោក Oleksiy Danilov អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែនសរសេរលើ Twitter ដោយលើកឡើងជាសំណួរថា មានអ្នកចង់ផ្តល់ការធានាផ្នែកសន្តិសុខដល់រដ្ឋភេរវករ? ជាជាងកាត់ទោស បែរជាទៅចុះកិច្ចព្រមព្រៀង ហើយចាប់ដៃជាមួយរុស្ស៊ី? បើតាមលោក Danilov ការធានាផ្នែកសន្តិសុខដ៏ល្អបំផុតដែលមិនត្រឹមតែសម្រាប់អ៊ុយក្រែនទេ តែពិភពលោកទាំងមូលនោះគួរជារុស្ស៊ីដែលគ្មាននុយក្លេអ៊ែរ និងយោធា។
 
បន្ថែមពីលើនេះ រដ្ឋបាល់ទិកមួយចំនួនដែលមានព្រំដែនជាប់រុស្ស៊ីក៏រិះគន់នឹងសំណើរបស់លោក ម៉ាក្រុង ដែរ។ តាមសារលើបណ្តាញសង្គម Twitter របស់អតីតនាយករដ្ឋមន្រ្តីហ្វាំងឡង់ Alexander Stubb ការធានាផ្នែកសន្តិសុខតែមួយគត់ដែលលោកខាងលិចគួរតែផ្តោតសំខាន់នៅពេលនេះគឺមិនទាក់ទងរុស្ស៊ីនោះទេ។ រុស្ស៊ីត្រូវតែធានាមុនថាមិនវាយប្រហារអ្នកដទៃ។ 
 
ចំណែក អតីតរដ្ឋមន្រ្តីការបរទេសលីទុយអានី Linas Linkevicus ជំរុញឱ្យអ្នកដែលចង់បង្កើតនិម្មាបនកម្មសន្តិសុខថ្មីដែលអនុញ្ញាឱ្យរដ្ឋភេរវករបន្តវិធីគំរាមកំហែងគិតម្តងទៀត។ បើតាមសារលើ Twitter លោក Linkevicus បញ្ជាក់ថា រុស្ស៊ីមានការធានាផ្នែកសន្តិសុខ លុះត្រាតែមិនវាយប្រហារ កាត់ទឹកដី ឬគ្រប់គ្រងប្រទេសជិតខាងខ្លួន។
 
សូមបញ្ជាក់ថា កិច្ចចរចាជាច្រើនដងរវាងក្រុងកៀវ និងក្រុងមូស្គូតាំងពីសង្រ្គាមចាប់ផ្តើមមិនមានលទ្ធផលឡើយ ខណៈសង្រ្គាមអូសបន្លាយចូលខែទី១០ហើយ។ កន្លងមក ក្រុងកៀវអះអាងថា កិច្ចចរចាស្វែងរកសន្តិភាពអាចទៅរួច ប្រសិនបើរុស្ស៊ីបញ្ឈប់ការវាយប្រហារ ហើយដកទ័ពចេញពីទឹកដីដែលដណ្តើមបានពីអ៊ុយក្រែន។ ប៉ុន្តែ បើតាមវិមានក្រេមឡាំង លោកខាងលិចត្រូវតែទទួលស្គាល់ទឹកដីដែលប្រកាសដាក់ចូលជារបស់រុស្ស៊ីកាលពីខែកញ្ញាសិន មុនមានការចរចាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន៕
 
 
 

Tag:
 បារាំង
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com