ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយចូលបក្សកាន់អំណាច លោក ដាំ សិទ្ធិ បានតំណែងជាទីប្រឹក្សារដ្ឋាភិបាល ឯលោក ខាត់ សុធី បានឡើងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម
05, Dec 2022 , 5:39 pm        
រូបភាព
រូបលោក ខាត់ សុធី (ឆ្វេងដៃ) ពីទំព័រហ្វេសប៊ុករបស់លោក, រូបលោក ដាំ សិទ្ធិ ពីគេហទំព័ររបស់រដ្ឋសភា
រូបលោក ខាត់ សុធី (ឆ្វេងដៃ) ពីទំព័រហ្វេសប៊ុករបស់លោក, រូបលោក ដាំ សិទ្ធិ ពីគេហទំព័ររបស់រដ្ឋសភា
លោក ដាំ សិទ្ធិ អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ខាត់ សុធី ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរាជធានីភ្នំពេញ ទទួលបានតំណែងខ្ពស់ក្នុងជួររដ្ឋាភិបាលភ្លាមៗ ក្រោយសរសេរលិខិតទៅសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។


តាមការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជក្រឹត្យ២ដាច់ដោយឡែកពីគ្នា ក្នុងថ្ងៃតែមួយ គឺថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការផ្តល់ឋានៈដល់លោក ដាំ សិទ្ធិ និងលោក ខាត់ សុធី។ យោងតាមព្រះរាជក្រឹត្យ លោក ដាំ សិទ្ធិ ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល មានឋានៈស្មើរដ្ឋលេខាធិការ ហើយលោក ខាត់ សុធី ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចេញក្រោយ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដាំ សិទ្ធិ និងលោក ខាត់ សុធី សរសេរលិខិតជូនទៅសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចមួយនេះ។ លោកទាំង២ សរសេរលិខិតជូនទៅសម្តេច ហ៊ុន សែន ចំថ្ងៃតែមួយ គឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ 
 
តាមរយៈលិខិត លោក ដាំ សិទ្ធិ ជម្រាបពីមូលហេតុនៃការសុំចុះចូលរបស់លោកទៅកាន់សម្តេច ហ៊ុន សែន ថា ដោយសារសម្តេច មានគោលនយោបាយល្អ និងត្រឹមត្រូវ។ ចំណែក លោក ខាត់ សុធី សរសើរសម្តេចក្នុងលិខិតរបស់ខ្លួនថា ក្រោមការដឹកនាំរបស់សម្តេច លទ្ធិប្រជាធិបតេយ្យ កំពុងតែរស់រវើក ហើយប្រជាពលរដ្ឋខ្មែរ រស់នៅក្រោមដំបូលសន្តិភាព។     
 
មុនលោក ខាត់ សុធី គឺលោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ និងលោកអនុបណ្ឌិតកសិកម្ម ឡឹក សុធារ ដែលបានសរសេរលិខិតទៅសម្តេច ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក យ៉ង សាំងកុមារ ទទួលបានតំណែង២ គឺ រដ្ឋលេខាធិការក្រសួងកសិកម្មផង និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីផង។ ឯលោក ឡឹក សុធារ ទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម។ កាលនៅក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ជាប្រធានគណៈកម្មាធិការនាយក ហើយលោក ឡឹក សុធារ ជាអគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្ស៕  
 

Tag:
 ដាំ សិទ្ធិ
  ខាត់ សុធី
© រក្សាសិទ្ធិដោយ thmeythmey.com