ជាតិ
អន្តរជាតិ
លោកអាន់វ៉ា៖ រដ្ឋមន្រ្តីម៉ាឡេស៊ីសម្រេចទទួលយកការកាត់បន្ថយប្រាក់ខែ ២០ភាគរយ
05, Dec 2022 , 9:08 pm        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AFP
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AFP
រដ្ឋមន្រ្តីម៉ាឡេស៊ី បានសម្រេចទទួលយកការកាត់បន្ថយប្រាក់ខែ ២០ភាគរយ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់បែបនេះ នៅថ្ងៃទី៥ ខែធ្នូ។ ការកាត់បន្ថយប្រាក់ខែរដ្ឋមន្រ្តី ធ្វើឡើងស្របពេលសេដ្ឋកិច្ចម៉ាឡេស៊ី កំពុងជួបបញ្ហាជាច្រើន។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យាជាច្រើនដូចជាមិនយកប្រាក់ខែ កាត់បន្ថយចំនួនរដ្ឋមន្រ្តី រួមទាំងកាត់បន្ថយប្រាក់ខែរដ្ឋមន្រ្តីជាដើម។ ដូចនឹងការសន្យា លោកអាន់វ៉ា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសមិនយកប្រាក់ខែ រួមទាំងកាត់បន្ថយចំនួនរដ្ឋមន្រ្តីជាដើម។ 

ចុងក្រោយ លោក អាន់វ៉ា ប្រកាសថា រដ្ឋមន្រ្តីម៉ាឡេស៊ី បានសម្រេចទទួលយកការកាត់បន្ថយប្រាក់ខែ ២០ភាគរយថែមទៀត។ ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៥ ខែធ្នូ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា រដ្ឋមន្រ្តីបានសម្រេចទទួលយកការកាត់បន្ថយប្រាក់ខែ ដើម្បីដោះស្រាយបញ្ហា ដែលប្រឈមដោយសាធារណៈ។ 

យ៉ាងណាមិញ កាតគិតគូរលើការទទួលយកប្រាក់ខែពេញលេញ នឹងធ្វើឡើងនៅពេលសេដ្ឋកិច្ចម៉ាឡេស៊ី មានភាពល្អប្រសើរឡើងវិញ។ 

«វាមានរយៈពេល ដល់សេដ្ឋកិច្ចត្រូវបានស្តារឡើងវិញ។ បើសេដ្ឋកិច្ចងើបឡើងក្នុងរយៈពេល ៣ឆ្នាំ យើងនឹងពិនិត្យរឿងនេះ»។ លោកអាន់វ៉ា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការកាត់បន្ថយប្រាក់ខែមិនជារឿងល្អឡើយ ប៉ុន្តែនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអរគុណដល់រដ្ឋមន្រ្តីទាំងអស់ ដែលមានឆន្ទៈក្នុងការលះបង់ទាំងនោះ។ 

ក្នុងសន្និសីទសារព័ត៌មានដដែល មេដឹកនាំម៉ាឡេស៊ី ក៏បានបកស្រាយជុំវិញការមិនទទួលប្រាក់ខែរបស់លោកផងដែរ។ ត្រង់ចំណុចនេះ លោកអាន់វ៉ា បានបញ្ជាក់ថា មនុស្សមួយចំនួន បានចោទថាលោកមិនទទួលយកប្រាក់ខែនាយករដ្ឋមន្រ្តី ប៉ុន្តែនៅតែយកពីតំណែងពីរដ្ឋមន្រ្តីហិរញ្ញវត្ថុដដែល។ បើតាមលោកអាន់វ៉ា តាមពិត ប្រាក់ខែនោះ គឺតែមួយទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com